ដំណឹងល្អ! មូលនិធិចក្ខុខ្មែរជួយព្យាបាលជំងឺភ្នែករយៈពេល៣ថ្ងៃដោយឥតគិតថ្លៃ
ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបញ្ហាភ្នែក និងខ្វះខាតថវិកាក្នុងការព្យាបាល មូលនិធិចក្ខុខ្មែរ ឬ Khmer Sight Foundation បានសហការជាមួយធនាគារ ភីភីស៊ី និងធនាគារ ជេប៊ី បានអញ្ជើញក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតជំនាញជំងឺភ្នែកពីប្រទេសកូរ៉េ មកធ្វើការព្យាបាលជូនប្រជាជនកម្ពុជាដែលមានបញ្ហាភ្នែកដោយមិនគិតថវិកា។ ការពិនិត្យនឹងចាប់ផ្ដើមធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាសាកលវិទ្យាល័យពុទ្ធិសាស្រ្ត រាជធានីភ្នំពេញ។
លោក Shin Chang Moo ប្រធានធនាគារ ភីភីស៊ី បានលើកឡើងថា នេះជាសកម្មភាពលើកទី០៤ហើយដែលបានសហការរៀបចំឡើង ហើយនឹងបន្តសកម្មភាពមនុស្សធម៌នេះជារៀងរាល់ឆ្នាំ។ តាមរយៈរបាយការណ៍បានបង្ហាញថា ជាមធ្យមប្រជាជនដែលមកទទួលការព្យាបាលភ្នែកតាមរយៈមូលនិធិមានប្រមាណជាង១០០នាក់ ដោយក្នុងនោះមានការបែងចែកទៅតាមស្ថានភាពជំងឺ។
លោក Shin ប្រាប់ថា «ដោយសារតែខ្ញុំមានអាជីវកម្មនៅកម្ពុជា ដូច្នេះហើយខ្ញុំចង់ផ្ដល់នូវអ្វីមួយត្រឡប់ទៅឲ្យប្រជាជនកម្ពុជាវិញតាមរយៈការធ្វើការងារមនុស្សធម៌ ហើយនេះគឺជាសកម្មភាពលើកទី០៤ហើយ ហើយក៏បន្តធ្វើជារៀងរាល់ឆ្នាំ។ សកម្មភាពនេះមិនមែនមានតែនៅរាជធានីភ្នំពេញនោះទេ ប៉ុន្តែក៏ធ្លាប់ធ្វើនៅតាមបណ្ដាខេត្តមួយចំនួនផងដែរដូចជា ខេត្តកំពត (ស្រុកឈូក) ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល»។
សកម្មភាពលើកទី០៤នេះក្រុមការងារ ដែលរួមមានវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ និងក្រុមការងារស្ម័គ្រចិត មានចំនួនសរុប៥៦នាក់។ ចំពោះចំនួនប្រជាជនខ្មែរដែលមកទទួលការព្យាបាលសរុបរយៈពេល០៤លើកនេះគឺមានចំនួនជាច្រើនរយនាក់មកហើយ ដោយក្នុងនោះចំពោះការព្យាបាលភ្នែកគឺមានតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះ ចំណែកឯតាមបណ្ដាខេត្តគឺក្រុមគ្រូពេទ្យធ្វើការព្យាបាលជំងឺទូទៅ។
មូលនិធិចក្ខុខ្មែរមាន លោកឧកញ៉ា ង៉ូវ ស្រ៊ុន (SEAN NGU) គឺជាប្រធានមូលនិធិ ដែលកន្លងមកលោកតែងតែសហការ និងបានរៀបចំនូវសកម្មភាពមនុស្សធម៌ជាច្រើនជូនប្រជាជនកម្ពុជាដែលមានជីវភាពខ្វះខាត។ គួរបញ្ជាក់ថា នៅក្នុងកម្មវិធីគំហើញថ្មី ឆ្នាំ២០១៨ កន្លងទៅ មានអ្នកជំងឺកម្ពុជាជាង៤០០នាក់បានទទួលការត្រួតពិនិត្យវេជ្ជសាស្ត្រ និងអ្នកជំងឺចំនួន៨៤នាក់ ទទួលបានការវះកាត់ភ្នែកប្រកបដោយដោយភាពជោគជ័យ៕
អត្ថបទ៖ ជួប ស្រីរ័ត្ន