ហេតុផលទាំង ៨ ដែលធ្វើឲ្យបុគ្គលិករបស់ Mark Zuckerberg ស្រលាញ់ការដឹកនាំរបស់លោក​



គ្រប់គ្នាសុទ្ធតែស្គាល់សេដ្ឋីវ័យក្មេងដែលជាស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg ព្រោះគ្រប់គ្នាសុទ្ធតែមានគណនីបណ្តាញសង្គម Facebook។ ជាអ្នកជំនួញវ័យក្មេងចាប់ផ្តើមអាជីវកម្មក្នុងអំឡុងពេលសិក្សានៅសកលវិទ្យាល័យ ដោយបង្កើតជាផ្លេតហ្វមបណ្តាញសង្គមមួយជាមួយមិត្តរួមថ្នាក់ក្នុងឆ្នាំ ២០០៤។ ១៤ ឆ្នាំក្រោយ ពោលគឺនៅឆ្នាំ ២០១៨ Facebook បានក្លាយជាបណ្តាញសង្គមមួយដែលមានប្រជាប្រិយភាព និងមានឥទ្ធិពលបំផុតក្នុងពិភពលោក ដែលមានអ្នកប្រើប្រាស់ប្រមាណជា ២.២ ប៊ីលាននាក់ក្នុងមួយឆ្នាំ។

រឿងមួយនៅពីក្រោយភាពជោគជ័យដ៏ធំសម្បើមរបស់ក្រុមហ៊ុន Facebook នោះគឺជាការគ្រប់គ្រងរបស់ស្ថាបនិករូបនេះ ព្រោះលោកជាបុគ្គលមួយរូបដែលតែងទាមទារឲ្យមានការច្នៃប្រឌិត និងការរីកចម្រើនឥតឈប់ឈរ ហើយ Mark ចូលចិត្តការការជជែកពិភាក្សា ការប្រកួតប្រជែង និងការប្រឈមជាមួយបញ្ហា។

គេបានកត់សម្គាល់ថា Mark ប្រើស្ទីលទាំងបីតែម្តងក្នុងការដឹកនាំធុរកិច្ចនោះគឺ ការគ្រប់គ្រងផ្តាច់ការឬស្វ័យភាព (autocratic) ប្រជាធិបតេយ្យ (democratic) និង បែបសេរីភាពពេញលេញនិងមានការត្រួតត្រាតិចតួចពីអ្នកគ្រប់គ្រង (laissez-faire)។ មានហេតុផលជាច្រើនដែលធ្វើឲ្យបុគ្គលិករបស់ក្រុមហ៊ុន Facebook ពេញចិត្តនិងស្រលាញ់ការគ្រប់គ្រងរបស់ Mark៖

១) Mark ព្យាយាមកាត់ចោលឋានានុក្រមគ្រប់គ្រង

ការព្យាយាមកាត់ចោលឋានានុក្រមនៃការគ្រប់គ្រងនេះមានន័យថា Mark បណ្ដុះទម្លាប់នៃការឲ្យតម្លៃលើការបញ្ចេញយោបល់របស់បុគ្គលិកគ្រប់គ្នា ជាជាងការដាក់ការងារនិងអំណាចគ្រប់គ្រងដោយផ្អែកលើតួនាទី អាយុ និងបទពិសោធន៍។ ការធ្វើបែបនេះបានធ្វើឲ្យបុគ្គលិកគ្រប់បានគ្នាចូលរួមក្នុងការបញ្ចេញមតិដើម្បីស្វែងរកអ្វីថ្មីៗ និងដោះស្រាយបញ្ហាកំពុងប្រឈមបានច្រើន ហើយបុគ្គលិកយល់ឃើញថាពួកគេត្រូវបានអ្នកគ្រប់គ្រងឲ្យតម្លៃគ្រប់គ្រាន់ក្នុងក្រុមហ៊ុន។

២) Mark លុបចោលរបាំងរវាងថ្នាក់ដឹកនាំនិងបុគ្គលិក

ជាធម្មតារវាងថ្នាក់ដឹកនាំ និងបុគ្គលិកមិនអាចស្ថិតនៅលើបន្ទាត់តែមួយបានទេ សូម្បីកន្លែងធ្វើការងារក៏ច្រើនតែអ្នកមានឋានៈខ្ពស់ចាប់ពីប្រធានគ្រប់គ្រងទៅតែងមានបន្ទប់ដាច់ឡែកដែរ។ តែនៅក្នុងក្រុមហ៊ុន Facebook Mark បានរៀបចំកន្លែងការងារដោយប្រើកញ្ចក់អាចមើល និងប្រាស្រ័យទាក់ទងគ្នាដោយងាយស្រួល។

៣) Mark មានចក្ខុវិស័យច្បាស់លាស់

មហិច្ឆតាក្នុងជីវិតរបស់ Mark គឺបង្កើតអ្វីថ្មីៗ និងអាចបើកចំហរទំនាក់ទំនងរវាងមនុស្សក្នុងពិភពលោកជាមួយការប្តេជ្ញាចិត្តដ៏មុះមុតមិនផ្លាស់ប្តូរ។

៤) Mark ជាមនុស្សដែលមិនចុះញ៉មនឹងបញ្ហា

ជាអ្នកដឹកនាំដែលមានឆន្ទៈ មានភាពក្លាហាន មិនចុះចាញ់ជាមួយបញ្ហា មានតែភាពជម្រុញលើកទឹកចិត្តបុគ្គលិកក្នុងការបំពេញការងារ និងបណ្ដុះភាពក្លាហានដល់បុគ្គលិកឲ្យចេះធ្វើការសម្រេចចិត្ត និងឈរលើគោលការណ៍ជាក់លាក់។ Mark មិនរំពឹងឲ្យបុគ្គលិកដើរតាមការសម្រេចចិត្តរបស់លោកទាំងស្រុង ១០០ភាគរយទេ លោកចង់ឲ្យបុគ្គលិកមានការបញ្ចេញមតិយោបល់មួយចំនួនលើការសម្រេចចិត្តរបស់គាត់។

៥) Mark តែងសំឡឹងមើលលទ្ធផលការងារជាជាងភាពសមភ្នែក

ការគោរពចំពោះបុគ្គលិកគឺ Mark តែងធ្វើការសង្កេត វាស់វែងលើគុណភាព និងលទ្ធផលការងាររបស់គេ ដោយមិនផ្តោតសំខាន់លើថា បុគ្គលិកមកធ្វើការទាល់តែមានអាវធំ ចងក្រវ៉ាត់ក រៀបចំតុបានស្អាតមានរបៀបជានិច្ចនោះទេ។ ហើយអ្នកទាំងអស់គ្នាក៏អាចសង្កេតបានដែរថា Mark តែងស្លៀកខោខូវប៊យ និងអាវយឺត លោកគិតថាវាផ្តល់ភាពងាយស្រួលដល់ការធ្វើការងារព្រោះលោកត្រូវចំណាយពេលយូរក្នុងការអង្គុយធ្វើការ មិនមែនត្រឹមតែ ២ ទៅ ៣នាទីទេ ដូច្នេះវាក៏ដូចគ្នាដែរសម្រាប់បុគ្គលិកលោក។ 

៦) Mark ផ្តល់ឲ្យបុគ្គលិកលើសពីប្រាក់

ធ្វើការងារនៅកន្លែងមួយដែលអាចមានអាហារថ្ងៃត្រង់ញ៉ាំដោយមិនចាំបាច់ចំណាយប្រាក់ មានកន្លែងសម្រាក រួមទាំងបរិយាកាសនៅកន្លែងការងារល្អជាអ្វីដែលមនុស្ស និងបុគ្គលិកគ្រប់រូបចង់បាន។ គ្រប់គ្នាដែលធ្វើការនៅក្រុមហ៊ុន Facebook អាចបំបាត់ភាពតានតឹងដោយមិនចាំបាច់ទាល់តែចេញពីក្រុមហ៊ុនទៅរកការលំហែនៅខាងក្រៅ នេះជាចំណុចពិសេសរបស់ក្រុមហ៊ុនមួយនេះ។

៧) ផ្តល់អំណាចដល់បុគ្គលិក

បុគ្គលិកដែលធ្វើការក្នុងក្រុមហ៊ុន Facebook គឺសុទ្ធសឹងជាបុគ្គលិកដែលមានគំនិតច្នៃប្រឌិតខ្ពស់ ពួកគេមិនត្រូវឈឺក្បាលចំពោះការងារបែបការិយាធិបតេយ្យ អាចបញ្ចេញមតិ ការយល់ឃើញ និងផ្លាស់ប្តូរអ្វីដែលហួសសម័យចោល។ ទោះជាយ៉ាងណាវាជារឿងពិបាកមួយ ក្នុងការគ្រប់គ្រងក្រុមហ៊ុនដែលមានបុគ្គលិករាប់ពាននាក់ ហើយពួកគេអាចធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ តែជាលទ្ធផល Mark នៅតែអាចធ្វើបាន។

៨) Mark រក្សាទំនាក់ទំនងយ៉ាងជិតស្និតជាមួយបុគ្គលិក

ភាពស្និតស្នាលជាមួយបុគ្គលិកនាំឲ្យលោកអាចគ្រប់គ្រងពួកគេបានល្អ ដោយលោកមិនចាំបាច់ព្យាយាមត្រួតត្រាពួកគេ តែអ្វីដែលលោកបានធ្វើគឺការផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តលើការងាររបស់បុគ្គលិក។ ជាការពិតដែលថា Mark នៅតែចូលរួមសកម្មភាពជ្រាលជ្រៅជាមួយចក្ខុវិស័យ និងប្រតិបត្តិការរបស់ Facebook នេះបង្ហាញថាវាមិនមែនសម្រាប់តែប្រាក់ទេ គឺ Mark ចង់ផ្លាស់ប្តូរពិភពលោកដោយស្របច្បាប់ ៕

ដោយ៖ យ៉ាយ៉ា

 

X
5s