ប្រុងប្រយ័ត្ន! គ្រឿងសម្អាង៨មុខត្រូវបានលុបប្រវេទន៍ចោលបន្ទាប់ពីរកឃើញសារធាតុហាមឃាត់
គួរមានការប្រុងប្រយ័ត្នខ្ពស់មុននឹងលោកអ្នកសម្រេចចិត្តជ្រើសរើសយកផលិតផលគ្រឿងសំអាងណាមួយមកប្រើប្រាស់ ជៀសវាងការបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលបង្ហាញពី ផលិតផលគ្រឿងសំអាងចំនួន០៨មុខត្រូវបានលុបប្រវេទន៍ចោល បន្ទាប់ពីរកឃើញថាសារធាតុហាមឃាត់ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង។
យោងតាម ASEAN Post Marketing Alert System ដែលរាយការណ៍ទីភ្នាក់ងារជាតិគ្រប់គ្រងឱសថនៃប្រទេសម៉ាឡេស៊ីចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បានលុបប្រវេទន៍គ្រឿងសំអាងចំនួន០៨មុខដែលរួមមាន ១.Dnars Gold GLOWING SERUM DAY, ២.Dnars Gold Balen Cream (Night), ៣.Tresors Natural Herbal Cream, ៤.Labeauty Booster Night Cream, ៥.Brilliant Skin Essentails-Rejuvenating Facial Toner, ៦.Brilliant Skin Essentails-Rejuvenating Cream, ៧.Crystal White-White Booster, ៨.RYX Skincerity-Rejuvenating Serum។
ផលិតផលទាំង០៨មុខខាងលើត្រូវបានរកឃើញថាបានលួចលាយនូវសារធាតុហាមឃាត់ដូចជា Chloramphenicol, Sulfamethoxazole, Trimethoprim, Ketoconazole, Triamcinolone Acetonide, Hydroquinone, Betamethasone Valerate, Mercury (បារត)។ បន្ទាប់ពីទទួលបានព័ត៌មាននេះក្រសួងសុខាភិបាលបានតាមដានយ៉ាងយកចិត្តទុកដាក់នឹងបានរកឃើញថា ក្នុងចំណោមគ្រឿងសំអាងទាំង០៨មាន០៤មុខដែលមិនមានលេខប្រវេទន៍ចុះនៅក្រសួងសុខាភិបាលឡើយ។
ប្រសិនបើបងប្អូនប្រទះឃើញផលិតផលទាំងនេះកំពុងចរាចរណ៍លើទីផ្សារសូមប្រញាប់ផ្ដល់ព័ត៌មានមកកាន់ក្រសួងសុខាភិបាលតាមរយៈទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕
ដោយ៖ ជួប ស្រីរ័ត្ន