ក្រមសីលធម៌ គុណធម៌ នៃការប្រកបរបរទទួលទានដែលសហគ្រិនគួរប្រកាន់ខ្ជាប់
ពាក្យថាសហគ្រិនគឺជាមនុស្សមានគំនិតប្លែកៗ មានការច្នៃប្រឌិតខ្ពស់ ហើយក៏ជាមនុស្សម្នាក់ពូកែមើលឱកាសផងដែរ។ សហគ្រិនតែងធ្វើរឿងដែលអ្នកដទៃគិតថាវាមិនអាចទៅរួច គេជាមនុស្សដែលមើលឃើញពីតម្រូវការសង្គមមុននរណាទាំងអស់ ហើយចាប់យកឱកាសទាំងនោះ។
ដោយឡែកសីលធម៌នៃការធ្វើជំនួញ ជាក្រិតក្រមឬឥរិយាបថដែលអ្នករកស៊ីតែងប្រកាន់ខ្ជាប់ស្របតាមអាជីពរបស់ខ្លួន មានគោលដៅច្បាស់លាស់ក្នុងការស្វែងរកប្រាក់ឬផលចំនេញតាមផ្លូវសុចរិត ទៀងត្រង់ យុត្តិធម៌ និងមានគុណធម៌ខ្ពស់។ ក្រមសីលធម៌របស់សហគ្រិនក្នុងការប្រកបរបរទទួលទានដូចជា៖
១) សីលធម៌ប្រាំប្រការ Five Moral Business
ក) តើផលិតផល ទំនិញឬសេវាកម្មដែលខ្លួនបានផលិត ឬលក់នោះមានភាពយុត្តិធម៌ដែរឬទេ?
ខ) តើការរកទទួលទានរបស់អ្នកមានបង្កភាពក្តៅក្រហាយដល់អ្នកដទៃទេ? ចុះសុខភាពអ្នកប្រើប្រាស់វិញមានរងផលប៉ះពាល់ដែរឬយ៉ាងណា?
គ) ផលិតផល ឬសេវាកម្មរបស់អ្នកមានស្តង់ដារត្រឹមត្រូវតាមការកំណត់ឬនៅ?
ឃ) អ្វីដែលអ្នកកំពុងធ្វើផ្តល់ផលប្រយោជន៍សម្រាប់តែអ្នកម្នាក់ឯង ឬដល់សង្គមជាតិទាំងមូល?
ង) តើអាជីវកម្មអ្នកធ្វើឡើងក្នុងគោលបំណង ដើម្បីទាមទារផលប្រយោជន៍ណាមួយក្រៅពីផលចំនេញពីការលក់ដែរទេ?
២) គុណធម៌ប្រាំប្រការ Five Virtues of Business
គុណធម៌ជាអ្វីដែលសហគ្រិនមាន វាទាក់ទងយ៉ាងស្អិតល្មួតទៅនឹងការទទួលខុសត្រូវចំពោះសុខមាលភាពសង្គម ហើយសីលធម៌ទាំង ៥ ប្រការនោះមានដូចជា៖
ក) មានការទទួលខុសត្រូវចំពោះទំនិញ ឬសេវាកម្មដែលខ្លួនបានផលិត ឬលក់ឲ្យអតិថិជន
ខ) មានភាពស្មោះត្រង់ មិនផ្សព្វផ្សាយបំភ្លើសការពិត
គ) មិនកេងចំនេញលើការតម្លើងថ្លៃ ពិសេសពេលមានបុណ្យទាន ឬពិធីណាមួយ
ឃ) មានស្មារតីជួយដល់សង្គម ធ្វើការបរិច្ចាគផ្នែកខ្លះនៃផលចំនេញដើម្បីជួយដល់អ្នកដែលកំពុងខ្វះខាត វាក៏ជាការបង្ហាញពីសណ្តានចិត្តនៃការទទួលខុសត្រូវសង្គមរបស់អ្នក
ង) មានការអំណត់ អត់ទ្រាំ ចិត្តធ្ងន់នឹងការទទួលរងបរាជ័យ មិនបោះបង់ចោលងាយៗនូវមុខជំនួញមួយនោះ
៣) កាតព្វកិច្ចផ្នែកច្បាប់
ក) មានការសហការជាមួយរដ្ឋលើការអភិវឌ្ឍផ្នែកឧស្សាហកម្ម ធ្វើយ៉ាងណាអាចដើរតាមទាន់បច្ចេកវិទ្យាដែលកំពុងវិវឌ្ឍន៍ឥតឈប់ឈរ
ខ) ទោះបីមានការរីកចម្រើន និងការអភិវឌ្ឍប៉ុនណាក៏មិនមានគំនិតបំផ្លាញសម្បត្តិ ធនធានធម្មជាតិដើម្បីប្រយោជន៍ខ្លួនតែម្នាក់ទេ
គ) មានទំនាក់ទំនងជាមួយស្ថាប័នរដ្ឋលើការចូលរួមចំណែកលុបបំបាត់អំពើពុករលួយក្នុងសង្គម
ឃ) ប្រកាន់គោលជំហរនៃការប្រកួតប្រជែងដោយយុត្តិធម៌ សមធម៌ និងមានតម្លាភាព
ង) មិនធ្វើឲ្យមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ ពោលគឺមិនផលិត ឬលក់ផលិតផលដែលនាំឲ្យខូចសុខភាពអ្នកប្រើប្រាស់ឡើយ
ច) មិនកេងប្រវ័ញ្ចលើកម្លាំងពលកម្ម ធ្វើអ្វីឲ្យស្របតាមការកំណត់នៃច្បាប់ការងារ
ឆ) មានភាពទទួលខុសត្រូវជានិច្ចលើបរិស្ថានសង្គម ដូចជាការមិនបង្ហូរកាកសំណល់កខ្វក់ចូលប្រភពទឹក និងកត្តាផ្សេងៗទៀតដែលរដ្ឋបានកំណត់រួច៕
ដោយ៖ យ៉ាយ៉ា