អ្នកស្រាវជ្រាវរកឃើញថា សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកកាន់តែរឹងមាំ បើអ្នកផ្ដោតធ្វើរឿងមួយនេះ
បើនិយាយពីវិធីធ្វើឲ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកឲ្យរឹងមាំ អ្នកបានទទួលសារជាច្រើនតាមរយៈអត្ថបទចេញផ្សាយ ការណែនាំរបស់អ្នកជំនាញ និងប្រភពផ្សេងៗទៀតរាប់មិនអស់។ អ្នកបានអនុវត្តខ្លះ មិនអនុវត្តខ្លះ ទាំងបង្ខំខ្លួនឯងក៏មាន។ ប្រសិនបើអ្នកចង់ទទួលបានលទ្ធផលវិជ្ជមានចំពោះរឿងនេះ ដូច្នេះអត្ថបទនេះទំនងក្លាយជាសារដ៏មានប្រយោជន៍មួយទៀតសម្រាប់អ្នកដឹងថា តើគួរធ្វើអ្វីបន្ថែមទៀតដើម្បីឲ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកកាន់តែរឹងមាំ?
ឆ្លើយតបទៅនឹងសំនួរខាងលើ ការស្រាវជ្រាវជាច្រើនសុទ្ធតែបានអះអាងដោយយល់ស្របគ្នាពីសកម្មភាពមួយដែលអាចជួយរួមចំណែកធ្វើឲ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកកាន់តែរឹងមាំ។ នោះគឺ អំណរគុណ (Gratitude)។
១.អំណរគុណមានទំនោរទៅរកការហាត់ប្រាណច្រើនជាងមុន
យោងតាមព្រឹត្តិបត្រចេញផ្សាយរបស់សាកលវិទ្យាល័យ California ដែលស្តីពីបុគ្គលិកលក្ខណៈ និងចិត្តសាស្ត្រសង្គម ( Journal of Personality and Social Psychology) បានឲ្យដឹងថា អ្នកដែលសម្ដែងអារម្មណ៍អំណរគុណ មានអត្រាបញ្ហាសុខភាពធ្លាក់ចុះ មានពេលវេលាកាន់តែច្រើនដើម្បីហាត់ប្រាណ និងកាត់បន្ថយរោគសញ្ញាជំងឺផ្សេងៗនៅលើរាងកាយ។
២.អំណរគុណអាចកាត់បន្ថយបញ្ហាតានតឹងផ្លូវចិត្ត (ស្ត្រេស)
ការបង្កើនការលើកស្ទួយតម្លៃឲ្យខ្លួនឯង និងការបង្ហាញអារម្មណ៍វិជ្ជមានទៅអ្នកដទៃ ធ្វើឲ្យកម្រិតអ័រម៉ូនស្ត្រេសដែលមាននៅក្នុងខួរក្បាលរបស់អ្នកថយចុះដល់ទៅ ២៣%។ នេះបើយោងតាមការស្រាវជ្រាវដែលចេញផ្សាយដោយមជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានជីវសាស្ត្ររបស់អាមេរិក (NCBI)។
៣.អំណរគុណជួយឲ្យការទទួលទានដំណេករបស់អ្នកកាន់តែប្រសើរ
យោងតាមការសិក្សាមួយដែលធ្វើឡើងសាកលវិទ្យាល័យ Manchester និងបានចេញផ្សាយនៅក្នុងអត្ថបទស្រាវជ្រាវផ្នែកចិត្តសាស្ត្រដែលផ្ដោតសំខាន់លើអំណរគុណបានរកឃើញថា វាបានជួយឲ្យទទួលទានដំណេកលក់ស្រួល និងមិនងាយភ្ញាក់។
៤.អំណរគុណជួយបង្កើនសុខភាពផ្លូវចិត្តរបស់អ្នក
យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុង "ព្រឹត្តិបត្រស្រាវជ្រាវស្ដីពីបុគ្គលិកលក្ខណៈ” របស់គេហទំព័រ ScienceDirect បានរកឃើញថា អំណរគុណអាចជួយកាត់បន្ថយជំងឺបាក់ (Depression) និងបង្កើនកម្រិតស្មារតីគាំទ្រសង្គម ខណៈដែលអារម្មណ៍ចង់ធ្វើអត្តឃាតធ្លាក់ចុះដែរ។
៥. អំណរគុណធ្វើឲ្យសុខភាពបេះដូងរបស់អ្នកកាន់តែរឹងមាំ និងល្អឡើង
យោងតាមការស្រាវជ្រាវដែលបានធ្វើឡើងនៅឯមន្ទីរពេទ្យរដ្ឋ Massachusetts បានឲ្យដឹងថា វត្តមាននៃអំណរគុណ ចំពោះអ្នកជំងឺអាចជួយឲ្យសុខភាពសរសៃឈាមបេះដូងរបស់ពួកគេដើរបានល្អ។ ការសិក្សាផ្សេងទៀតក៏បានបង្ហាញផងដែរថា អំណរគុណបានបង្កើនសកម្មភាពរាងកាយ ដូច្នេះហើយវាធ្វើឲ្យបេះដូងអ្នកជំងឺសកម្មកាន់តែខ្លាំងឡើង។
៦.អំណរគុណធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំកាន់តែមានប្រសិទ្ធភាព
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Pennsylvania វិញក៏បានរកឃើញដែរថា អ្នកដឹកនាំដែលពោរពេញទៅដោយសន្ដានចិត្តជ្រះថ្លា និងអំណរគុណ អាចជួយលើកទឹកចិត្តបុគ្គលិកឲ្យធ្វើការប្រកបដោយផលិតភាព។ នៅពេលពួកគេមានអារម្មណ៍ថា ខ្លួនត្រូវបានឲ្យតម្លៃ ពួកគេពេញចិត្តការងារកាន់តែខ្លាំងឡើង យកចិត្តទុកដាក់លើការទំនាក់ទំនង មានកម្លាំងចិត្ត និងអាចបំពេញការងារស្របតាមគោលដៅរបស់ក្រុមហ៊ុនបាន៕
ប្រភព៖ Inc