កុំញៀននឹងការប្រើប្រាស់បច្ចេកវិទ្យាពេក! ប្រយ័ត្នកើតជំងឺ២ប្រភេទនេះ
ថ្វីត្បិតតែការប្រើប្រាស់បច្ចេកវិទ្យា និងបណ្ដាញសង្គមនានាបានផ្ដល់អត្ថប្រយោជន៍និងភាពងាយស្រួលជាច្រើនដល់អ្នកប្រើប្រាស់ក៏ពិតមែន ប៉ុន្តែអ្នកមិនគួរញៀននឹងការប្រើប្រាស់រហូតធ្វើឲ្យបច្ចេកវិទ្យា និងប្រព័ន្ធទំនើបទាំងនោះអាចគ្រប់គ្រងលើអ្នកបាននោះទេ។ ព្រះតេជគុណ គូ សុភាព មានសង្ឃដីកាថា «យើងអាចប្រឈមនឹងការកើតជំងឺតានតឹង(ស្ត្រេស) និងជំងឺបាក់ទឹកចិត្ត(Depression) ប្រសិនបើញៀននឹងការប្រើប្រាស់តិកណូឡូជីខ្លាំងពេក» ការលើកឡើងនេះធ្វើឡើងនៅក្នុងសិក្ខាសាលាសុខភាព លើប្រធានបទ "ជំងឺធ្លាក់ទឹកចិត្តនិងជំងឺថប់អារម្មណ៍" ដែលរៀបចំដោយវិទ្យុផ្កាឈូក កាលពីពេលកន្លងទៅ។
ព្រះតេជគុណ គូ សុភាព បានលើកឡើងជាឧទាហរណ៍ថា ប្រសិនបើយើងលេងបណ្ដាញសង្គម(fb) បើក្នុងចំណោមមិត្តទាំង៥០០០នាក់របស់អ្នក មានអ្នកកើតទុក្ខ(sad)ត្រឹមតែ២០០នាក់ ហើយតែងបង្ហោះសារក្រៀមក្រំផ្សេងៗ នោះនឹងធ្វើឲ្យអ្នកធុញថប់ហើយកើតទុក្ខតាមពួកគេ។ ដូច្នេះមុនពេលឡាចផេក ឬទទួលយកមិត្តណាម្នាក់ក្នុងហ្វេសប៊ុក អ្នកត្រូវប្រុងប្រយ័ត្នព្រោះជួនកាលរបស់ទាំងនោះប្រៀបដូចសំរាម ប្រសិនបើគេយកមកចាក់នៅផ្ទះរបស់អ្នករាល់ថ្ងៃនោះនឹងធ្វើឲ្យអ្នកមានជំងឺ។
ព្រះអង្គបន្តថា យើងមិនត្រូវផ្ញើសេចក្ដីសុខនឹងរបស់ក្រៅខ្លួននោះទេ មានមនុស្សមួយចំនួនឃើញគេបង្ហោះបង្អួតផ្ទះ បង្អួតលុយឡាន មានចិត្តច្រណែនចង់បានដូចគេ ពេលដែលមិនបានតូចចិត្ត ខឹង មួម៉ៅ ពិបាកតែខ្លួនឯង។ ដូច្នេះត្រូវចេះសង្រួមឥន្រ្ទីយ៍ គិតរឿងល្អៗ ហើយគួរកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធអស់ទាំងនោះ។
វិធីកាត់បន្ថយការប្រើប្រាស់ព្រះអង្គប្រាប់ថា ត្រូវបិតប្រព័ន្ធ notification ចោល ព្រោះតាមការស្រាវជ្រាវប្រព័ន្ធនេះបានធ្វើឲ្យមនុស្សជាច្រើនញៀននឹងការប្រើប្រាស់ ជាក់ស្ដែងនៅពេលបង្ហោះរូបគឺតែងតែរង់ចាំមើលចំនួនអ្នក ឡាច និងខមិន ដែលវាធ្វើឲ្យអ្នកនៅមិនស្ងប់ ចេះតែចង់ឆែកមើល និងមិនអាចគ្រប់គ្រងខ្លួនឯងបាន ទាំងនោះមានន័យថាប្រព័ន្ធទាំងនោះកំពុងតែគ្រប់គ្រងអ្នកហើយ។ ដូច្នេះ គួររៀនកាត់បន្ថយកាត់បន្ថយការប្រើប្រាស់ និងគ្រប់គ្រងលើប្រព័ន្ធទាំងនោះវិញ៕
រូបភាព៖ Kou Sopheap
ដោយ៖ ជួប ស្រីរ័ត្ន