ភាពខុសគ្នារវាង A while & Awhile និង i.e & e.g ក្នុងភាសាអង់គ្លេស​



 

ពេល​ណា​ដែល​គួរ​ប្រើ A while ហើយ​ពេល​ណា Awhile ? ពេល​ណា​ដែល​គួរ​ប្រើ i.e. ហើយ​ពេល​ណា e.g. ? តើ​វា​មាន​ភាព​ខុស​គ្នា​យ៉ាង​ដូចម្ដេច ? បើ​អ្នក​ចង់​ដឹង ចូរ​ងាក​មក​ស្វែងយល់​ខ្លឹមសារ​នៅ​ខាងក្រោម​នេះ:

១) A while & Awhile

A while គឺជា​ឃ្លា​នាម (Noun phrase) ដែល​មាន a ជា article និង while ជា​នាម (noun)។ ចំណែក Awhile គឺជា​គុណកិរិយា។ អត្ថន័យ​របស់​ពួក​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដែល​អាច​បកប្រែ​មក​ថា «មួយ​ភ្លែត ឬ​ក្នុង​រយៈពេល​ខ្លី»។ យ៉ាងណាមិញ ក្រៅ​ពី​មាន​ថ្នាក់​ពាក្យ (Parts of speech) ខុស​គ្នា A while អាច​ប្រើ​ជាមួយ​ធ្នាក់ For និង In ដូចជា For a while In a while បាន ប៉ុន្តែ Awhile ដែល​ជា​គុណកិរិយា​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ។

ឧទាហរណ៍:

        Until my parents come, I'll stay here for a while. (ខ្ញុំ​នឹង​នៅ​ទីនេះ​មួយ​ភ្លែត​រហូត​ដល់​ម៉ាក់​ប៉ា​ខ្ញុំ​មក។) 

        In this mood, I want to read a book awhile. (ជាមួយ​នឹង​អារម្មណ៍​បែប​នេះ ខ្ញុំ​ចង់​អាន​សៀវភៅ​មួយ​ភ្លែត។)

២) i.e. & e.g.

i.e. ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​លើកឡើង​ពី​ការ​ពន្យល់ ឬ​និយាយ​ឡើង​វិញ​នូវ​អ្វី​ដែល​បាន​លើកឡើង​មុន​នឹង​ទៅ​តាម​របៀប​១ផ្សេង​ទៀត។ វា​អាច​បកប្រែ​មក​ថា «និយាយ​ម្យ៉ាង​ទៀត»។ ចំណែក​ឯ e.g. មាន​អត្ថន័យ​ថា «ជា​ឧទាហរណ៍» វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លើកឡើង​ពី​ឧទាហរណ៍​ទៅលើ​អ្វី​ដែល​ទើបតែ​ត្រូវ​បាន​លើកឡើង​មុន​នឹង។

ឧទាហរណ៍:

        I like to wear comfortable clothes, i.e., any kinds of clothes that make me easy to move. (ខ្ញុំ​ចូលចិត្ត​ស្លៀក​សំលៀកបំពាក់​ដែល​ផ្ដល់​ភាព​ងាយស្រួល ឬ​និយាយ​ម្យ៉ាង​ទៀត​ថា​សំលៀកបំពាក់​ណា​ក៏​ដោយ​ឲ្យ​តែ​ធ្វើឲ្យ​ខ្ញុំ​ងាយ​ក្នុង​ការ​ធ្វើ​ចលនា។)

        The most important thing that your body needs is the food that is healthy and full of energy, e.g., soybean, nuts, fruit juice and meat. (រឿង​ដ៏​សំខាន់​បំផុត​ដែល​រាងកាយ​របស់​អ្នក​ត្រូវការ​នោះ​គឺជា​អាហារ​ដែល​មាន​សុខភាព​ល្អ​និង​ផ្ដល់​នូវ​ថាមពល ឧទាហរណ៍​ដូចជា ទឹក​សណ្ដែក គ្រាប់ធញ្ញជាតិ ទឹក​ផ្លែឈើ​ស្រស់ៗ និង​សាច់​សត្វ។)

 

ដោយ៖ ស្រីពៅ

 

X
5s