វិធាន ៧ យ៉ាងជួយត្រួសត្រាយផ្លូវរបស់អ្នកឆ្ពោះទៅរកភាពជោគជ័យ​



នៅក្នុងជីវិត អ្នកប្រាកដជាធ្លាប់សួរខ្លួនអ្នកថាតើអ្នកទទួលបានជោគជ័យហើយឬនៅ? តើធ្វើដូចម្ដេចដើម្បីទទួលបានជោគជ័យ? គន្លឹះនៃភាពជោគជ័យជាការត្រួសត្រាយផ្លូវរបស់អ្នកឆ្ពោះទៅរកភាពជោគជ័យ។ ជាការពិតគឺភាពជោគជ័យត្រូវបានមនុស្សជាច្រើនឲ្យនិយមន័យខុសៗគ្នា។ សម្រាប់មនុស្សជាច្រើនវាជាទ្រព្យសម្បត្តិហិរញ្ញវត្ថុនិងសេរីភាពគឺជាភាពជោគជ័យ ប៉ុន្តែចំពោះអ្នកដទៃជោគជ័យអាចជាសេចក្តីរីករាយ ឬការរស់នៅដោយភាពរីករាយជាដើម។ អ្នកមិនចាំបាច់ប្រៀបធៀបកន្លែងដែលអ្នកនៅជាមួយអ្នកផ្សេងទេពីព្រោះវាមិនមែនជាភាពជោគជ័យនោះទេ។ អ្នកអាចក្លាយជាមហាសេដ្ឋីដែលមានប្រាក់ច្រើនប៉ុន្តែអ្នកនឹងវេទនា ប្រសិនបើអ្នកធ្វើការ ១៦ ម៉ោងក្នុងមួយថ្ងៃដោយមិនដែលជួបជុំក្រុមគ្រួសាររបស់អ្នក ហើយមិនអាចមានពេលសម្រាប់វិស្សមកាល ឬនៅជាមួយមនុស្សដែលអ្នកស្រលាញ់។ ខាងក្រោមនេះជាផ្លូវ ៧យ៉ាងដែលអាចត្រួសត្រាយផ្លូវដើម្បីទៅរកភាពជោគជ័យបាន៖

១) ផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក
ជារឿយៗអ្វីដែលរារាំងអ្នកនៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យមិនមានអ្វីទាក់ទងនឹងជំនាញឬការគាំទ្រផ្នែកហិរញ្ញវត្ថុនោះទេ ប៉ុន្តែអ្វីគ្រប់យ៉ាងចាប់ផ្ដើមដោយផ្នត់គំនិត។ ឧទាហរណ៍ដូចជាសហគ្រិនភាពឧបសគ្គធំបំផុតចំពោះជោគជ័យសម្រាប់ម្ចាស់អាជីវកម្មភាគច្រើនគឺគិតថាអ្នកកំពុងរកស៊ីលក់សេវាកម្មឬផលិតផល។ អ្នកត្រូវធ្វើការផ្លាស់ប្តូរការគិតរបស់អ្នកប្រសិនបើអ្នកចង់ទទួលបានជោគជ័យ។ តើអ្នកមានអ្វីដែលខុសគ្នាពីដៃគូប្រកួតប្រជែងរបស់អ្នក? ហេតុអ្វីបានជាអ្នកត្រូវជួល? កុំផ្តោតលើជំនាញរបស់អ្នកឬបទពិសោធន៍ប៉ុន្មានឆ្នាំដែលអ្នកមាន។ តើអ្វីដែលអ្នកអាចសម្រេចបានដើម្បីទាក់ទាញក្រុមហ៊ុនផ្សេង?

២) សុំជំនួយ
មិនមានអ្វីដែលត្រូវខ្មាស់អៀនក្នុងការទទួលស្គាល់ការសុំជំនួយនោះទេ។ ផ្លូវទៅកាន់ភាពជោគជ័យមិនមែនមានន័យថាអ្នកត្រូវធ្វើវាតែម្នាក់ឯងនោះទេ។ ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មអ្នកត្រូវមានជំនឿទុកចិត្តលើមិត្តរួមការងារ ឬអ្នកណែនាំរបស់អ្នកដើម្បីជួយអ្នកឱ្យសម្រេចគោលដៅរបស់អ្នក។ ការសិក្សារបស់សាកលវិទ្យាល័យ Olivet Nazarene បានរកឃើញថា ៧៦% នៃមនុស្សដែលមានអ្នកជួយណែនាំចាត់ទុកបុគ្គលទាំងនោះថាមានទម្ងន់ទៅលើភាពជោគជ័យក្នុងជីវិត។ សំខាន់ជាងនេះទៅទៀតពួកគេនឹងអបអរការឈ្នះរបស់អ្នកពីព្រោះពួកគេបានវិនិយោគលើភាពជោគជ័យរបស់អ្នក។ វាជាការឆ្លុះបញ្ចាំងពីការណែនាំរបស់ពួកគេ។ ដូច្នេះកុំខ្លាចក្នុងការស្នើសុំជំនួយពីអ្នកដ៏ទៃ ពីព្រោះភាពជោគជ័យមិនមែនត្រូវដើរម្នាក់ឯងនោះទេ។

៣) រៀនធ្វើជាអ្នកចាត់ចែង
អ្នកគ្រប់គ្រងនិងអ្នកដឹកនាំទាំងអស់ត្រូវតែចេះធ្វើការចាត់ចែងការងារ។ ការស្វែងយល់ពីវិធីនិងពេលវេលាដើម្បីបែងចែកទំនួលខុសត្រូវដល់អ្នកដទៃគឺចាំបាច់ក្នុងការរក្សាបាននូវផលិតភាពខ្ពស់ទាំងផ្ទាល់ខ្លួននិងអង្គភាព។ ការដឹងពីរបៀបធ្វើប្រតិភូកម្មក៏ចាំបាច់សម្រាប់ការដឹកនាំប្រកបដោយប្រសិទ្ធភាពដែរ ពីព្រោះអ្នកតែម្នាក់ឯងមិនអាចសម្រេចកិច្ចការធំបានទេ។

៤) ហ៊ានបង្កើតកំហុស
កុំមានការភ័យខ្លាចក្នុងការធ្វើខុស ការពិតគឺថាអ្នកនឹងបរាជ័យនៅចំណុចខ្លះនៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យ ជាពិសេសអ្នកអាចនឹងបរាជ័យច្រើនដង។ ប៉ុន្តែភាពបរាជ័យមិនមែនជាការចង្អុលបង្ហាញពីសមត្ថភាពរបស់អ្នកនោះទេវាគ្រាន់តែជាបទពិសោធន៍នៃការរៀនសូត្រមួយផ្សេងទៀត។ គ្មាននរណាម្នាក់ចូលចិត្តបរាជ័យទេ ប៉ុន្តែប្រសិនបើអ្នកមិនធ្លាប់ជួបភាពបរាជ័យដែលកើតឡើងដោយការបាត់បង់ឬធ្វើខុស នោះអ្នកពិតជាពេញចិត្តនិងអបអរសាទរចំពោះជោគជ័យរបស់អ្នកនោះទេ។

៥) វិនិយោគលើខ្លួនឯង
ត្រូវព្យាយាមធ្វើខ្លួនអ្នកឱ្យកាន់តែប្រសើរឡើង នោះហើយជាមូលហេតុដែលអ្នកមិនគួរឈប់រៀន។ ចូរមានភាពអត់ធ្មត់ហើយនិយាយយល់ព្រម ចំពោះឱកាសដែលអ្នកចូលមក។ មិនថាវគ្គសិក្សាតាមអ៉ិធឺណិតដោយឥតគិតថ្លៃ សិក្ខាសាលា ឬឱកាសដើម្បីចូលរួមជាមួយអ្នកណែនាំដ៏ល្បីល្បាញ ឬក៏ចំណាយពេលវេលាអានសៀវភៅជាដើម សូមចាប់យកឱកាសទាំងនេះ។ អ្នកនឹងជួបមនុស្សដែលអាចជួយបង្កើនអាជីពរបស់អ្នកឬបង្កើនជំនួញរបស់អ្នក។ អ្នកខ្លះទទួលបានជោគជ័យ ហើយខ្លះទៀតកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យប៉ុន្តែពួកគេទាំងអស់អាចជួយអ្នកបាន។

៦) បង្កើតផែនការសកម្មភាព
តើអ្នកនឹងទទួលបានជោគជ័យយ៉ាងដូចម្តេច? តើផែនការសកម្មភាពរបស់អ្នកជាអ្វី? ចូរសរសេរវាចូលទៅក្នុងសៀវភៅ។ តាមការសិក្សាមួយបានរកឃើញថាមនុស្សដែលបានសរសេរគោលដៅរបស់ពួកគេគឺទទួលបានជោគជ័យជាង ៣៣ភាគរយក្នុងការសម្រេចបានលទ្ធផល។ នៅពេលដែលអ្នកបានកំណត់យ៉ាងច្បាស់នូវផែនការរបស់អ្នក នោះហើយជាផែនទីបង្ហាញផ្លូវអ្នកឆ្ពោះទៅរកភាពជោគជ័យ។ សូមយកវាទៅបិតលើជញ្ជាំងរបស់អ្នក និងចំណាយពេលបន្តិចក្នុងមួយថ្ងៃៗដើម្បីពិនិត្យគោលដៅរបស់អ្នកឡើងវិញ ហើយសម្រេចគោលដៅដែលអ្នកបានសម្រេច។ ការធ្វើបែបនេះនឹងជួយជំរុញទឹកចិត្តអ្នកនិងធ្វើឱ្យអ្នកហ៊ានប្តេជ្ញាចិត្តក្នុងចាប់យក្ក្តីសុបិនរបស់អ្នកជាមិនខាន។

៧) មិនបោះបង់
ផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យត្រូវត្រួសត្រាយដោយភាពបរាជ័យ។ អ្នកនឹងជួបប្រទះបញ្ហារាប់មិនអស់ នេះគឺជារឿងធម្មតាទៅហើយ មិនថាអ្នកជាអ្នកណាក៏ដោយអ្នកនឹងជួបភាពបរាជ័យជាមិនខាន។ ប្រសិនបើផ្លូវឆ្ពោះទៅរកភាពជោគជ័យមានភាពរលូននោះប្រហែលជាមនុស្សគ្រប់គ្នាជោគជ័យបាត់អស់ទៅហើយ។ មានបុគ្គលមួយចំនួនបរាជ័យព្រោះពួកគេបានលះបង់ឆាប់ពេក និងមានខ្លះទៀតជាមនុស្សគ្មានសមត្ថភាពអស្ចារ្យ តែគេអាចទទួលបានជោគជ័យដ៏ធំធេងពីព្រោះពួកគេមិនព្រមចុះចាញ់ដោយងាយៗ។ ពួកគេបានប្តេជ្ញាធ្វើឱ្យវាដំណើរការហើយរាល់ការបរាជ័យគឺគ្រាន់តែជាមេរៀនមួយទៀតលើមាគ៌ាឆ្ពោះទៅរកភាពជោគជ័យប៉ុណ្ណោះ៕

ដោយ៖ ជា ធារិទ្ធ

 

X
5s