ជនជាតិថៃ៣នាក់សង្ស័យឆ្លងជំងឺចម្លែកមកពីចិន ខណៈក្រសួងកម្ពុជាប្រកាសបង្កើនការប្រុងប្រយ័ត្ន
ជំងឺរលាកសួតចម្លែកម្យ៉ាងដែលត្រូវបានរកឃើញថាកំពុងតែផ្ទុះរាតត្បាតក្នុង ទីក្រុងវូហា (Wuhan) នៃខេត្តហ៊ូប៉ី (Hubei)ប្រទេសចិន កាលពីថ្ងៃទី៣១ធ្នូ កន្លងទៅ ត្រូវបានអាជ្ញាធរសុខាភិបាលនៃប្រទេសថៃរកឃើញមនុស្សចំនួន៥នាក់ដែលគួរឲ្យសង្ស័យ ដោយក្នុងចំណោមនោះមានជនជាតិថៃចំនួន ៣នាក់ ស្ត្រីជនជាតិចិនម្នាក់ និងក្មេងប្រុសជនជាតិចិនម្នាក់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត thethaiger.com។
ប្រភពរូប៖ chiangraitimes
ជនជាតិថៃ៣នាក់ត្រូវបានរកឃើញថាមានឆ្លងជំងឺចម្លែកនៅអាកាសយានដ្ឋានឈៀងម៉ៃ (Chiang Mai International Airport) ហើយត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ និងជនជាតិចិត្តពីរូបទៀតត្រូវបានបញ្ចូនទៅព្យាបាលនៅប្រទេសចិនវិញ បន្ទាប់ពីមានការសង្ស័យថាមានឆ្លងជំងឺចម្លែកស្រដៀងជំងឺ SARS បន្ទាប់ពីពួកគេត្រលប់មកពីទីក្រុងវូហាន (Wuhan) ខេត្តហ៊ុយបេ (Hubei) ប្រទេសចិន។
តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាស្ដីអំពី វិធានការការពារជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ជំងឺរលាកសួតថ្មីដែលមិនទាន់ស្គាល់អត្តសញ្ញាណនេះមានរោគសញ្ញាភាគច្រើនគឺ អ្នកជំងឺមានអាការៈក្ដៅខ្លួន, ក្អក, ហត់, ពិបាកដកដង្ហើម និងមានដំបៅនៅលើសួត។
ជាមួយគ្នានេះ លោក Yuen Kwok-Yung អ្នកជំនាញខាងមីក្រូជីវសាស្រ្តនៅសាកលវិទ្យាល័យហុងកុងបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធថា «ការឆ្លងវីរុសនៅ Wuhan ហាក់ដូចជាស្រដៀងនឹងការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅឆ្នាំ ១៩៩៧ និងជម្ងឺ SARS នៅប្រទេសចិន ហើយលោកបានបន្ថែមថាចំពោះសត្វពាហនៈក៏អាចមានការផ្ទុកនូវវីរុសនេះផងដែរនៅក្នុងការផ្ទុះឡើងចុងក្រោយនេះ»។
បើទោះបីជានៅកម្ពុជានៅមិនទាន់មានករណីផ្ទុះជំងឺនេះនៅឡើយ ប៉ុន្តែក្រសួងសុខាភិបាលបានដាក់ម៉ាស៊ីនស្កេនកម្ដៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ព្រមទាំងកំពុងតែមានការស្រាវជ្រាវពីក្រុមអ្នកជំនាញ និងបានត្រៀមរួចរាល់នូវបន្ទប់ដាក់អ្នកជំងឺ, សម្ភារៈ, បរិក្ខាពេទ្យ និង ឱសថចាំបាច់សម្រាប់ព្យាបាលផងដែរ។
ប្រភពរូប៖ chiangraitimes
គួរបញ្ជាក់ផងដែរថា ជំងឺ SARS ដែលស្រដៀងនឹងជំងឺរលាកសួតថ្មីនេះ គឺជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS, or severe acute respiratory syndrome) ធ្លាប់ផ្ទុះឡើងនៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិនក្នុងចុងឆ្នាំ២០០២ បានឆ្លងទៅមនុស្សជាង ៨០០០នាក់ និងបានសម្លាប់មនុស្សប្រមាណ ៧៧៥នាក់ទូទាំងពិភពលោក។
គិតត្រឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នេះមានអ្នកឆ្លងជំងឺនេះសរុបប្រមាណ ៥៩ករណី ក្នុងទីក្រុងវ៉ុហាន និងមានមនុស្សឆ្លងប្រមាណ ២១ករណីនៅទីក្រុងហុងកុង គិតត្រឹមថ្ងៃទី០៦ ខែមករានេះ៕
ដោយ៖ ជួប ស្រីរ័ត្ន