ហេតុផល ៤ យ៉ាង​​ ​ប្រឹងប្រែង​​ធ្វើ​ការ​កាន់តែ​ច្រើនតែ​​​មិនសូវ​ចំណេញ​ដល់​អាជីវកម្ម​របស់​អ្នក​



ដើម្បី​ទទួល​​បាន​ជោគជ័យ​​នៅ​ក្នុង​​យុគ​អាជីវកម្ម​​សម័យ​ថ្មី ​អ្នក​ត្រូវ​គិតគូរ​អំពី​អ្វីៗ​តាម​របៀប​ថ្មី​  អ្នក​ត្រូវ​ធ្វើ​អ្វីៗ​តាម​របៀប​ថ្មី​ក៏ដូចជា​និយាយ​​ថា "លាហើយ" ទៅ​នឹង​ទម្លាប់ និង​គំនិត​ចាស់ៗ​ដែល​លែង​មាន​ប្រយោជន៍​ទៅ​ទៀត។ 

ផ្នត់​គំនិត​ដ៏​ធំ​បំផុត​មួយ​​ក្នុង​ចំណោម​ផ្នត់​គំនិត​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ផ្លាស់​ប្តូរ​គឺ​ថា​  តើ​អ្នក​​យល់​ឃើញ​​យ៉ាងណា​ចំពោះ​ការងារ​របស់​អ្នក?  តាម​ពិត​ទៅ រឿង​ដែល​ត្រូវ​ផ្ដោត​យក​ចិត្ត​ទុកដាក់​ជាងគេ គឺ​លទ្ធផល​ការងារ​នៅ​ទី​បញ្ចប់។ ហេតុដូច្នេះ​ហើយ​ ពេលវេលា​ធ្វើការ​​ ៨​ម៉ោង​ វា​លែង​ជា​រឿង​សំខាន់​ទៀត​ហើយ ហើយ​ការ​​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​ វា​​ក៏​មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​​ទៀត​នោះ​ដែរ​។​

ខាងក្រោម​នេះ​នឹង​បង្ហាញ​ថា ហេតុ​​អ្វី​ប្រឹងប្រែង​​ធ្វើ​ការ​កាន់តែ​ច្រើន​​​មិន​ចំណេញ​ដល់​អាជីវកម្ម​របស់​អ្នក? 

១. កុំ​ប្រឹង​ធ្វើ​ការ​កាន់តែ​ខ្លាំង ប៉ុន្តែ​ធ្វើ​ការ​ដោយ​ឆ្លាតវៃ
នៅ​ក្នុង​ផ្នត់​គំនិត​របស់​ប្រជាជន​អាមេរិក​គឺ "ប្រឹងប្រែង​​ធ្វើ​ការ​ឲ្យ​កាន់តែ​​ច្រើន”។ ប៉ុន្តែ​នៅ​ក្នុង​បរិបទ​អាជីវកម្ម នេះ​មិនមែន​​ជា​មធ្យោបាយ​ដ៏​ត្រឹមត្រូវ​នោះ​ឡើយ។ មាន​មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​ធំ​បំផុត​ដែល​អាជីវកម្ម​​មួយ​បរាជ័យ​គឺ​ដោយសារ​ពួកគេ​ខិតខំ ប្រឹងប្រែង​ធ្វើ​ការ​ឈាន​ដល់​ចំណុច​មួយ​ដែល​ម្ចាស់​អាជីវកម្ម និង​បុគ្គលិក​​អស់​ថាមពល​មិន​អាច​ដំណើរការ​លើស​ពី​នេះ​ទៀត​បាន​ទេ ហើយ​ពេល​វេលា​ដែល​ផ្តល់​​ឲ្យ​ក៏​មិន​មាន​លើស​ពី​២៤​ម៉ោង​​ដែរ។

ការ​ប្ដេជ្ញាចិត្ត ​ការ​​ប្រឹងប្រែង​ ​​ និង​ការ​តស៊ូ​​ពិត​ជា​​​មាន​សារៈសំខាន់​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​ខ្នាត​តូច​។  ប៉ុន្តែ​ការ​ធ្វើ​ការ​ដោយ​ឆ្លាតវៃ  មានន័យថា  អ្នក​ទទួល​បាន​​ជំរុញ​ឲ្យ​គោលដៅ​របស់​អ្នក​កាន់តែ​​ឆាប់​ដល់ ជាមួយ​នឹង​ធនធាន  ថាមពល​ និង​គំនិត​សំបូរ​បែប​​ដើម្បី​ធ្វើ​​ជំនួញ​របស់​អ្នក​បាន​ឈាន​ឡើង​ដល់​កម្រិត​ខ្ពស់​ជាង​នេះ​ទៀត។

២. ធ្វើ​ការ​មិន​សំខាន់ សំខាន់​ការងារ​​នោះ​ត្រូវ​ធ្វើ​ឲ្យ​ហើយ 
ម្ចាស់​អាជីវកម្ម​ភាគច្រើន​​បាន​ចាប់ផ្ដើម​អាជីវកម្ម​របស់​ខ្លួន​ដោយសារតែ​ពួកគេ​​​យល់​ឃើញ​ថា ​ខ្លួន​ពិត​ជា​​ធ្វើ​បាន​ល្អ​នៅ​ក្នុង​អាជីព​​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ណា​មួយ​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក។  ប៉ុន្តែ នៅ​ក្នុង​បរិបទ​ការងារ​ជា​អ្នក​ធ្វើ​ការ​ឲ្យ​គេ វា​ខុស​ពី​អ្នក​ដែល​ធ្វើ​ជំនួញ​ដោយ​ខ្លួន​ឯង។ នៅ​ពេល​អ្នក​ធ្វើ​ការ​ឲ្យ​គេ អ្នក​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ ហើយ​មាន​ការងារ​​​ខ្លះ​ដែល​អ្នក​មិន​អាច​សម្រេច​បាន ធ្វើ​ទាំង​លំបាក ទាំង​បង្ខំចិត្ត។ អ្នក​បាន​លក់​ពេលវេលា​របស់​អ្នក ហើយ​ព្យាយាម​ប្រឹងប្រែង​​​​ដើម្បី​ឲ្យ​សមិទ្ធផល​កើត​មាន​ឡើង។

យ៉ាងណាមិញ នៅ​ពេល​អ្នក​ចាប់​ផ្តើម​ជំនួញ​ដោយ​ខ្លួន​ឯង ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​ទាំង​នោះ​វា​លែង​សូវ​សំខាន់​ទៀត​ហើយ។ អ្វី​ដែល​សំខាន់​គឺ​ស្ថិត​នៅ​ត្រង់​ថា ទោះ​ការងារ​នោះ​ស្រួល ឬ​លំបាក​ក្តី អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ប្រកប​ដោយ​គុណភាព​។ មូលហេតុ​​គឺ ស្ថិត​នៅ​ត្រង់​ថា ប្រសិន​បើ​អ្នក​ធ្វើ​មិន​បាន គូប្រជែង​របស់​អ្នក​នឹង​ធ្វើ​បាន ហើយ​អ្នក​គឺ​ជា​អ្នក​បរាជ័យ​​ទាំង​កណ្តាល​ទី។

៣. ភាព​រវល់​​មិន​អាច​​បង្កើត​អាជីវកម្ម​ដ៏​ល្អ​មួយ​បាន​ទេ
ពេល​ខ្លះ អ្នក​អាច​បាត់បង់​ម្ចាស់ការ​ធ្លាក់​​ទៅ​ដល់​ចំណុច​មួយ​នៅ​ក្នុង​អាជីវកម្ម​​ដែល​អ្នក​នឹង​​​​មិន​ច្បាស់​ថា​ នឹង​ត្រូវ​ធ្វើ​អ្វី​ទៀត​ជា​បន្ទាប់។ ឬ​ក៏​ពេល​ខ្លះ អ្នក​ដឹង​​ពី​អ្វី​ត្រូវ​ធ្វើ ប៉ុន្តែ​អ្នក​គ្រាន់តែ មិន​ចង់​ធ្វើ​វា​តែប៉ុណ្ណោះ។ ដូច្នេះ​អ្នក​ក៏​សម្រេចចិត្ត​មិន​ធ្វើ​វា ដោយ​យក​លេស​​ថា អ្នក​កំពុង​ជាប់​រវល់​ខ្លាំង​នៅ​ក្នុង​ការងារ​ជំនួញ​របស់​អ្នក​។ ភាព​រវល់​នេះ​ គឺ​ជា​​សកម្មភាព​មួយ​ដែល​ប្រើ​ថាមពល និង​ចំណាយ​ពេល​វេលា​ដ៏​ឥតប្រយោជន៍​បំផុត​មួយ​ដែល​រារាំង​ដល់​​មុខ​ជំនួញ​របស់​អ្នក។

ជា​បុគ្គលិក​ម្នាក់ អ្នក​នឹង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​នៅ​ពេល​ចៅហ្វាយ​របស់​អ្នក​មើល​មក​អ្នក​​ហាក់បីដូច​​ជា អ្នក​កំពុង​រវល់​ណាស់​អ៊ីចឹង។  ប៉ុន្តែ​​តាម​ពិត​ទៅ រយៈពេល​ធ្វើ​ការ​ដែល​មាន​ផលិតភាព​បំផុត​ក្នុង​មួយ​ថ្ងៃ​គឺ​ត្រឹមតែ ៣​ម៉ោង​ប៉ុណ្ណោះ។ ចុះ​ម៉ោង​ដែល​នៅ​សល់​ពី​នេះ តើ​អ្នក​យក​ទៅ​ធ្វើ​អ្វី​ខ្លះ? ពេលវេលា​របស់​អ្នក​មាន​តម្លៃ​ខ្លាំង​ណាស់ សូម​ប្រើ​វា​ឲ្យ​ចំ​ទិសដៅ និង​បាន​ប្រយោជន៍​មក​វិញ។ នៅ​ក្នុង​បរិបទ​ជំនួញ អ្នក​ត្រូវ​ដឹង​ពី​ភាព​ខុសគ្នា​​រវាង​​​អ្វី​ដែល​ត្រូវ​ធ្វើ​ និង​អ្វី​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​បាន។

​​៤. ការ​បង្ខិតបង្ខំ និង​​ការ​គាបសង្កត់​​នាំ​ទៅ​រក​ការ​បែកបាក់ និង​​ហត់នឿយ 
នៅ​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំងអស់​របស់​មនុស្ស ការ​បង្ខិតបង្ខំ និង​ការ​គាប់​សង្កត់ គឺ​មិនមែន​​ជា​ជម្រើស​មួយ​ដើម្បី​អាច​សម្រេច​បាន​លទ្ធផល​ប្រកប​ដោយ​គុណភាព​ និង​ប្រសិទ្ធភាព​បាន​ទេ​។ សម្រាប់​អ្នក​ជំនួញ​ក៏​ដូចគ្នា​ដែរ នៅ​ពេល​អ្នក​យក​វិធី​ទាំង​នេះ​ទៅ​អនុវត្ត​នៅ ក្នុង​ការងារ​របស់​អ្នក មិន​យូរ​មិន​ឆាប់​ ​ទាំង​បុគ្គលិក​ទាំង​អ្នក​នឹង​ជួប​បញ្ហា​សុខភាព មាន​ភាព​នឿយហត់ ស្ត្រេស ហើយ​នៅ​ទីបំផុត​ឈាន​ទៅ​រក​​ការ​បោះបង់​តែម្តង។ នេះ​ជា​តឹកតាង​មួយ​បង្ហាញ​ថា ការ​ប្រឹងប្រែង​គ្មាន​ឈប់​សម្រាក ​វា​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ឡើយ​សម្រាប់​អាជីវកម្ម​។ អ្នក​ត្រូវ​មាន​ពេលវេលា​សម្រាប់​សម្រាក ពី​ព្រោះ​អ្នក​មិនមែន​ជា​​គ្រឿង​ម៉ាស៊ីន​នោះ​ឡើយ ហើយ​អ្វី​ដែល​ចាំបាច់​គឺ​ជ្រើសរើស​​ភាព​​ឆ្លាតវៃ​មក​ជំនួស​វិញ៕

ប្រភព៖ addicted2success​

 

 

X
5s