ធ្ងន់ហើយ! ប្រយ័ត្នជាប់ឈ្មោះក្នុងបញ្ជីខ្មៅឈប់ឲ្យបើកបរមួយជីវិតប្រសិនបើប្រព្រឹត្តរឿងនេះ
«បើរកឃើញថាអ្នកបើកបរនោះមានផ្ទុកសារធាតុថ្នាំញៀន និងត្រូវចុះក្នុងបញ្ជីខ្មៅមិនអនុញ្ញាតឲ្យបើកបរមួយជីវិតតែម្ដង ព្រោះថាគ្រឿងញៀននេះវាមិនអាចជាបាននោះទេ ហើយបើអ្នកបើកនោះមកពីក្រុមហ៊ុនណា ក្រុមហ៊ុននោះត្រូវតែមានបន្ទុកទទួលខុសត្រូវថែមទៀត» ប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងនៅក្នុងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០កន្លងទៅ។
ដើម្បីទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរឹតបណ្ដឹងច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព នាឱកាសនៃកម្មវិធី សម្ដេចឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ចំពោះអ្នកដែលបើកបរក្នុងស្ថានភាពស្រវឹងនឹងត្រូវចោះលើបណ្ណបើកបរម្ដង បើចាប់បានលើកទី២ ត្រូវចោះលើបណ្ណម្ដងទៀតដើម្បីចំណាំ ហើយបើឈានដល់លើកទី៣គឺមិនបាច់ចោះទេ គឺរឹបអូសយកតែម្ដង ព្រមទាំងធ្វើការព្រមានកាត់សិទ្ធិមិនឲ្យបើកបរប៉ុន្មានឆ្នាំ។
សម្ដេច ស ខេង លើកឡើងបន្តថា ប្រសិនបើរកឃើញថាអ្នកបើកបរនោះញៀនថ្នាំ គឺមិនចាំបាច់និយាយច្រើនទេ ត្រូវបញ្ចូលទៅក្នុងបញ្ជីខ្មៅតែឈប់ឲ្យបើកបរមួយជីវិតតែម្ដង ព្រោះថ្នាំញៀននេះគឺមិនអាចជាបាននោះទេ ហើយក្រុមហ៊ុនត្រូវតែមានបន្ទុកទទួលខុសត្រូវ គឺមិនអាចសើៗយកមនុស្សមកបើកបរដោយមិនបានមើលនោះទេ។
គួរបញ្ជាក់ដែរថា អត្រាគ្រោះថ្នាក់ចរាចរនៅឆ្នាំ២០១៩ កើនឡើង ៨៤៥លើក ស្មើនឹង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះអ្នកស្លាប់បានកើនដល់ ២២០នាក់ ស្មើនឹង ១២ភាគរយ ខណៈអ្នករងរបួសកើន ១,៣៧១នាក់ ស្នើនឹងប្រមាណ ២៩ភាគរយ។ ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនេះ ភាគច្រើនជាអ្នកជិះម៉ូតូ ដែលមានចំនួន ១,៥៤២នាក់ នៃចំនួនអ្នកស្លាប់សរុប ១,៩៨១នាក់ ស្មើនឹង ៧៨ភាគរយ៕
ប្រភព៖ Fresh News
ដោយ៖ ជួប ស្រីរ័ត្ន