វេជ្ជបណ្ឌិតជំនាញ ប្រាប់៤វិធីសាស្ត្រងាយៗដើម្បីបង្ការនិងទប់ស្កាត់ជំងឺលើសឈាម
បើនិយាយពីជំងឺកាចសាហាវ មនុស្សភាគច្រើនប្រហែលជានឹកឃើញដល់ជំងឺមហារីក ប៉ុន្តែនៅមានជំងឺមួយប្រភេទទៀតដែលត្រូវបានគេចាត់ទុកថាជាឃាតកលាក់មុខដ៏សាហាវ ជាប់ចំណាត់ថ្នាក់លេខ១ ដែលបានឆក់យកអាយុជីវិតរបស់មនុស្សមិនតិចនាក់ឡើយក្នុងមួយថ្ងៃៗ នោះគឺជំងឺលើសសម្ពាធឈាម ឬលើសឈាម។
ជាមួយគ្នានេះ នៅក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ "ជំងឺលើសឈាម" ដែលរៀបចំដោយ មជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (Singapore Medical Center) កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩កន្លងទៅ លោកស្រី គុជ ឆោមដាលីន វេជ្ជបណ្ឌិតឯកទេសទូទៅនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី បានចែករំលែកនូវ ៤វិធីសាស្ត្រងាយៗទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ ដែលប្រជាជនគួរអនុវត្តដើម្បីបង្ការកុំឲ្យកើតជំងឺលើសឈាម និងទប់ស្កាត់មិនឲ្យជំងឺនេះវិវត្តកាន់តែធ្ងន់ធ្ងរ។
ទី១) ទាក់ទងនឹងរបបអាហារប្រចាំថ្ងៃ៖ ការញាំស្រា បារី ទាំងពីរមុខនេះមិនត្រឹមតែធ្វើឲ្យយើងប្រឈមជាមួយជំងឺលើសឈាមប៉ុណ្ណោះទេ ប៉ុន្តែនឹងបង្កឲ្យមានជំងឺជាច្រើនប្រភេទទៀត ដូច្នេះបើអាចគួរជៀសវាងឬកាត់បន្ថយការញ៉ាំ។ មួយទៀតគឺការញាំអាហារ យើងគួរទម្លាប់ញាំអាហារណាដែលសាប ពោលគឺកំណត់ខ្លួនឯងញ៉ាំជាតិអំបិលឲ្យបានតិចជាង៥ក្រាមក្នុងមួយថ្ងៃ ក្រៅពីនេះត្រូវកាត់បន្ថយអាហារជាតិខ្លាញ់ និងបង្កើនការញាំបន្លែផ្លែឈើ។
ទី២) សកម្មភាពប្រចាំថ្ងៃ៖ ត្រូវធ្វើលំហាត់ប្រាណ៣០នាទីក្នុងមួយថ្ងៃ និង២ទៅ៤ដងក្នុងមួយសប្ដាហ៍ ដោយសកម្មភាពទាំងនោះមិនចាំបាច់ច្រើនក៏បាន អាចជាការរាំតិចៗ លើកដៃជើង និងការដើរជាដើម។
ទី៣) ការគ្រប់គ្រងទម្ងន់៖ ត្រូវប្រាកដថា BMI របស់យើងតូចជាង៣០ អាចចន្លោះពី២៤ទៅ២៦គឺល្អ ប៉ុន្តែបើឡើងដល់២៨ទៅ២៩ត្រូវព្យាយាមសម្រកវាមកវិញ។ ការធ្វើ BMI គឺយកទម្ងន់ចែកឲ្យកម្ពស់លើកជាការ៉េ។
ទី៤ ទាក់ទងនឹងអារម្មណ៍៖ ត្រូវគ្រប់គ្រងអារម្មណ៍ធុញថប់របស់យើង តាមរយៈការបន្ធូរអារម្មណ៍ដោយស្ដាប់ធម៌ ស្ដាប់ចម្រៀង និងមានដំណើរកម្សាន្តជាដើម ដើម្បីធ្វើឲ្យអារម្មណ៍ស្រស់ថ្លាឡើងវិញ។ ព្រោះថាកាលណាដែលយើងស្ត្រេស ឬធុញថប់ច្រើន អរម៉ូននឹងចេញមកច្រើន ជាហេតុធ្វើឲ្យសរសៃឈាមយើងត្បៀតដែលនាំឲ្យកើតជំងឺលើសឈាម៕
ដោយ៖ ជួប ស្រីរ័ត្ន