កុំខំប្រឹងតែធ្វើការភ្លេចមើលសកម្មភាព ៨ នេះ ព្រោះវាមានតម្លៃណាស់សម្រាប់អាជីពការងារអ្នក
អ្នកត្រូវទទួលស្គាល់ថា ការខិតខំប្រឹងប្រែងធ្វើការគឺជារឿងសំខាន់ណាស់ ហើយនេះក៏មិនអាចបដិសេធបានដែរ។ ប៉ុន្តែអ្នកដឹងទេ! នៅមានទិដ្ឋភាពផ្សេងទៀតដែលមានឥទ្ធិពលចំពោះអនាគតភាពមានវិជ្ជាជីវៈក្នុងការងាររបស់អ្នកដែលមានតម្លៃជាងដោយគ្រាន់តែខិតខំប្រឹងប្រែងធ្វើការតែមួយមុខ។ ភាពទៀតទាត់ មកធ្វើការទាន់ពេលវេលា និងមានអាកប្បកិរិយាល្អជាដើមដូចដែលបានរៀបរាប់ខាងក្រោមនេះ អាចជួយកែលម្អមុខមាត់ក្នុងជំនាញរបស់អ្នក និងធ្វើឲ្យអ្នកក្លាយជាបុគ្គលិកឆ្នើមទៀតផង។
១.មកធ្វើការមុន ឬទាន់ពេល
កាលមកធ្វើការមុនគេ ឬទាន់ពេលវេលា គឺជាកូនសោសំខាន់ពីព្រោះថា បុគ្គលិក និងថ្នាក់ដឹកនាំគ្រប់គ្នានឹងមើលមកអ្នកនៅក្នុងរូបភាពបែបណា។ វាមានហេតុផលជាច្រើនដែលអាចធ្វើឲ្យអ្នកមកយឺត ដូចជា ស្ទះចរាចរណ៍ជាដើម ក៏ប៉ុន្តែការមកធ្វើការទាន់ពេលគឺជាឥរិយាបថមួយឆ្លុះបញ្ចាំងថា អ្នកជាបុគ្គលិកយកចិត្តទុកដាក់នឹងការងារ គោរពវិស័យ និងគួរឲ្យទុកចិត្តបាន។
២.ចេះបង្ហាញគំនិត និងដឹងពេលណាត្រូវនិយាយវាចេញមក
ការបញ្ចេញមតិរបស់អ្នកនៅកន្លែងការងារ វាបានបង្ហាញទៅដល់អ្នករួមការងារថា អ្នកជាបុគ្គលិកយកចិត្តទុកដាក់ខ្លាំងដើម្បីបំផុសឲ្យមានគំនិតផ្ទាល់ខ្លួន ហើយអ្នកមានភាពជឿជាក់លើខ្លួនឯង និងគោលជំហររបស់អ្នកនៅក្នុងក្រុមហ៊ុន។ ទន្ទឹមនឹងនេះអ្នកត្រូវចាំថា បុគ្គលិកដែលមានឥទ្ធិពលបំផុតមានការយល់ដឹងច្បាស់ពីរបៀបដែលត្រូវប្រើវាក្នុងឱកាសដ៏សមស្របមួយដើម្បីធ្វើឲ្យវិជ្ជាជីវៈរបស់ខ្លួនកាន់តែមានថាមភាព។
៣.ស្នើសុំជំនួយ
ដោយសារតែអ្នកមិនអាចចេះគ្រប់ដប់ពីការងាររបស់អ្នក ដូចច្នេះហើយពេលខ្លះអ្នកក៏ត្រូវការជំនួញពីក្រុមការងារ ឬចៅហ្វាយរបស់អ្នកដែរ។ វាមិនមែនជារឿងអន់ទេដែលអ្នកមានភាពក្លាហានក្នុងការលើកឡើងពីចំណុចខ្វះខាតរបស់អ្នក និងមានបំណងចង់ឲ្យអ្នកផ្សេងជួយអ្នកពិតប្រាកដមែននោះ។ ការស្នើសុំជំនួយនេះបានបង្ហាញថា អ្នកជាបុគ្គលិកមានការទទួលខុសត្រូវ មិនបណ្តែតបណ្តោយឲ្យភាពអាត្មានិយមខ្លួនឯងមកបំផ្លិចបំផ្លាញការងាររបស់អ្នកឡើយ។
៤.ពេញចិត្តការផ្លាស់ប្តូរ
ការផ្លាស់ប្តូរគឺជាគោលដៅមួយនៅកន្លែងការងារ។ មិនសំដៅថា អ្នកឡើងតំណែងថ្មី ធ្វើការជាមួយក្រុមការងារថ្មី ឬជាមួយអ្នកគ្រប់គ្រងថ្មីយ៉ាងណានោះទេ បើអ្នកជាបុគ្គលិកមានការផ្លាស់ប្តូរ និងអភិវឌ្ឍខ្លួនបានឆាប់រហ័ស អ្នកនឹងត្រូវបានផ្តល់តម្លៃជាងបុគ្គលិកដែលបានត្រឹមតែតស៊ួនឹងការងារ និងមិនចូលចិត្តផ្លាស់ប្តូរទៅទៀត។
៥.រក្សាបាននូវឥរិយាបទប្រកបដោយភាពវិជ្ជាជីវៈ
ចំណុចនេះមើលទៅដូចជាធ្ងន់ធ្ងរបន្តិច ប៉ុន្តែភាពមានជំនាញវិជ្ជាជីវៈរបស់អ្នកនឹងត្រូវបានគេវាយតម្លៃខ្ពស់នៅកន្លែងធ្វើការ។ នេះអាចមានន័យថា អ្នកជាបុគ្គលិកដែលអាចរក្សាបានអាកប្បកិរិយាល្អប្រកបដោយវិជ្ជាជីវៈ មិនធ្វើសកម្មភាពប្រាស់ចាកវិន័យក្នុងការងារ រក្សាបានភាពស្ងប់ស្ងាត់មិនជ្រួលជ្របល់នៅពេលមានស្ថានភាពតឹងតែង ឬមិនបង្ហាញចរិយាមាយាទស្អុយរលួយនិយាយដើមគ្នានៅកន្លែងធ្វើការជាដើម។
៦.ចិត្តទូលាយ និងរោះរាយរាក់ទាក់
សូមកុំមើលរំលងលើចំណុចនេះ។ ការខិតខំប្រឹងប្រែងធ្វើការរបស់អ្នកនឹងមិនសូវបានផ្តល់តម្លៃនោះឡើយប្រសិនបើអ្នកជាមនុស្សចិត្តចង្អៀតចង្អល់ និងមិនសូវស្វាគមន៍គោរពផ្តល់តម្លៃមនុស្សនៅជុំវិញខ្លួន។ អ្នកមិនចាំបាច់ជាបុគ្គលិកដែលមានរួបសម្បត្តិល្អស្អាតនោះទេ។ ជាទូទៅបុគ្គលិកដែលរោះរាយ និងចិត្តល្អតែងតែបង្កើតបរិយាកាសការងារឲ្យរស់រវើក ព្រមទាំងទទួលបានការគោរពស្រលាញ់រាប់អានច្រើនពីអ្នកដទៃទៀតផង។
៧.ចេះជួយកិច្ចការអ្នករួមការងារ
ក្រៅពីការស្នើសុំជំនួញទៅបុគ្គលិករួមការងារក្តី ឬចៅហ្វាយរបស់អ្នកក្តី អ្នកក៏ត្រូវចេះជួយពួកគេវិញដែរ។ វាមិនចាំបាច់តែការងារនោះធំដុំនោះទេ។ ការងារបន្តិចបន្តួចដូចជា ជួយលើកទឹកតែ ការហ្វេពេលមានកិច្ចប្រជុំ ឬជួយគ្នាសម្អាត និងរៀបចំតុធ្វើការឲ្យមានសោភ័ណ្ឌភាពក៏អាចចាត់ទុកថា ជាសណ្តាណចិត្តដ៏ល្អមួយរបស់អ្នកដែរ។ សូមចាំថា ការងារបន្តិចបន្តួចនេះ ច្រើនឬតិច ចៅហ្វាយរបស់អ្នកនឹងចំណាំទុកជាមិនខាន។
៨.ជាបុគ្គលិកដែលមានភាពសុទិដ្ឋិនិយម
ក្នុងកាលៈទេសៈណាក៏ដោយ មិនថាក្រុមហ៊ុន ឬបុគ្គលិកជួបបញ្ហា អ្នកតែងត្រៀមខ្លួនជាអ្នកចាំជួយជានិច្ច ផ្តល់ការលើកទឹកចិត្ត និងបង្ហាញភាពសុទិដ្ឋិនិយមខ្ពស់នោះបញ្ជាក់ពីភាពគួរឲ្យតម្លៃមួយរបស់ក្រុមហ៊ុនចំពោះអ្នក។ ក្រៅពីលទ្ធផលការងារ នេះគឺជាគុណសម្បត្តិពិសេសមួយដែលក្រុមហ៊ុនទាំងអស់ចង់បានពីអ្នកដោយសារតែវាជាគ្រឹះមួយដ៏មានតម្លៃជាស្វ័យប្រវត្តិទៅហើយក្នុងការលើកកម្ពស់ដល់គុណភាពការងារ៕
ប្រភព៖ Businessinsider