អ្នកភ្នំពេញត្រូវដឹង៖ សំលៀកបំពាក់ប្រភេទនេះត្រូវបានហាមឃាត់អំឡុងពិធីបុណ្យឯករាជ្យជាតិនិងបុណ្យអុំទូក
កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ រដ្ឋាភិបាលរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសជូនដំណឹងជាសាធារណៈ ដល់សាធារណៈជននិងអាជីវករលក់ដូរទាំងអស់ទូទាំងរាជធានីភ្នំពេញ នឹងមិនត្រូវអនុញ្ញាតឲ្យធ្វើការលក់ដូរ ការទិញ និងប្រើប្រាស់នូវសម្លៀកបំពាក់មានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ដែលមានអក្សរ POLICE PM ARMY ជាដើម និងវិទ្យុទាក់ទងផ្សេងៗដោយគ្មានការអនុញ្ញាត ក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នោះឡើយ។
ទន្ទឹមនេះ រដ្ឋាភិបាលរាជធានីភ្នំពេញបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រួតពិនិត្យបន្ថែមលើការហាមឃាត់ខាងលើ។ ប្រសិនបើមានសកម្មភាពនេះកើតឡើង ត្រូវចាត់វិធានការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពទាំងនោះជាបន្ទាន់ បើក្នុងករណីនេះបង្កជាបទល្មើសជាក់ស្ដែង ត្រូវឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ រដ្ឋាភិបាលរាជធានីភ្នំពេញមានសេចក្ដីសង្ឃឹមទុកជាមុនថា សាធារណៈជន និងបងប្អូនអាជីវករទាំងអស់ និងចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕