អ្នកជំនាញបង្ហាញពីគន្លឹះចរចាដែលអ្នកគួររៀនសូត្រពីសង្គ្រាមពាណិជ្ជកម្មអាមេរិកនិងចិន
នៅក្នុងបរិបទនយោបាយសាកលលោក សង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិកបានបង្កក្តីបារម្ភជាច្រើនដល់សេដ្ឋកិច្ចសាកល។ ក្តីបារម្ភដោយសារតែបណ្តាមេដឹកនាំរបស់ប្រទេសទាំងពីរនៅតែបន្តកសាងភាពមិនចុះសម្រុងជាមួយគ្នាកាន់តែខ្លាំងឡើងៗ និងបានដាក់គំនាបទៅភាគីម្ខាងៗដើម្បីទាញផលប្រយោជន៍ពីគ្នាទៅវិញទៅមក មិនព្រមបញ្ចប់សង្គ្រាមនេះត្រឹមហ្នឹងឡើយ បើទោះបីជាមានការចរចាច្រើនលើកច្រើនសារពីភាគីតំណាងរបស់មហាអំណាចទាំងពីរនៅពេលកន្លងមករួចមកហើយក្តី។
ការបរាជ័យក្នុងការចរចានេះបានធ្វើឲ្យលោកសាស្ត្រាចារ្យ Maurice Schweitzer មកពីសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក ចូលខ្លួនមកផ្តល់គោលគំនិតដ៏មានតម្លៃមួយទាញចេញពីសង្គ្រាមពាណិជ្ជកម្មនេះ ស្តីពី "យុទ្ធសាស្ត្រនៅក្នុងការចរចាឲ្យមានប្រសិទ្ធភាព"។ ទោះបីជាអ្នកជាអ្នកជំនួញក្តី ធ្វើការឲ្យគេក្តី ឬមកពីស្ថាប័នណាក៏ដោយ Bizkhmerសង្ឃឹមថា គន្លឹះចរចារបស់លោក Maurice Schweitzer នឹងរួមចំណែកផ្តល់ជាទុនមួយយ៉ាងសំខាន់សម្រាប់អ្នកយកទៅអនុវត្តគ្រប់ស្ថានភាព។
១.នៅក្នុងការចរចា មិនមែនគិតតែពីការឈ្នះមួយមុខទេ
លោក Trump ធ្លាប់បាននិយាយម្តងហើយម្តងទៀតថា គោលដៅរបស់លោកក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងចិនគឺការនាំ “ជ័យជំនះ” មកវិញឲ្យអាមេរិក។ យ៉ាងណាមិញ លោកសាស្ត្រាចារ្យ Schweitzer បាននិយាយថា គោលដៅនៃការចរចាដ៏ល្អមួយ អ្នកមិនគួរគិតគូរច្រើនពេកលើការយកឈ្នះ ឬគិតតែពីការយកប្រៀបលើភាគីម្ខាងទៀតក្នុងរយៈពេលខ្លីនោះទេ ហើយគួរផ្ដោតលើការស្វែងយល់ពីវត្ថុបំណងនៃការចរចាសម្រាប់រយៈពេលវែងឲ្យច្រើនបំផុតតាមដែលអាចធ្វើបាន។
លោកបានបញ្ជាក់ដូច្នេះថា៖ «ភាគីទាំងពីរគួរតែមានអារម្មណ៍ល្អ ឬមានភាពកក់ក្តៅពីលទ្ធផលនៃការចរចានោះ។ ការធ្វើឲ្យភាគីម្ខាងមានប្រៀបជាងលើភាគីម្ខាងទៀតនឹងមិនអាចធ្វើឲ្យអ្នកទទួលបានលទ្ធផលដែលអ្នកចង់បាននោះទេ។ អ្នកចរចាដ៏ពូកែបំផុតម្នាក់មិនដែលនិយាយពីការយកឈ្នះនៅពេលចរចានោះទេ។ គោលដៅនៃការចរចាដូចនេះ គឺត្រូវគិតបែបយុទ្ធសាស្ត្រអំពីគោលបំណងមួយសម្រាប់ផលប្រយោជន៍នៅក្នុងរយៈពេលវែង»។
បញ្ហាប្រឈម៖ អ្នកចរចាដែលផ្ដោតយកចិត្តទុកដាក់ខ្លាំងលើការឈ្នះលើភាគីម្ខាងទៀត គឺកំពុងធ្វើឲ្យការចរចានោះស្ថិតនៅក្នុងគ្រោះថ្នាក់ ជាប់គាំង ឬមិនអាចឈានទៅដល់កិច្ចព្រមព្រៀងមួយបានទេ។ នេះអាចនាំឲ្យភាគីមួយ ឬភាគីទាំងពីរបោះបង់ចោលកិច្ចព្រមព្រៀងនោះ។ លើសពីនេះទៅទៀត ប្រសិនបើ អ្នកចរចារបស់ភាគីមួយចង់យកប្រៀបលើភាគីផ្សេងទៀត ភាគីម្ខាងនោះនឹងចាប់ផ្តើមការពារខ្លួន ហើយជ្រើសរើសការដើរចេញមកជំនួសវិញ។
លោកសាស្ត្រាចារ្យ Schweitzer បន្តថា ការចរចាដូចជាជម្លោះនៅក្នុងពាណិជ្ជកម្មនេះមានភាពស្មុគស្មាញខ្លាំងណាស់ និងពិបាកដោះស្រាយ ហើយវាទាមទារឲ្យមានការរៀបចំត្រៀមខ្លួនទុកជាមុន និងផ្ដោតយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត។ ការរៀបចំត្រៀមខ្លួនជាមុនបានត្រឹមត្រូវ ជាធម្មតាកើតចេញពីក្រុមការងារដែលមានបទពិសោធន៍ចាស់វង្សាពោលគឺក្រុមការងារដែលបានចំណាយពេលយ៉ាងច្រើនក្នុងការស្រាវជ្រាវលើសេណារីយោផ្សេងៗគ្នា។
ទោះយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ Schweitzer យល់ថា ក្រុមចរចារបស់លោក Trump នៅមានចំណុចខ្វះខាតច្រើនជាពិសេសគឺបទពិសោធន៍ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលចិនទទួលបានសារចម្រុះជាច្រើនពីលោក Trump និងក្រុមការងាររបស់លោកដែលបានជួយបន្ថែមល្បោយឲ្យស្ថានការណ៍កាន់តែមានភាពតានតឹងខ្លាំងឡើងៗ។
២.ការកសាងទំនាក់ទំនងជាដង្ហើមនៃការធ្វើឲ្យការចរចាទទួលបានជោគជ័យ
ទោះបីជាអ្នកធ្វើការនៅក្នុងវិស័យណាក៏ដោយ អ្នកនឹងត្រូវជួបក្រុមដែលមានចំណាប់អារម្មណ៍ ឬជំនាញដូចអ្នកម្ដងហើយម្ដងទៀត។ ក្រុមមេធាវីនឹងកសាងទំនាក់ទំនងជាមួយអ្នកច្បាប់ និងអ្នករកស៊ីរត់ការខាងវិស័យច្បាប់។ អ្នកនយោបាយមានទំនោរស្និទ្ធស្នាលជាមួយអ្នកនយោបាយដូចគ្នា។ រីឯក្រុមកីឡាករល្បីៗក៏ចូលចិត្តក្រុមកីឡាមកពីគ្រប់ទិសទីផងដែរ។
នៅក្នុងបរិបទនេះលោកសាស្ត្រាចារ្យ Schweitzer និយាយថា ផ្អែកលើហេតុផលទាំងនេះ អ្នកក៏មិនខុសគ្នាពីក្រុមមនុស្សទាំងនោះដែរ។ អ្នកនឹងធ្វើការជាមួយក្រុមមនុស្សទាំងនោះក្នុងរយៈពេលជាច្រើនឆ្នាំ ឬរហូតដល់ទសវត្សទៀតក៏មានដែរ។ ហេតុដូច្នេះហើយនេះ ទាមទារឲ្យអ្នកបណ្ដុះគ្រាប់ពូជទំនាក់ទំនងឡើង។
ដោយសារតែអ្នកនឹងជួបមនុស្សទាំងនោះដដែលៗម្តងហើយម្តងទៀត ហេតុដូច្នេះ ការចរចា ឬបង្កើតកិច្ចព្រមព្រៀងអ្វីមួយវាកាន់តែងាយស្រួលប្រសិនបើអ្នកចាត់ទុកភាគីផ្សេងទៀតជាមិត្តរបស់អ្នក។ ត្រង់នេះលោកសាស្ត្រាចារ្យ Schweitzer បានរកឃើញថា ជាទូទៅមនុស្សចូលចិត្តប្រាស្រ័យទំនាក់ទំនង ឬចរចាជាមួយមនុស្សដែលពួកគេបានស្គាល់ និងមនុស្សដែលពួកគេចូលចិត្ត។
ប៉ុន្តែលោកសាស្ត្រាចារ្យ Schweitzer បានកាត់សម្គាល់ឃើញថា លោក Trump បានបង្កើតសត្រូវកាន់តែច្រើនឡើង មិនមែនមិត្តភាពទេ។ លោកបានកសាងសត្រូវនៅក្នុងជូរបក្សនិងក្រៅបក្សរបស់លោក។ យ៉ាងណាមិញ នេះមិនទាន់មានភាពស្មុគស្មាញខ្លាំងដូចការបង្កើតសត្រូវប្រឈមមុខជាមួយមហាយក្សចិននៅពេលបច្ចុប្បន្ននេះឡើយ។
«វិធីដ៏ល្អមួយគឺត្រូវផ្ដោតលើការកសាងទំនាក់ទំនង ស្វែងរកពីគោលបំណងរួមគ្នាមួយ និងសម្លឹងមើលពីផលប្រយោជន៍នៅក្នុងរយៈពេលវែង។ បញ្ហាគឺថា នៅពេលអ្នកដុតបំផ្លាញទំនាក់ទំនងរបស់អ្នក អ្នកនឹងបន្សល់ទុកជម្រើសដែលត្រូវធ្វើបន្ទាប់ដ៏តិចតួចបំផុតនៅដំណាក់កាលចុងក្រោយ។ បើអ្នកចង់ឈ្នះលើការចរចា អ្នកត្រូវកសាងស្ពានមិត្តភាព មិនមែនដុតវាចោលទេ»។ លោកសាស្ត្រាចារ្យ Schweitzer បានបញ្ជាក់៕
ប្រភព៖ Businessinsider