ហេតុផល ៧ យ៉ាងបង្ហាញថា Social Media Marketing សំខាន់សម្រាប់អាជីវកម្មខ្នាតតូច និង Startup​



នៅពេលចាប់ផ្តើមអាជីវកម្មមួយ ជាពិសេសអាជីវកម្មខ្នាតតូច ម្ចាស់អាជីវកម្មទាំងអស់តែងផ្តោតលើការលក់ ធ្វើយ៉ាងណាបានក៏ដោយតែមានអតិថិជនចូលមកហើយទិញផលិតផលឬសេវាកម្មរបស់ខ្លួន។ តែភាគច្រើនម្ចាស់អាជីវកម្មនៅតែបន្តការលក់តាមបែបប្រពៃណីលើការផ្សព្វផ្សាយ ដូចជាការចែកខិតប័ណ្ណតាមផ្លូវសាធារណៈជាដើម។ អ្វីដែលគេបានចំណាយដើម្បីទាក់ទាញអតិថិជនឲ្យជឿទុកចិត្តលើអាជីវកម្មគឺមិនសូវជាហុចផលល្អគាប់ចិត្តទេ ហើយត្រូវចំណាយអស់ច្រើនថែមទៀត។ 

បើងាកមកមើលរបៀបផ្សព្វផ្សាយតាមបណ្ដាញសង្គម (Social Media Marketing) គឺជាវិធីសាស្រ្តដ៏ល្អមួយដែលអាចធ្វើឲ្យអាជីវកម្មទើបបង្កើតថ្មី ឬអាជីវកម្មខ្នាតតូចអាចទទួលបានជោគជ័យបានលឿនក្នុងការទាក់ទាញអតិថិជន និងចំណាយតិច។ ខាងក្រោមនេះជាហេតុផលបង្ហាញថា អាជីវកម្មខ្នាតតូចគួរពិចារណាលើការធ្វើទីផ្សារតាមបណ្ដាញសង្គម (Social Media Marketing)៖

អត្ថប្រយោជន៍ជាច្រើនដែលបានមកពីការធ្វើទីផ្សារអនឡាញ

អតិថិជនសក្តានុពលអាចរកបានយ៉ាងងាយតាមរយៈអនឡាញ អតិថិជនប្រភេទនេះជាមនុស្សទាន់សម័យ ទទួលបានព័ត៌មានលឿនជាងអ្នកដទៃ ព្រោះពួកគេបានភ្ជាប់ខ្លួនជាមួយពិភពលោកតាមរយៈបណ្ដាញសង្គម និងសារព័ត៌មានពិភពលោកយ៉ាងទូលំទូលាយ។ វានៅមានអត្ថប្រយោជន៍ជាច្រើនទៀតរួមមាន៖

ក) ដឹងពីអ្វីដែលអតិថិជនត្រូវការបានលឿន ក៏អាចឲ្យអតិថិជនស្គាល់អាជីវកម្មរបស់យើងបានលឿនដូចគ្នា

ខ) ផ្តល់ការណែនាំ និងចំណេះដឹងយ៉ាងច្បាស់លាស់ដល់អតិថិជន

គ) ងាយទៅដល់ និងចាប់យកទីផ្សារជាសកល

ឃ) ជួយសន្សំសំចៃច្រើនជាងការផ្សព្វផ្សាយតាមបែបប្រពៃណី 

ង) ធ្វើការឆ្លើយតប និងរក្សាទំនាក់ទំនងជាមួយអតិថិជនបានលឿន និងល្អជាងមុន

១) អតិថិជនរបស់អ្នកគឺអនឡាញ
ការអនឡាញរបស់អតិថិជន ជាកត្តាវិជ្ជមានមួយនាំឲ្យពួកគេបានស្គាល់អាជីវកម្មរបស់អ្នក។ មើលពីនិន្នាការនៃការប្រើប្រាស់បណ្ដាញសង្គមនាពេលបច្ចុប្បន្នគេបានប៉ាន់ប្រមាណថា ជាមធ្យមមនុស្សម្នាក់ចំណាយពេលច្រើនជាង ២ ម៉ោងលើការប្រើប្រាស់បណ្ដាញសង្គម ហើយយុវវ័យមួយចំនួនចំណាយពេលប្រមាណ ៩ ម៉ោង។ មានសំណួរថាហេតុអ្វីយុវវ័យទាំងនោះចំណាយពេលច្រើនលើបណ្ដាញសង្គម តែជាក់ស្តែងពួកគេប្រើបណ្ដាញសង្គមនេះគិតចាប់ពីពេលដែលគេទៅសាលារៀន ការកំសាន្ត និងពេលដើរលេងជាមួយមិត្តភក្តិជាដើម។ យុវវ័យ និងអ្នកមានការងារធ្វើដែលមានវ័យក្រោម ៣៥ឆ្នាំមួយចំនួនចំណាយពេលប្រមាណ ៣៧% នៃការប្រើប្រាស់បណ្ដាញសង្គមរបស់គេដើម្បីស្វែងរកយីហោទំនិញដែលដាក់លក់។ ទាំងអស់នេះអាចចាត់ទុកបានថាវាជាចំណុចវិជ្ជមានក្នុងការធ្វើអាជីវកម្មតាមអនឡាញនេះ។

២) ទទួលបានអតិថិជនគោលដៅកាន់តែច្រើន
គ្មានអាជីវកម្មជោគជ័យណាមួយដែលមិនកំណត់អតិថិជនគោលដៅរបស់ខ្លួនឡើយ។ នៅពេលអ្នកចាប់យកតំបន់មួយធ្វើជាទីតាំងសម្រាប់ដំណើរការអាជីវកម្ម អតិថិជនគោលដៅសម្រាប់អាជីវកម្មក៏មានកម្រិតដែរ។ តែបើអ្នកបើកចំហរអាជីវកម្មតាមរយៈអនឡាញ នោះអ្នកច្បាស់ជាទទួលបានអតិថិជនគោលដៅកាន់តែច្រើនជាងមុន អតិថិជនស្គាល់ពីអាជីវកម្មអ្នកច្រើនជាងមុន ហើយអ្នកក៏នឹងមិនត្រូវការចំណាយសម្រាប់បើកសាខាឬទីតាំងច្រើនដើម្បីទាញយកអតិថិជន។

៣) បង្កើនការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងបង្កើនការលក់
តាមការសិក្សាមួយបានបង្ហាញថា ៧២% នៃអ្នកប្រើប្រាស់ចង់បានការភ្ជាប់ទំនាក់ទំនងជាមួយអ្នកលក់ ឬអ្នកផ្គត់ផ្គង់់របស់ខ្លួនតាមរយៈការប្រើប្រាស់សារអេឡិចត្រូនិច ឬបណ្ដាញសង្គម ព្រោះវាបានផ្តល់ភាពងាយស្រួលដល់ពួកគេ ពិសេសមិនចំណាយពេលច្រើន។ ហើយការសិក្សាដដែលក៏បានបញ្ជាក់ទៀតដែរថា ការប្រើប្រាស់សារអេឡិចត្រូនិច ឬបណ្ដាញសង្គមអាចធ្វើឲ្យអាជីវកម្មមួយភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនបាន ១៣៣% ច្រើនជាងមុន ខណៈដែលការផ្សព្វផ្សាយ ឬការភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញតាមបែបប្រពៃណីច្រើនបំផុតគឺ ៧៥%។ ការប្រើប្រាស់បណ្ដាញសង្គមនេះ ជួយអ្នកលក់ដឹងពីអ្វីដែលជា Feedback របស់អតិថិជនទាំងល្អ ទាំងអាក្រក់ ហើយពួកគេអាចមានលទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាជាមួយអតិថិជន និងបន្តអភិវឌ្ឍស្វែងរកអ្វីថ្មីៗដើម្បីបំពេញចិត្តអតិថិជនបានយ៉ាងប្រសើរ។

៤) ដឹងពីដៃគូប្រកួតប្រជែងបានច្រើនជាងមុន
សម័យបច្ចេកវិទ្យាគេលែងសូវប្រជែងគ្នារឿងទុនជាហិរញ្ញវត្ថុហើយ តែចំណុចស្លាប់រស់របស់អាជីវកម្មគឺនៅលើ Big Data។ អ្នកដែលមានព័ត៌មានកាន់តែច្រើនក្នុងដៃច្រើន កាន់តែមានឱកាសប្រយុទ្ធ និងរស់រានកាន់តែខ្ពស់ ព្រោះពួកគេអាចធ្វើការវិភាគបានសព្វគ្រប់ជ្រុងជ្រោយមិនថាតែលើដៃគូប្រកួតប្រជែង តម្រូវការអតិថិជន បញ្ហាជះឥទ្ធិពលនៃសេដ្ឋកិច្ច និងរបត់ផ្សេងៗដទៃទៀត។ ទើបតែបើកអាជីវកម្មដំបូងហើយខ្នាតតូចទៀត អ្នកច្បាស់ជាមិនទាន់មានបតពិសោធន៍លើការលក់ និងស្គាល់អតិថិជនបានគ្រប់ជ្រុងជ្រោយដែរ តែអ្នកអាចដឹងបានយ៉ាងច្បាស់ពីការវិភាគទៅលើ Big Data។ ម្ចាស់អាជីវកម្មអាចដឹងថា ផលិតផលឬសេវាកម្មដែលខ្លួនកំពុងលក់ពិតជាស្របតាមតម្រូវការរបស់អតិថិជន និងតម្រូវការទីផ្សារនាពេលបច្ចុប្បន្នមែនឬទេ។ ថាតើដៃគូអាជីវកម្មរបស់ខ្លួនពេលនេះកំពុងមានយុទ្ធសាស្រ្តអ្វីដើម្បីទាក់ទាញអតិថិជន ហើយគេចង់ធ្វើអ្វីដើម្បីផ្តួលអ្នកដែលចង់ប្រកួតជាមួយគេ។

៥) ងាយស្រួលបត់បែនសម្របខ្លួន និងរកផ្លូវដើម្បីឲ្យអាជីវកម្មមានជីវិត
បេសកកម្មដើម្បីបន្តជីវិតអាជីវកម្មគឺសំខាន់បំផុតដែលម្ចាស់អាជីវកម្មគ្រប់រូបត្រូវធ្វើ សារៈសំខាន់នៃទីផ្សារឌីជីថលចំពោះអាជីវកម្មខ្នាតតូចកាន់តែច្បាស់និងលម្អិត ដែលម្ចាស់អាជីវកម្មអាចផ្តល់ការបត់បែនសម្រាប់ខ្លួនឯងកាន់តែប្រសើរ ងាយសម្របខ្លួនជាមួយការប្រែប្រួល និងធ្វើឲ្យអាជីវកម្មរីកចម្រើន។

៦) ផ្តល់ផលត្រលប់ពីការវិនិយោគបានល្អ (Return on Investment)
ការប្រើ Email Marketing ត្រូវបានគេកត់សម្គាល់ថាជាវិធីសាស្រ្តនៃការធ្វើទីផ្សារល្អបំផុតមួយដែលផ្តល់មកវិញនូវ ROI ខ្ពស់ជាងវិធីសាស្រ្តទីផ្សារតាមបែបប្រពៃណី។ តាមការស្រាវជ្រាវបានរកឃើញថា ២០% នៃក្រុមហ៊ុនដែលប្រើប្រាស់ Email Marketing អាចទទួលបាន ROI មកវិញ ៧០ដុល្លារពីការចំណាយលើ Marketing ១ ដុល្លារ។ ការធ្វើ Content Marketing បានជួយឲ្យសកម្មភាពនិងចំណូលអាជីវកម្មកើនឡើង ៦២% លើសការធ្វើអាជីវកម្មតាមបែបប្រពៃណី ហើយអតិថិជនស្គាល់ផលិតផលនិងសេវាកម្មកាន់តែច្រើន និងបន្តរក្សាទំនាក់ទំនងជាមួយអ្នកលក់បានល្អ (វាអាស្រ័យលើសេវាបំរើអតិថិជនដ៏ល្អរបស់អាជីវកម្មនីមួយៗដែរ)។ ដូចគ្នានេះដែរ ក្រុមហ៊ុនឬអាជីវកម្មដែលមាន Facebook Page ហើយធ្វើការ Boost Page សម្រាប់ដំណើរការអាជីវកម្មយើងឃើញថាអាចទទួលផលពីការផ្សព្វផ្សាយនេះច្រើន ជាមួយនិងការចំណាយទាប។

តាមការឲ្យដឹងពីគេហទំព័រ Forbes បានលើកឡើងថាក្រុមហ៊ុន ឬអាជីវកម្មដែលប្រើប្រាស់បណ្ដាញសង្គមអាចលក់ចេញបាន ៧៨% លើសអ្នកដែលមិនប្រើប្រាស់បណ្ដាញសង្គម ខណៈដែលក្រុមហ៊ុន IBM បានរកឃើញថា ការលក់តាមរយៈបណ្ដាញសង្គមហាក់មានសន្ទុះកើនឡើង ៧ ដងដែលអាចជំរុញឲ្យអតិថិជនសម្រេចចិត្តចំណាយលុយរបស់ខ្លួនដើម្បីទិញផលិតផល និងសេវាកម្មពីតាមបណ្ដាញសង្គម។

សម្រាប់អាជីវកម្មខ្នាតតូច ការចំណាយថ្លៃឲ្យមានប្រសិទ្ធិភាពជាកត្តាអាទិភាពមួយក្នុងការកំណត់ភាពជោគជ័យរបស់អាជីវកម្ម។ រាល់ការចំណាយដាច់ខាតត្រូវតបស្នងមកវិញដោយចំណូល និងផលចំណេញហើយក៏ជាអ្វីដែលអ្នកជាម្ចាស់អាជីវកម្មត្រូវគ្រប់គ្រងការចំណាយទាំងនោះឲ្យទទួលបានមកវិញនូវ ROI ខ្ពស់។

៧) អ្នកអាចកំណត់ និងបង្កើតទម្លាប់ទិញសម្រាប់អតិថិជន
៨៨% នៃអ្នកប្រើប្រាស់ច្រើនពិចារណាលើការសម្រេចចិត្តទិញទំនិញអ្វីមួយតាមរយៈបណ្ដាញសង្គម។ ក្នុងនោះ ២៣% នៃអ្នកចូលមើល (Visitor) អាចសម្រេចចិត្តទិញបន្ទាប់ពីចូលមើលការការចែករំលែក និង Comment ល្អៗពីផលិតផលឬសេវាកម្មរបស់អ្នក។ នៅពេលខ្លះ ភាពច្នៃប្រឌិតរបស់អ្នកអាចជាជំនួយឲ្យអ្នកទិញសម្រេចចិត្តទិញផលិតផលឬសេវាកម្ម ព្រោះមើលទៅប្លែក ផ្តល់ភាពងាយស្រួលដល់ជីវិតរស់នៅរបស់គេនាពេលបច្ចុប្បន្ន៕

ទាំងអស់នេះសុទ្ធសឹងជាផលប្រយោជន៍ដែលអ្នកអាចធ្វើឲ្យអាជីវកម្មរីកចម្រើនបានរហ័ស និងល្អប្រសើរតាមរយៈការប្រើប្រាស់ Digital Marketing។

ដោយ៖ យ៉ាយ៉ា

 

X
5s