ហិរញ្ញប្បទានប្រមាណ ៧៤លានដុល្លារត្រូវបានត្រៀមសម្រាប់គម្រោងសំខាន់២នៅជនបទ
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយឯកឧត្ដម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៦៧,១លានអឺរ៉ូ ឬប្រមាណជា ៧៤លានដុល្លារអាមេរិក លើគម្រោងថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។
គម្រោងទី១៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ២០១៨ ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និងផ្ដល់ហិរញ្ញប្បទានចំនួន៣០លានអ៊ឺរ៉ូ ជាមួយនឹងហិរញ្ញប្បទានឥតសំណងចំនួន២លានអ៊ឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពលលើការផ្គត់ផ្គង់អគ្គីសនី "Redused Interest loan" ដែលនឹងត្រូវបានផ្ដល់តាមរយៈ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW)។
គម្រោងទី២៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ២០១៩ ជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងផ្ដល់ឥណទានសម្បទានចំនួន ៣០លានអ៊ឺរ៉ូ សម្រាប់ហិរញ្ញប្បទានលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទរបស់កម្ពុជា ក្នុងនោះអាល្លឺម៉ង់ក៏នឹងផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ៥,១លានអ៊ឺរ៉ូ សម្រាប់គាំទ្រលើគម្រោងជាក់លាក់ណាមួយបន្ថែមទៀត។ ឥណទានទី២ចំនួន ៣០លានអ៊ឺរ៉ូ និងត្រូវបានផ្ដល់តាមរយៈ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW)។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដមបានមានប្រសាសន៍ថា “រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុបទី២ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលបានផ្តល់ឥណទានសម្បទានដល់កម្ពុជា ដើម្បីរួមចំណែកក្នុងការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ និងវិស័យអាទិភាពនានារបស់រដ្ឋាភិបាលកម្ពុជា" ៕
ដោយ៖ ជួប ស្រីរ័ត្ន