សាកលវិទ្យាល័យ Harvard ថា ចង់ជោគជ័យដើរតាមគោលបំណង មិនមែនមហិច្ឆតាទេ​



“ដើរតាមមហិច្ចតារបស់ខ្លួន” គឺជាពាក្យពេញនិយមមួយដែលអ្នកធ្លាប់ស្តាប់ និងត្រូវបានបុគ្គលល្បីៗជាច្រើនលើកយកមកនិយាយថា នឹងធ្វើឲ្យអ្នកជោគជ័យ។ អ្នកជំនាញជាច្រើនបានផ្តល់ដំបូន្មានអ្នកថា ការខិតខំប្រឹងប្រែងធ្វើឲ្យអ្នកងប់ងល់ទៅនឹងការងារអ្វីមួយជាជាងផ្តោតលើអ្វីផ្សេងទៀតដែលនៅជុំវិញខ្លួនអ្នក។  

ក៏ប៉ុន្តែការលើកឡើងដែលអ្នកទទួលបានជារឿយៗកន្លងមកនោះ ត្រូវបានសាកលវិទ្យាល័យ Harvard ស្រាវជ្រាវរកឃើញផ្ទុយពីនេះ។ សាស្រ្តាចារ្យ Jon Jachimowicz ដែលចេញផ្សាយព្រឹត្តិបត្រ Harvard Business Review បានផ្តល់អំណះអំណាងថា អ្នកគួរបំភ្លេចចោលមហិច្ឆតារបស់អ្នកទៅ ហើយផ្តោតលើគោលបំណងរបស់អ្នកជំនួសវិញ ប្រសិនបើអ្នកចង់ជោគជ័យ (Forget passion and focus on purpose instead)។

ហេតុអ្វីផ្តោតលើគោលបំណងជាជាងមហិច្ឆតារបស់អ្នក?

នៅពេលអ្នកគិតដល់មហិច្ឆតា អ្នកស្រមៃដល់ភាពរីករាយពេញចិត្តពេញថ្លើម និងពោរពេញដោយភាពស្នាមញញឹមចំពោះអ្វីដែលអ្នកធ្វើ។ ការពិត នេះវាជារឿងល្អហើយ។ ប៉ុន្តែសុភមង្គលនៃជីវិត គឺជាមាគ៌ាក្នុងអាជីពការងារដ៏អាក្រក់មួយ។ លោកសាស្រ្តាចារ្យ Jachimowicz បានបកស្រាយដូចខាងក្រោមនេះ។

នៅក្នុងការស្រាវជ្រាវរបស់លោកទៅលើបុគ្គលិករាប់រយអ្នក លោកបានសរសេរដូច្នេះថា៖ « យើងបានរកឃើញថា អ្នកដែលជឿជាក់លើមហិច្ឆតារបស់ខ្លួនមានន័យថា ធ្វើតាមអ្វីដែលអាចនាំមកនូវការពេញចិត្តមួយ ទំនងជាមិនទទួលបានជោគជ័យនោះទេ ហើយពួកគេមានទំនោរចង់លាឈប់ពីការងារនៅក្នុងរយៈពេល ៩ ខែក្រោយមក»

លោកបន្ថែមថា ការដេញតាមមហិច្ឆតា ធ្វើឲ្យអ្នកមានអារម្មណ៍តិចតួចផ្តោតលើការងាររបស់អ្នក ខណៈដែលជាជារឿយៗការងារវាមិនងាយស្រួល ហេត់នឿយ និងគួរឲ្យធុញទ្រាន់។ នៅត្រង់នេះតើអ្នកសុខចិត្តធ្វើការងារអ្វីក៏ដោយឲ្យតែបានប្រាក់ដែរឬទេ?  បើតាមលោកសាស្រ្តាចារ្យ Jachimowicz អ្នកត្រូវតែផ្តោតលើគោលបំណងរបស់អ្នកជាជាងមហិច្ឆតារបស់អ្នកនៅពេលគិតដល់មាគ៌ាជោគជ័យក្នុងជីវិត។

«ជំនួសឲ្យការសួរខ្លួនឯងពីអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត និង "ធ្វើតាមមហិច្ឆតារបស់អ្នក" អ្នកគួរសួរខ្លួនឯងនូវអ្វីដែលអ្នកយកចិត្តទុកដាក់ និងមានភាពចាំបាច់ខ្លាំងជាងគេបំផុតសម្រាប់អនាគតអាជីពការងាររបស់អ្នក។ ដោយផ្តោតលើគោលបំណង អ្នកត្រូវធ្វើឲ្យការងាររបស់អ្នកដើរស្របទៅនឹងគុណតម្លៃក្នុងជីវិតរបស់អ្នក ហើយអ្នកត្រូវធ្វើឲ្យខ្លួនឯងមានការរំពឹងទុកផងដែរថា  ការផ្តោតលើគោលបំណងក្នុងអាជីពការងាររបស់អ្នកក៏អាចធ្វើឲ្យអ្នកមានសុភមង្គល និងជីវិតត្រចះត្រចង់ផងដែរ »។  នេះជាការបញ្ជាក់បន្ថែមរបស់លោកសាស្រ្តាចារ្យ Jachimowicz៕ 

ប្រភព៖ Inc 

 

X
5s