សញ្ញាទាំង ៣នៃបំណុលគ្រោះថ្នាក់
មុនពេលមានរឿងមិនល្អកើតឡើងនៅក្នុងជីវិត ចក្រវាលតែងចេញសញ្ញាតឿនយើងជាដរាប នៅត្រង់ថាតើយើងបានយកចិត្តទុកដាក់ ឬក៏នៅស្ងៀមធ្វើមិនដឹង។
ទំងន់បញ្ហាចាប់ផ្តើមរីកធំឡើងតាមរយៈការរស់នៅខ្វះមុខ ខ្វះក្រោយ ភាពសោះអង្កើយនឹងគ្នាជាសញ្ញាប្រាប់ពីសម្ព័នភាពដែលចាប់ផ្តើមប្រេះឆា ការមិនស្រួលខ្លួនញឹកញាប់ មានរោគសញ្ញាផ្សេងៗតាមរាងកាយជាសញ្ញាប្រាប់ថាសុខភាពចាប់ផ្តើមមានភាពទ្រុឌទ្រោម។ ហើយសញ្ញាដូចខាងក្រោមនេះគឺរោគសញ្ញាបំណុលគ្រោះថ្នាក់ដែលទំពារស៊ីសុភមង្គលក្នុងជីវិតរបស់អ្នក។
១) រកលុយបានសងតែបំណុល
តាមពិតទៅជាអាការៈច្បាស់ណាស់ទៅហើយ តែមនុស្សភាគច្រើននៅតែធ្វើមិនដឹង មិនឃើញពីហានិភ័យន័យបំណុល ទោះបីជាខំរកលុយមកបានក៏សងតែបំណុលអស់ ខ្វះមុខ ខ្វះក្រោយ ការប្រាក់ក្លាយទៅជាដើម ស្ទើតែគ្មានលទ្ធភាពសងទៅហើយ។
បញ្ហារបស់អ្នករកលុយបានមកសងតែបំណុលដោយសារ ការប្រាក់ដែលថ្លៃ ចាប់ពី៣% ក្នុងមួយខែ ដោយគិតងាយៗបើជំពាក់គេ ១,០០០$ មួយឆ្នាំការប្រាក់ ៣៦% តែបើ ៥% ការប្រាក់រហូតដល់ ៦០% នេះមិនបាច់និយាយដល់ ១០% ផង បើសិនយើងសាកប្រៀបធៀបយកលុយ ១,០០០$ ដូចគ្នា រកផលចំណេញវិញម្តងពីការ ផ្ញើរធនាគារ ឬទិញភាគហ៊ុនវិញម្តងយើងនឹងបានទទួលផលតបស្នងដូចក្នុងតារាងខាងក្រោមនេះ ៖
ផ្ញើសន្សំគ្មានកំណត់ ២%-៣ % ក្នុង១ឆ្នាំ
ផ្ញើសន្សំគ្មានកំណត់ ៤%-៥% ក្នុង១ឆ្នាំ(ផ្ញើប្រាក់រៀលបានការប្រាក់ខ្ពស់ជាងនេះរហូត១០.៥%ក្នុង១ឆ្នាំ)
សញ្ញាប័ណ្ណ(មូលបំណុល) ៧%-១០% ក្នុង១ឆ្នាំ(ផ្តល់កម្ចីទៅក្រុមហ៊ុនតាមរយៈផ្សាមូលប័ត្រកម្ពុជា CSX បានការប្រាក់ងាប់ )
ទិញមូលប័ត្រ(ទិញហ៊ុន) ៥%-១៥% ក្នុង១ឆ្នាំ(អាចចំណេញច្រើនជាងនេះ តែអាចខាតក្នុងករណីខ្លះ)
បងប្ងូនឈើញទេទម្រាំតែទទួលបានប្រាក់ចំណេញ តែ ២-៣% ក្នុង១ឆ្នាំត្រួវចំណាយពេល ឬបើចង់បានច្រើនជាងនេះបន្តិចត្រូវមានចំណេះដឹង និងហ៊ានទទួលយកហានិភ័យដែលអាចកើតមានគ្រប់ពេល តែយើងវិញបង់ធនាគារ ១៨%ក្នុងឆ្នាំ និងទាំងដើមទាំងការរាល់ខែ ឬការប្រាក់១ឆ្នាំចាប់ពី ៣៦% តែគឹតជាខែចាប់ពី៣% រហូតដល់១០%ដោយត្រជាក់ល្អោកមិនខ្ចីខ្វាយខ្វល់រកផ្លូវដោះស្រាយ។
ដែលរឹតតែយ៉ាប់ជាងនេះបើទោះជាមានបំណុលជុំទិស ក៏នៅមានមនុស្សមួយចំនួន នៅតែបន្តចាយវាយដោយគ្មានគិត និងខ្ចីបណ្តាក់គ្រប់មធ្យោបាយរហូតទាល់តែខ្ចីលេងបានហើយគ្មានលទ្ធភាពសង។
ចូរចងចាំបំណុលបន្តិចបណ្តួចអាចជាចំណុចចាប់ផ្តើមន័យភាពឈឺចាប់ដ៏ខ្លាំងបំផុតដែលអាចបំផ្លាញជីវិតយើង បីដូចផ្កាភ្លើងអាចឆេះព្រៃបានទាំមូល។
នៅពេលដែលអ្នកចាប់ផ្តើមត្រូវសងបំណុលដែលនាំឲ្យចរន្តសាច់ប្រាក់ខ្វះជារៀងរាល់ខែ (ចំណូល ៥០០$ចំណាយ ៥៥០$) វាជាចំណុចចាប់ផ្តើមគ្រោះថ្នាក់នៃបំណុលដែលអាចនាំឲ្យអ្នកលិចលង់នៅពេលដ៏ខ្លីខាងមុខបើអ្នកមិនព្រមឈប់នោះទេ ឈប់បង្កើនបំណុលតាំងតែពេលនេះហើយរកវិធីដោះស្រាយវិញល្អបំផុត។
២) ភាគរយនៃការសងបំណុលលើសពី៤០%នៃប្រាក់ចំណូល
អត្រានេះជាអត្រាដែលប្រាប់ជាសញ្ញាលំដាប់ហានិភ័យរបស់បំណុលដែលអាចមានផលប៉ះពាល់ដល់លំហូរសាច់ប្រាក់របស់អ្នក(Cash Flow)។
វិធីគណនាងាយៗ ឧទាហរណ៍ លោក ជា បូណាន មានចំណូល ១,០០០$ មានបំណុលធនាគារ ១៥,០០០$ អត្រាការប្រាក់ ១៣.២% ក្នុង១ឆ្នាំ រយៈពេល៦ឆ្នាំ ត្រូវបង់ប្រចាំខែ ៣០៣$ ក្នុង១ខែ និងរំលស់ដីឡូតិ៍ តំលៃ ៤,៥០០$ ដោយរួមបញ្ចូលការប្រាក់ លក្ខខណ្ឌរំលស់១០០$ជារៀងរាល់ខែរយៈពេល២ឆ្នាំប្រាក់នៅសល់ត្រូវបង់ផ្តាច់។
ក្នុងករណីបែបនេះ លោក ជា បូណាន ត្រូវមានអត្រាបង់រំលស់គិតជាភាគរយនៃប្រាក់ចំណូលស្មើនឹង (៣០៣+១០០) x ១០០/១០០០ ឬគិតជាភាគរយ ៤០.៣%។
មនុស្សយើងបើត្រូវបង់រំលស់បំណុលគិតជាភាគរយខ្ពស់ ច្រើនតែលេចចេញជារូបរាងមកតាមរយៈ ដូចជាការខ្វះខាតប្រាក់ចាយចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ មិនឲ្យខ្វះយ៉ាងដូចម្តេចបើត្រូវបង់រំលស់អស់ឡើង ៤០% ជាងទៅហើយនោះ នៅមានបង់ពន្ធ និងកាតព្វកិច្ចផ្សេងៗទៀតសល់ប្រាក់ប្រើប្រាស់ផ្ទាល់ខ្លួនយ៉ាងច្រើនត្រឹម៤០%នៃប្រាក់ចំណូលតែប៉ុណ្នោះ។
នៅពេលដែលការបង់រំលស់បំណុលរបស់អ្នកលើសពី៤០% អ្នកគួរចាប់ផ្តើមផ្អាកបង្កើនបំណុល(អាក្រក់)បានហើយ ព្រោះបើលើសពីនេះប្រកដជាមិនមានអ្វីហូបនោះទេ(ចិញ្ចឹមជីវិត)។
៣) ខ្ចីបុលប្រាក់មកបង់រំលស់ធនាគារ
ករណីចូលដល់កម្រិតធ្ងន់ធ្ងរមែនទែនហើយ រហូតដល់ថ្នាក់បំណុលច្រើនដល់ប្រាក់ចំណូលមិនអាចសងគ្រប់ហើយក៏ជ្រើសយកវិធីខ្ចីបុល ចងការពីប្រភពថ្មីមករំលស់បំណុលខែនេះ ធ្វើឲ្យអាចដោះស្រាយបំណុលរួចបានមួយខែ ត្រូវត្រៀមខ្លួនលំបាករយៈពេលវែងឲ្យហើយទៅបាទ។
រោគសញ្ញាទាំងបីដែលរៀបរាប់ប្រាប់គឺ តាមលំដាប់គ្រោះថ្នាក់នៃការមានបំណុលវ័ណ្ឌក នៅពេលខាងមុខ សូមកុំបណ្តោយឲ្យបញ្ហារីករាលដាលដល់កម្រិតទី ៣ (ខ្ចីលុយសងបំណុល) រួចទើបគិតរកផ្លូវដោះស្រាយ។
ត្រឹមរកមកសងគេអស់ ក៏ល្មមភ្ញាក់ខ្លួនហើយចាប់ផ្តើមរកវិធីដោះស្រាយបញ្ហាជាមួយបំណុលយ៉ាងប្រកដប្រជា ព្រោះបើទុកបណ្តោយរហូតដល់ចងការមកបង់រំលស់ នោះល្ខោនជីវិតអ្នកច្បាស់ជាកំសត់ជាមិនខាន។ ព្រោះ រឿងដំបូងដែលអ្នកត្រូវធ្វើពេលអ្នកនៅក្នុងរណ្តៅគឺឈប់ជីកបន្តទៀត!
ដោយ៖ ជា បូណាន