ហេតុ​អ្វី​វៀតណាម​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​ទ្វីប​អាស៊ី​ដែល​នាំ​ចេញ​កាហ្វេ​ធំ​ជាងគេ?​



វៀតណាម​គឺ​ជា​ប្រទេស​នាំ​ចេញ​កាហ្វេ​ធំ​ជាង​គេ​លំដាប់​ទី​២​ក្នុង​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ប្រេស៊ីល ហើយ​ក៏​ជា​ប្រទេស​ដែល​ឈាន​មុខ​គេ​បំផុត​នៅ​ទូទាំង​ទ្វីប​អាស៊ី លើ​ការ​នាំ​ចេញ​ផលិតផល​ឧស្សាហកម្ម​កាហ្វេ​ទៅ​កាន់​ពិភព​លោក​ផង​ដែរ។ បើ​និយាយ​ពី​ទីតាំង​ភូមិសាស្ត្រ​របស់​វៀតណាម​វិញ​គឺ​មិន​សូវ​ជា​ខុស​ប្លែក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ប៉ុន្មាន​នោះ​ទេ​ទាំង​អាកាសធាតុ និង​សណ្ឋានដី ចុះ​ហេតុអ្វី​ទើប​បាន​ជា​មាន​តែ​ប្រទេស​វៀតណាម​តែ​មួយ​គត់​ដែល​អាច​ក្លាយ​ជា​ទីផ្សារ​ផ្គត់ផ្គង់​កាហ្វេ​ដ៏​ធំ​លំដាប់​ពិភពលោក?

Fresh, Coffee, Bean, Garden, Farm, Green, Plants, Seeds

បច្ចុប្បន្ន​ប្រទេស​វៀតណាម​មានផ្ទៃ​ដី​ដាំ​កាហ្វេ​ប្រហែល​ ៦៦៤,០០០ ហិកតា ដែល​បាន​ផ្ដល់​ការងារ​ដល់​កសិករ​ប្រមាណ​ជាង​ ៥០ម៉ឺននាក់។ ដំណាំ​កាហ្វេ​ត្រូវ​បាន​ដាំដុះ​នៅ​ជា​ច្រើន​តំបន់​ក្នុង​ប្រទេស​វៀតណាម ដែល​ផ្ទៃដី​ដាំដុះ​ធំ​ជាង​គេ​គឺ​នៅ​តំបន់​ខ្ពង់រាប​កណ្ដាល បន្ទាប់​មក​គឺ​តំបន់​ភាគ​ពាយព្យ​កណ្ដាល និង​ភាគ​អាគ្នេយ៍។ ​ក្នុង​មួយឆ្នាំៗ ចំណូល​ពី​ការ​នាំ​ចេញ​កាហ្វេ​បាន​កើន​ឡើង​រហូត​ដល់​៣ពាន់លានដុល្លារ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​វៀតណាម​ទើប​តែ​បាន​បង្ហាញ​ពី​មហិកតា​បង្កើន​ប្រាក់​ចំណូល​រហូត​ដល់​ ៦ពាន់លានដុល្លារ ពី​ការ​នាំ​ចេញ​កាហ្វេ​នៅ​ឆ្នាំ​២០៣០​ខាង​មុខ។

Coffee, Nature, Plant, Fruit, Seeds

ផលិតកម្ម​កាហ្វេ​បាន​ក្លាយ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​វៀតណាម​តាំង​ពី​ដើម​សតវត្ស​ទី២០ ហើយ​បារាំង ​គឺ​ជា​ប្រទេស​ដំបូង​ដែល​នាំ​ដំណាំ​កាហ្វេ​មក​កាន់​វៀតណាម​នៅ​ឆ្នាំ​១៨៥៧ និង​បាន​ធ្វើ​ឲ្យ​វិស័យ​នេះ​រីកចម្រើន​បន្តិច​ម្ដងៗ​រហូត​ក្លាយ​ជា​អ្នក​ផលិត​សំខាន់​ជាង​គេ​នៅ​អាស៊ី។ វៀតណាម​មាន​ភាព​ល្បីល្បាញ​លើ​កាហ្វេ Robusta ដែល​មាន​ប្រហែល​ជាង​ ៩០% នៃ​ផលិតកម្ម​កាហ្វេ​សរុប ក្នុង​នោះ​កាហ្វេ​ប្រហែល​ ១០ភាគរយ ប៉ុណ្ណោះ​ដែល​គេ​ប្រើប្រាស់​នៅ​ក្នុង​ស្រុក និង​ប្រមាណ​ ៩០ភាគរយ គឺ​ជា​គ្រាប់​កាហ្វេ​ឆៅ​ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស។  

Coffee, Bean, Coffee Beans, Caffeine, Benefit From

បើ​ក្រឡេក​មក​មើល​ពី​ប្រវត្តិ​ដំណាំ​កាហ្វេ​នៅ​កម្ពុជា​វិញ ក៏​ត្រូវ​បាន​បារាំង​នាំ​មក​ក្នុង​កំឡុង​ពេល​ដូច​គ្នា​ទៅ​នឹង​ប្រទេស​វៀតណាម​និង​ឡាវ​ដែរ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ទីផ្សារ​កាហ្វេ​កម្ពុជា​ហាក់​នៅ​មាន​ទំហំ​តូច​នៅ​ឡើយ។ ក្នុង​នោះ​យើង​ឃើញ​មាន​ការ​ដាំដុះ​ដំណាំ​នេះ​ភាគ​ច្រើន​គឺ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស​ដែល​រួម​មាន​ខេត្ត​ មណ្ឌលគិរី, រតនគិរី និង​ស្ទឹងត្រែង​ជា​ដើម។ លោក លូ ម៉េង នាយក​ប្រតិបត្តិ​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី «ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ប្រកួត​ប្រជែង ឆុង​កាហ្វេ​ថ្នាក់​ជាតិ ប្រចាំ​ប្រទេស​កម្ពុជា» កាល​ពី​ពេល​កន្លង​ទៅ​ថា ស្ទើរ​តែ​៨៥ទៅ៩០ភាគរយ​ទៅ​ហើយ​ដែល​កម្ពុជា​បាន​នាំ​ចូល​កាហ្វេ​ពី​ក្រៅ​ប្រទេស គឺតែ​មិន​មែន​មាន​ន័យ​ថា​ក្រុមហ៊ុន​និង​អ្នក​វិនិយោគ​ទាំង​នោះ​មិន​ចង់​ទិញ​ពី​កម្ពុជា​នោះ​ទេ ប៉ុន្តែ​មក​ពី​យើង​ផលិត​មិន​ទាន់​គ្រប់គ្រាន់។ 

លោក​សំណូម​ពរ​ដល់​អ្នក​វិនិយោគ​ ក៏​ដូច​ពលរដ្ឋ​ម្ចាស់​ចម្ការ​ ត្រូវ​វិនិយោគ​លើ​ដំណាំ​កាហ្វេ​ឲ្យ​បាន​ច្រើន ព្រោះ​បច្ចុប្បន្ន​កាហ្វេ​នៅ​កម្ពុជា​កំពុង​មាន​ភាព​ល្បីល្បាញ គឺ​កាហ្វេ​ខេត្ត​មណ្ឌលគិរី រតនគិរី និង​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្បែរ​នោះ សុទ្ធ​តែ​ជា​ដី​ល្អ​អាច​វិនិយោគ​លើ​ដំណាំ​នេះ​និង​ទទួល​បាន​ផល​ល្អ​ប្រសើរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ពេល​កន្លង​ទៅ​មាន​ក្រុមហ៊ុន​កាហ្វេ​របស់​កម្ពុជា​មួយ​ឈ្មោះ​ថា កាហ្វេ អិមខេ មណ្ឌលគិរី បាន​ឈ្នះ​ពានរង្វាន់​ត្បូង​ពេជ្រ World Quality Commitment Diamond Category ឆ្នាំ​២០១៩ នា​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ ដែល​នេះ​គឺ​ជា​មោទនភាព​ដ៏​ធំ​មួយ​សម្រាប់​ប្រជាជាតិ​កម្ពុជា​៕

ប្រភព៖ Market Watch/Nhân Dân

ដោយ៖ ជួប ស្រីរ័ត្ន

X
5s