ចង់ដឹងថាអ្នកទទួលទានដំណេកគ្រប់គ្រាន់ឬអត់ ឆ្លើយសំនួរ២នេះ!
នៅពេលងងុយគេងខ្លាំង អ្នកប្រហែលជាចូលចិត្តយកកាហ្វេមកទទួលទាន ឬគេងមួយស្របក់ក៏ត្រឡប់មកធ្វើអ្វីផ្សេងវិញ។ អ្នកអាចចាត់ទុកថា ទម្លាប់នេះជារឿងធម្មតា។ ប៉ុន្តែបើឈរលើគោលការណ៍សុខភាពនេះឆ្លុះបញ្ចាំងថា ការទទួលទានដំណេករបស់អ្នកមិនមានគុណភាពត្រឹមត្រូវតាមក្បួនខ្នាតនោះទេ។ អ្នកជឿជាក់លើទម្លាប់របស់អ្នក ប៉ុន្តែអ្នកមិនដែលសាកល្បងពិនិត្យមើលថា ទម្លាប់របស់អ្នកបានជះឥទ្ធិពលដល់ការទទួលទានដំណេករបស់អ្នកឬអត់។
ឥឡូវនេះដល់ពេលដែលអ្នកគួរឆ្លើយសំនួរ ២នេះ ដើម្បីបញ្ជាក់ថា អ្នកទទួលទានដំណេកគ្រប់គ្រាន់ដែរឬអត់។
១.មានអារម្មណ៍ងងុយគេងដែរឬទេនៅចន្លោះម៉ោង ១០ ឬម៉ោង ១១ព្រឹក?
ក្រោយពីក្រោកពីដំណេកនៅពេលព្រឹករួចហើយ តើអ្នកមានអារម្មណ៍ថា ងងុយគេងខ្លាំងនៅចន្លោះ ម៉ោង ១០ ឬម៉ោង ដែរឬទេ? បើចម្លើយរបស់អ្នកថា ពិតជាមានអារម្មណ៍អញ្ចឹងមែននោះ នោះមិនមែនជាអារម្មណ៍ធម្មតាឡើយ។ វាបញ្ជាក់ប្រាប់ថា ការទទួលទានដំណេករបស់អ្នកកាលពីយប់មិញ មិនបានស្កប់ស្កល់ទេ។
ជាគោលការណ៍ ការស្រាវជ្រាវបានបង្ហាញថា មនុស្សទូទៅគួរទទួលទានដំណេកឲ្យបានពី ៨ ទៅ ៩ម៉ោងក្នុងមួយថ្ងៃ។ ផ្ទុយទៅវិញ ការទទួលទានដំណេកមិនគ្រប់គ្រាន់ធ្វើឲ្យសុខភាពរាងកាយរបស់អ្នកទ្រុឌទ្រោម មិនរហ័សរហួន និងប៉ះពាល់ដល់បញ្ញាស្មារតីរបស់អ្នកជាពិសេសសមត្ថភាពចងចាំរបស់អ្នកតែម្តង។
២.តើអ្នកអាចធ្វើការ និងមិនងងុយគេងដោយគ្មានវត្តមានកាហ្វេបានទេ?
ក្រៅពីសុខភាព កាហ្វេមានប្រយោជន៍ច្រើនយ៉ាងជាពិសេសកាត់បន្ថយការងងុយគេង។ យ៉ាងណាក៏ដោយ អ្នកដែលចូលចិត្តទទួលទានកាហ្វេមិនមែនមានន័យថា អ្នកទាំងនោះសុទ្ធតែអ្នកងងុយគេងនោះទេ។ ក៏ប៉ុន្តែហេតុផលមួយដែលអ្នកយល់ថា អ្នកចាំបាច់ទទួលទានកាហ្វេដោយសារវាកាត់បន្ថយភាពងងុយគេងរបស់អ្នក នោះជាសញ្ញាណបញ្ជាក់ថា អ្នកទទួលទានដំណេកមិនគ្រប់គ្រាន់ឡើយ។
ធ្វើដូចម្តេចដើម្បីបង្កើនគុណភាពដល់ការទទួលទានដំណេករបស់អ្នក?
ខាងក្រោមនេះ ជាគន្លឹះ៣យ៉ាងជួយឲ្យអ្នកទទួលទានដំណេកបានគ្រប់គ្រាន់៖
-ក្រោកពីដំណេកភ្លាមកុំនៅសង្ងំនៅពេលដែលអ្នកមានអារម្មណ៍គេងមិនលក់ ហើយធ្វើសកម្មភាពផ្សេងៗមកជំនួសវិញដែលធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេង ដូចជា អានសៀវភៅជាដើម
-សូមកំណត់ពេលឲ្យបានទៀងទាត់ថា ពេលណាចូលគេង ពេលណាត្រូវក្រោកពីគេង
-ទុកទូរស័ព្ទ និងឧបករណ៍ចល័តផ្សេងៗទៀតឲ្យឆ្ងាយពីដៃ ឬបន្ទប់គេងរបស់អ្នក៕
តោះសាកល្បងអនុវត្តទាំងអស់គ្នា!
ប្រភព៖ Inc