មូលហេតុទាំងនេះបង្ហាញថា ការអានសៀវភៅក្រដាសនៅតែល្អជាងការអានសៀវភៅអេឡិចត្រូនិច​



នៅឆ្នាំ ២០១៥ សៀវភៅអេឡិចត្រូនិចបានចាប់ផ្តើមគ្របដណ្តប់នៅពោសពេញពិភពលោក តែមិនប្រាកដថាមនុស្សគ្រប់គ្នាបានជ្រើសរើសវាយកមកអាននោះទេ។ យ៉ាងណាមិញវាមានតម្លៃសមរម្យ និងងាយស្រួលទាញយកទិន្នន័យ ឬឯកសារជា PDF មកពីគ្រប់ទិសទីនៃពិភពលោក។ ប៉ុន្តែនៅតែមានហេតុផលជាច្រើនដែលថាការអានសៀវភៅក្រដាសវាមានភាពល្អប្រសើរច្រើនជាងការសម្លឹងមើល Kindle របស់អ្នកពីរបីម៉ោង។ ហើយខាងក្រោមនេះជាហេតុផល ៤ យ៉ាងក្នុងការអានសៀវភៅក្រដាសជំនួសឲ្យសៀវភៅអេឡិចត្រូនិច៖

១) ការអានសៀវភៅក្រដាសនៅពេលយប់ជួយពន្លឿនការងងុយគេង
មនុស្សជាច្រើនអានសៀវភៅដើម្បីជួយឲ្យពួកគេងងុយគេងលឿនដែលជាផ្នែកមួយនៃពិធីចូលគេងរបស់ពួកគេ។ ប៉ុន្តែប្រសិនបើសៀវភៅនោះជាសៀវភៅអេឡិចត្រូនិចវិញគឺវាមិនមែនធ្វើអោយអ្នកឆាប់ងុយគេងលឿនទេតែវាផ្ទុយខុសស្រឡះពីការរំពឹងទុក។ ជាក់ស្ដែង នៅក្នុងការសិក្សាមួយដែលបានអោយអ្នកចូលរួមអានសៀវភៅមួយក្បាលដូចគ្នាគ្រាន់តែមួយនៅលើ iPad និងមួយទៀតនៅលើសៀវភៅក្រដាស។ ការសិក្សានេះបង្ហាញថាអ្នកដែលអានសៀវភៅអេឡិចត្រូនិចនៅពេលយប់បានប្រឈមការចំណាយពេលយូរបន្ទាប់ពីអានរួចទើបអាចចូលគេងបានលក់ស្កប់ស្កល់។ ប្រសិនបើអ្នកអានមុនពេលចូលគេង គួរគប្បីអាននៅលើសៀវភៅក្រដាសវិញប្រសើរជាង។

២) ធ្វើឲ្យអ្នកមានអារម្មណ៍ល្អប្រសើរ
ការអានចាប់ពី ៦ នាទីឡើងទៅអាចជួយអ្នកបន្ធូរអារម្មណ៍បាន។ ប៉ុន្តែការប្រើរបៀបអាននៅលើអេក្រង់ទូរស័ព្ទនិងឧបករណ៍អានសៀវភៅអេឡិចត្រូនិចផ្សេងៗអាចបង្កផលប៉ះពាល់មិនល្អ។ ការសិក្សាជាច្រើនបង្ហាញថាការប្រើប្រាស់បច្ចេកវិទ្យាយូរពេកហួសប្រមាណបានធ្វើឲ្យប៉ះពាល់ដល់សុខភាពអារម្មណ៍របស់អ្នកយ៉ាងខ្លាំង។

៣) រក្សាការផ្តោតអារម្មណ៍បានយ៉ាងល្អ
ប្រសិនបើអ្នកបានជ្រើសរើសការអានរបស់អ្នកនៅលើអេឡិចត្រូនិចក្នុងរយ:ពេលខ្លីណាមួយវាអាចជាមិនមានរឿងអ្វីដែលត្រូវកើតឡើងទេមើលទៅ តែប្រសិនបើការអាននោះមានរយ:ពេលយូរវិញអ្នកអាចជាត្រូវបានប្រឈមនឹងសារជូនដំណឹងផ្សេងៗនៅពេលកំពុងអាន ដែលជាហេតុធ្វើឲ្យការផ្តោតអារម្មណ៍របស់អ្នកត្រូវបានថយចុះ។ ប៉ុន្តែសៀវភៅក្រដាសវិញអាចបង្ខំអ្នកឲ្យយកចិត្តទុកដាក់លើវាហើយគ្មានការរំខានផ្សេងៗមកបង្វែការផ្ដោតអារម្មណ៍អ្នកលើការអានសៀវភៅនេះទេ។

៤) អានសៀវភៅក្រដាសជួយពន្លឿនការអានសៀវភៅនោះឆាប់ចប់
យោងតាមការសិក្សាពីប្រភព New York Times បានអោយដឹងថាអ្នកអានសៀវភៅក្រដាសភាគច្រើនរមែងតែងអានសៀវភៅបានចប់យ៉ាងឆាប់រហ័ស។ មូលហេតុដែលគេសន្និដ្ឋានតាមការស្រង់មតិអ្នកអានសៀវភៅក្រដាសគឺថានៅពេលដែលអ្នកបានអានសៀវភៅក្រដាសបានភាគខ្លះហើយទុកសៀវភៅនោះចោលគឺអ្នកមានចិត្តរអៀសខ្លួនក្នុងពេលដែលតែងតែឃើញសៀវភៅនឹងទុកប្លុងចោលយូរពេកហើយគិតថាគ្រាន់តែសៀវភៅប៉ុណ្ណឹងក៍ខ្លួនមិនអាចយកជ័យជំនះលើការអានសៀវភៅនោះអោយចប់បាន។ ហេតុនេះហើយបានជាពួកគេតែងតែត្រលប់មកកាន់សៀវភៅនោះឡើងវិញដើម្បីព្យាយាមអានវាអោយចប់ប្រសើរជាងទុកវាចោល។ ប៉ុន្តែបើអ្នកអានសៀវភៅអេឡិចត្រូនិចវិញតែងតែមានការភ្លេចអានបន្តទៀតដោយសារតែសៀវភៅនឹងបានទុកចោលក្នុងកម្មវិធីឧបករណ៍នោះហើយអ្នកមិនបានចាប់អារម្មណ៍ដូចសៀវភៅក្រដាសដែលទុកចោលនៅនឹងភ្នែកអ្នក៕

ដោយ៖ Anthony Arthur

 

X
5s