ក្រោយផ្ទុះជំងឺថ្មីដែលមានអ្នកស្លាប់កើនដល់៩នាក់ សេដ្ឋកិច្ចចិនហាក់ប្រឈមនឹងបញ្ហាជាថ្មី
ជំងឺរលាកសួតថ្មីដែលបង្កដោយវីរុសកូរ៉ូណា (nCoV2019) នៅទីក្រុងហ្វូហាន បច្ចុប្បន្នបានបង្កឲ្យមានចំនួនអ្នកជំងឺកើនប្រមាណ៤៤០នាក់ ខណៈអ្នកស្លាប់កើនឡើងដល់៩នាក់។ វីរុសថ្មីនេះបានរាតត្បាតរហូតដល់ទីក្រុងចំនួន២០របស់ប្រទេសចិន និងកំពុងតែបង្កភាពអវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ចចិន នេះបើតាមការលើកឡើងរបស់ប្រធានសេដ្ឋវិទូនៃ Orient Securities នៅសៀងហៃ ។ ប្រទេសចិនបានចាត់ទុក វិបត្តិនៃការរាលដាលជំងឺថ្មីនេះ ជាព្រឹត្តិការណ៍ក្ងានខ្មៅសម្រាប់ឆ្នាំ២០២០។
រៀបរាប់នៅក្នុង Weibo លោកGuan Qingyou សេដ្ឋវិទូចិន បានបង្ហាញថា «ព្រឹត្តិការណ៍ក្ងានខ្មៅ គឺជាព្រឹត្តិការណ៍ដែលមកដល់ដោយមិនបានរំពឹងទុក»។ ជាមួយគ្នានេះ ក៏មានការជជែកដេញដោលអំពីផលប៉ះពាល់នៃវីរុសនេះចំពោះទៅសេដ្ឋកិច្ចចិន ដោយក្នុងចំណោមនោះ មានម្នាក់បានលើកឡើងថា ផលប៉ះពាល់នៃជំងឺនេះ អាចនឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចចិន ច្រើនជាងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនទៅទៀត។
ទន្ទឹមគ្នានេះផងដែរ លោកRajiv Biswas ប្រធានសេដ្ឋវិទូអាស៊ីប៉ាស៊ីហ្វិកនៃ IHS Markit បានបញ្ជាក់ថា បន្ទាប់ពីជំងឺរលាកសួតនៅហ្វូហាននេះអាចចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សវានឹងក្លាយទៅជាហានិភ័យចំពោះសេដ្ឋកិច្ចនាតំបន់អាស៊ីប៉ាស៊ីហ្វិក។
គួរបញ្ជាក់ផងដែរថា ជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណា បច្ចុប្បន្នកំពុងតែរាតត្បាតក្នុងប្រទេសចិន និងបានកើតឡើងចំនួន៤៤០ករណីលើប្រទេសផ្សេងៗក្នុងពិភពលោក ខណៈអ្នកស្លាប់កើនឡើងដល់៩នាក់ ដោយអ្នកស្លាប់ទាំងអស់សុទ្ធតែស្ថិតនៅក្នុងខេត្ត ហ៊ួប៉ី(Hubei) ជាកន្លែងដំបូងដែលឆ្លងវីរុសពីទីក្រុងហ្វូហាន(Wuhan)៕
ដោយ៖ ជួប ស្រីរ័ត្ន