ភាពជាអ្នកដឹកនាំជោគជ័យក្នុងយុគ្គសម័យទំនើប ត្រូវមានលក្ខណៈសម្បត្តិ ៥ យ៉ាងនេះ
ពិភពលោកចេះតែប្រែប្រួល។ បច្ចេកវិទ្យាកាន់តែរីកចម្រើន។ សង្គមមនុស្សដែលមិនសូវធ្លាប់ស្គាល់គ្នាពីមុនមក ចេះតែកៀកគ្នាកាន់តែជិតៗឡើង ហើយអ្វីដែលគេហៅថា វប្បធម៌សាកលមួយរបស់មនុស្សជំនាន់ថ្មីក៏បានលេចរូបរាងឡើងជាបណ្ដើរៗផងដែរ។ នៅក្នុងបរបទនេះ ទាំងស្ថាប័នរដ្ឋ និងឯកជនត្រូវការអ្នកដឹកនាំមួយដែលមានសមត្ថភាពស្របតាមការបម្រែបម្រួលនេះ។ ប៉ុន្តែអ្នកដឹកនាំ ដែលគេចាត់ទុកថាជាអ្នកដឹកនាំជោគជ័យនៅក្នុងសម័យទំនើបនេះ គឺត្រូវមានលក្ខណៈសម្បត្តិ ៥ខាងក្រោមនេះ៖
១. រៀនពីរបៀបដែលត្រូវរៀនសូត្រ និងអ្វីដែលមិនត្រូវរៀនសូត្រ
បើទោះបីជាមានការព្យាករណ៍ជាច្រើននៅពេលអនាគតយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាអាចដឹងថា ស្ថាប័នណាមួយនឹងលេចរូបរាងពិតប្រាកដក្នុងទម្រង់បែបណា? អ្វីខ្លះនឹងបាត់បង់? អ្វីខ្លះនឹងចូលមកដល់? ជំនាញណាខ្លះនឹងត្រូវការជាចាំបាច់បំផុត? ឧទាហរណ៍ការស្រាវជ្រាវមួយបានអះអាងថា នៅក្នុងឆ្នាំ ២០៣០ អឺរ៉ុប និងអាមេរិក នឹងកាត់បន្ថយការងារដោយកម្លាំងមនុស្ស ១៤% ហើយបច្ចេកវិទ្យានឹងចូលមកជំនួសកម្លាំងមនុស្សដល់ទៅ ៥៥% នៃទីផ្សារការងារទាំងមូល។ ចំណែកធនាគារពិភពលោក World Bank ក៏បានព្យាករណ៍ថា ជំនាញទន់ (Soft Skill) នឹងត្រូវការជាចាំបាច់បំផុតនៅពេលអនាគត។ ដូច្នេះ តើអ្នកណានឹងក្លាយជាអ្នកឈ្នះនៅក្នុងចរន្តសកលភាវូបនីយកម្មថ្មីនេះ? ចម្លើយគឺមានតែការសិក្សារៀន សូត្រជាបន្តបន្ទាប់នូវជំនាញថ្មីៗ និងបំភ្លេចចោលជំនាញចាស់ៗដែលហួសសម័យប៉ុណ្ណោះដែលអាចធ្វើឲ្យអ្នកបន្តរួមរស់សម្របខ្លួនទៅនឹងបរិបទសម័យទំនើបបាន។
២. កសាងដៃគូទំនាក់ទំនងឲ្យបានច្រើន
នៅក្នុងបរិបទសម័យទំនើបនេះ ពិភពលោកទាមទារឲ្យអ្នកដឹកនាំកសាងដៃគូទំនាក់ទំនងទៅកាន់ពិភពខាងក្រៅឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ ដើម្បីអស់ចម្ងល់ទៅនឹងហេតុផលមួយនេះ អ្នកត្រូវសម្លឹងមើលទិន្នន័យស្រាវជ្រាវរបស់ក្រុមហ៊ុន McKinsey&Company ដែលបានព្យាករណ៍ថា នៅ ក្នុងរយៈពេល ៥០ ទៅមុខទៀតទំហំ GDP ពិភពលោកនឹងធ្លាក់ចុះអស់ ៤០% ហើយប្រាក់ចំណូលរបស់មនុស្សម្នាក់ៗក៏នឹងធ្លាក់ចុះអស់ ២០% ដែរ។
ភាពរីកចម្រើនយ៉ាងគំហុកដែលជាលទ្ធផលនៃការកើនឡើងនៃអ្នកប្រើប្រាស់ និងទីផ្សារដែលកំពុងងើបឡើងនឹងផ្ដល់នូវមាគ៌ាទៅរកកំណើនពឹងផ្អែកទៅលើភាពច្នៃប្រឌិត និងការប្រកួតប្រជែងយ៉ាងសកម្មផងដែរ។ អ្នកគ្រប់គ្រង និងអ្នកដឹកនាំនៅតាមស្ថាប័នទាំងអស់នឹងកាន់តែទទួលបានជោគជ័យលើសពីអត្រាកំណើនសកលគិតជាមធ្យមចន្លោះពី ១០ ឬ ១០០ ដងត្រឹមឆ្នាំ ២០២៥ ។ ប្រទេសដែលទទួលបានផលប្រយោជន៍ឈានមុខគេគឺ ចិន ប្រេស៊ីល និងរុស្ស៊ី ឧស្សាហកម្ម រថយន្ត កសិកម្ម ផលិតកម្មស្បៀងអាហារ និងឧស្សាហកម្មលក់រាយ។
ដូច្នេះហើយអ្នកដឹកនាំសម័យទំនើបគួរតែយកចិត្តទុកដាក់ដល់វិស័យសេដ្ឋកិច្ចដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជាអ៊ីនធឺណេតចល័ត បច្ចេកវិទ្យាជីវចម្រុះនិងបច្ចេកវិទ្យារ៉ូបូត និងថាមពលកកើតឡើងវិញ។ តួយ៉ាងដូចជា ឧស្សាហកម្មច្នៃប្រឌិតបានផ្ដល់តម្លៃដល់ជំនាញភាពជាអ្នកដឹកនាំនៅក្នុងការកសាងភាពជាដៃគូ ខណៈដែលភាពជោគជ័យរបស់ក្រុមហ៊ុនមួយគឺមិនពឹងផ្អែកលើការគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាពតែមួយប៉ុណ្ណោះនោះទេ ប៉ុន្តែវាអាស្រ័យលើប្រសិទ្ធភាពនៃមធ្យោបាយទំនាក់ទំនងទៅកាន់សង្គមខាងក្រៅ។
៣. ស្វែងយល់ពីវប្បធម៌ផ្សេងៗគ្នា
ពិភពលោកកំពុងបោះជំហាននៅ ក្នុងបរិបទសកលភាវូបនីយកម្មមួយដែលវប្បធម៌ និងគុណតម្លៃរបស់មនុស្សជាតិនៅក្នុងសង្គមនីមួយៗមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមក។ ប្រជាជនតំបន់អាស៊ីអាចស្គាល់វប្បធម៌អឺរ៉ុបកាន់តែច្បាស់ ហើយភាសាក៏ចាប់ផ្តើមលែងជារនាំងឧបសគ្គដល់ការទំនាក់ទំនងរបស់ពួកគេទៅទៀតហើយ។ តើនេះមានន័យថា ភាពខុសគ្នាខាងវប្បធម៌របស់ប្រទេសនីមួយៗនឹងអាចបាត់បង់ទាំងស្រុងឬយ៉ាងណា? វាមិនមែនទេ! ប៉ុន្តែវប្បធម៌រួមដ៏ធំមួយរបស់មនុស្សជាតិនៅលើសាកលលោកនឹងលេចរូបរាងឡើង។ យុវជនជំនាន់ក្រោយនៅទូទាំងពិភពលោកអាចទស្សនាគំនូរជីវចលដូចគ្នា អាចលេងវីដេអូហ្គេមដូចគ្នា និងអាចកសាងអនុស្សាវរីយ៍មួយរួមគ្នាទៀតផង។ ដូច្នេះប្រសិនបើគោលដៅរបស់អ្នកគឺដើម្បីកសាងភាពជាដៃគូប្រកបដោយផ្លែផ្កាជាមួយអ្នកជំនួញ និងបុគ្គលិកជំនាន់ថ្មី អ្នកត្រូវប្រាកដថា អ្នកអាចផ្សារភ្ជាប់ទៅនឹងបទដ្ឋានវប្បធម៌ថ្មីមួយលើសពីវប្បធម៌ការងារនៅក្នុងសង្គមរបស់អ្នក។
៤. រៀនសម្របខ្លួនផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យា
សេដ្ឋកិច្ចពិភពលោកកំពុងបន្តរីកចម្រើនកាន់តែធំឡើងៗ ហើយអាជីវកម្មថ្មីៗតាមប្រព័ន្ធអ៊ីនធឺណេតនឹងកាន់តែមានសក្ដានុពលផងដែរ។ ការប្រើប្រាស់ WeChat របស់ចិនគឺជាឧទាហរណ៍ដ៏អស្ចារ្យមួយនៃបាតុភូតទាំងនេះ។ វាប្រៀបដូច ជាអត្តសញ្ញាណប័ណ្ណមួយ និងជាឧបករណ៍សម្រាប់ចរចាទូទាត់ទិញដូរទំនិញតាមអនឡាញ។ ទន្ទឹមនឹងនេះ សារទាំងអស់ដែលអ្នកប្រើប្រាស់សម្រាប់ទំនាក់ទំនងទៅវិញទៅមុខ ក៏ត្រូវបានប្រើប្រាស់ផងដែរជា ភស្តុតាងសម្រាប់តតាំងនៅក្នុងរឿងក្តីតុលាការ។ ការគ្រប់គ្រង ឬជ្រើសរើសបុគ្គលិកក៏មិនចាំបាច់ចុះទៅមើលផ្ទាល់នោះដែរ ពោលគឺអ្វីៗអាចដំណើរការពីចម្ងាយបានបើទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ នេះបញ្ជាក់ថា អ្នកដឹកនាំសម័យទំនើប ត្រូវរៀនអភិវឌ្ឍ និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗដែលចាំបាច់បំផុតសម្រាប់យកមកអនុវត្តទាំងនៅក្នុងការងារ ទំនាក់ទំនង ការកសាងសមត្ថភាពចំណេះដឹង និងជីវភាពគ្រួសារជាដើម។
៥. មានលទ្ធភាពក្នុងការវិភាគ និងពិនិត្យមើលស្ថានភាពខ្លួនឯង
បើទោះបីជាវប្បធម៌ពិភពលោកក្លាយទៅជាយ៉ាងណាក៏ដោយ ភាពសាំញ៉ាំនៃចរន្តសកលភាវូបនីយកម្មនេះ នឹងមិនក្លាយជាឧបសគ្គរបស់មេដឹកនាំដែលមានសមត្ថភាពនោះឡើយ។ មេដឹកនាំប្រភេទនេះគឺជាអ្នកដែល អាចវិភាគស្ថានភាពនៅនឹងដៃឲ្យបានត្រឹមត្រូវ និងធ្វើការសម្រេចចិត្តដ៏ល្អអំពីអ្វីដែលត្រូវធ្វើ និងរបៀបដឹកនាំនៅពេលស្ថានភាពមួយបានកើតមានឡើងក្នុងស្ថាប័នរបស់ខ្លួន។ អ្នកដឹកនាំត្រូវស្គាល់អ្វីដែលជាភាពខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ចំណុចខ្សោយរបស់ស្ថាប័ន ការកសាងវប្បធម៌គ្រប់គ្រង ដឹកនាំ អនុវត្តការងារនៅ ក្នុងស្ថាប័ន យល់ពីស្ថានភាពដែលស្ថាប័ននឹងប្រឈមមុខ និងអាចព្យាករណ៍ពីអ្វីដែលអាចនឹងកើតមានឡើងនៅពេលខាងមុខ៕
ប្រភព៖ Entrepreneur