ស្អាត​ណាស់! រមណីយដ្ឋាន​អង្គរ​នឹង​ប្រែ​មុខមាត់​ថ្មី​ឆាប់ៗ​នេះ​



អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​កែ​លម្អ​បរិស្ថាន​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​អង្គរ​វត្ត ​ដែល​នឹង​ត្រូវ​ដាំ​ស្មៅ ដាំ​កូន​ឈើ ដាំ​ផ្កា​ព្រៃ រួម​ជា​មួយ​នឹង​ការ​ជួសជុល​ផ្លូវ​និង​ប្រព័ន្ធ​រំដោះ​ទឹក ព្រម​ទាំង​កំពុង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យ​ប្រវត្តិ​វាលស្មៅ​ផង​ដែរ ដែល​នឹង​ធ្វើ​ឲ្យ​បរិវេណ​ប្រសាទ​អង្គរ​វត្ត​មាន​ទេសភាព​បៃតង​គ្រប់​រដូវ​កាល ដើម្បី​ផ្ដល់​នូវ​ភាព​រីករាយ​និង​ស្រស់ស្រាយ​ជូន​ភ្ញៀវ​ដែល​មក​ទស្សនា​កម្សាន្ត​។ នេះ​បើ​យោង​តាម​ នាយកដ្ឋាន​ផ្សព្វផ្សាយ ។

លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា  បាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ជាក់​ស្ដែង​ក្រុម​ការងារ​កំពុង​តែ​បាន​ធ្វើ​ការ​ដកហូត​ដើម​ឈើ​និង​កាត់​ក្រី​មែក​ឈើ​ដែល​ប៉ះពាល់​ដល់​ទេសភាព​ប្រាសាទ  ព្រម​ទាំង​រៀប​ចំ​បង្កើន​ទេសភាព​បៃតង​នៅ​ខាង​ត្បូង​ប្រាសាទ​អង្គរវត្ត និង​ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ​ខាង​ត្បូង​ជា​ដើម ដែល​ផែនការ​អនាគត​គឺ​សំដៅ​លើក​កម្ពស់​សោភ័ណភាព ការ​រៀបចំ​សណ្ដាប់​ធ្នាប់​សាធារណៈ និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​មិន​ត្រឹមតែ​ប្រាសាទ​អង្គរវត្ត​នោះ​ទេ តែ​រមណីយដ្ឋាន​អង្គរ​ទាំង​មូល។ 

គួរ​បញ្ជាក់ អំពី​ការ​រៀបចំ​ប្រព័ន្ធ​ស្រោច​ស្រព​វាល​ស្មៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​វិញ អ្នកនាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យ​ប្រវត្តិ​ដែល​នឹង​ធ្វើ​ការ​ស្រោច​ស្មៅ​ឲ្យ​មាន​ភាព​បៃតង​ទាំង​ខួប​ប្រាំង​ខួប​វស្សា ហើយ​កិច្ចការ​នេះ​នឹង​ត្រូវ​អនុវត្តន៍​ឱ្យ​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០២០។ លើស​ពី​នេះ​ទៀត​ អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ឲ្យ​មាន​មណ្ឌល​បដិសណ្ឋារកិច្ច​សម្រាប់​ភ្ញៀវ​ទេសចរ ការ​រៀបចំ​ចំណត​ត្រឹមត្រូវ​ ពិសេស​រៀប​ចំ​សន្តិសុខ​សណ្ដាប់​ធ្នាប់ និង​ការ​ដាំ​កូន​ឈើ​ឡើង​វិញ​ កែ​លម្អ​បរិស្ថាន​នៅ​ទីនោះ​ឱ្យ​ស័ក្ដិសម​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក៕ 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s