អ៊ីរ៉ង់បានសារភាពថាបានបាញ់យន្តហោះរបស់អ៊ុយក្រែនច្រឡំពិតមែន ដោយសារមូលហេតុនេះ
អ៊ីរ៉ង់បានសារភាពពិតជាបានបាញ់យន្តហោះរបស់អ៊ុយក្រែនច្រឡំពិតមែន ដែលបណ្ដាលឲ្យយន្តហោះ Boeing 737 ធ្លាក់ឆេះ និងសម្លាប់មនុស្សប្រមាណ ១៧៦នាក់ នៅទឹកដីរបស់ខ្លួនជិតរដ្ឋធានី Tehran កាលពីថ្ងៃពុធកន្លងទៅ។
ក្នុងសេចក្ដីថ្លែងមួយ កងកម្លាំងជាតិរបស់អ៊ីរ៉ង់បាននិយាយថាខ្លួនពិតជាបានបាញ់យន្តហោះ Boeing 737 ជើងហោះហើរ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន (Ukraine International Airlines) ពិតមែនដោយសារតែកំហុសក្នុងការកំណត់គោលដៅ និងការភ័យខ្លាចសកម្មភាពរបស់អាមេរិក។
បើយោងតាមសេចក្ដីប្រកាស កងទ័ពអ៊ីរ៉ាក់ ថាបន្ទាប់ពីការវាយប្រហារមូលដ្ឋានទ័ពរបស់អាមេរិកនៅអ៊ីរ៉ាក់រួចមក ការការពារនៅតំបន់ព្រំដែនមានភាពតឹងតែង ហើយមន្រ្តីកងទ័ពបានរាយការណ៍ថាបានឃើញវត្ថុមួយហោះតម្រង់ឆ្ពោះមកកាន់តំបន់យុទ្ធសាស្រ្តរបស់កងទ័ព។
ក្នុងសេចក្ដីប្រកាសបានសរសេរថា យន្តហោះ Boeing 737 នោះបានហោះមកក្បែរទីតាំងកងទ័ព IRGC របស់អ៊ីរ៉ង់ ដែលមានកំពស់និងរបៀបហោះ ដែលធ្វើឲ្យមានការយល់ច្រលំថាជាគោលដៅត្រូវវាយប្រហារ។ ក្នុងលក្ខខណ្ឌនេះហើយដែលយន្តហោះជើងហោះហើរ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន (Ukraine International Airlines) ត្រូវបានបាញ់ទម្លាក់ដោយអចេតនា។
ឧបទ្ទវហេតុធ្លាក់យន្តហោះក្នុងរដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់ កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានបើការវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិក២ទីតាំងក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធកន្លងទៅបន្ទាប់ពីឡើងហោះហើរមិនបានប៉ុន្មាននាទីផង ដោយក្នុងនោះអ្នកដំណើរនិងអ្នកធ្វើការលើយន្តហោះ១៧៦នាក់បានស្លាប់បានស្លាប់ទាំងអស់។
គួរឲ្យដឹងដែរថា ជនរងគ្រោះក្នុងការបាញ់យន្តហោះធ្លាក់នោះរួមមានជនជាតិអ៊ីរ៉ង់ ៨២នាក់ ជនជាតិកាណាដា ៦៣នាក់ ជនជាតិអ៊ុយក្រែន ១១នាក់ ជនជាតិស៊ុយអែត ជនជាតិអាកានីស្ថាន ៤នាក់ អាល្លឺម៉ង់ ៣នាក់ និងជនជាតិអង់គ្លេស ៣នាក់៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN