មុន​នឹង​បើក​អាជីវកម្ម អ្នក​គួរ​មាន​​រនាំង​​ការពារ​​សុវត្ថិភាព​៩ ​នេះ​ជាមុន​សិន​



និយាយ​ពី​រឿង​ធ្វើ​ជំនួញ​ មាន​ដើម​ទុន​​គ្រប់គ្រាន់​ដើម្បី​ចេញ​រកស៊ី​​ក៏​មិន​ប្រាកដ​ថា ជោគជ័យ​ដែរ។ ចំណែក​អ្នក​ដែល​មាន​គំនិត​​រកស៊ី ​ខ្វះ​ដើម​ទុន​ក៏​មិន​ប្រាកដ​ថា បរាជ័យ​ដែរ។ តាម​ពិត​ទៅ​នៅ​ក្នុង​ជីវិត​អ្នក​រកស៊ីគឺ​​ជួប​ឧបសគ្គ​ច្រើន​ណាស់ ហើយ​ការ​អង្គុយ​ស្រមៃ​ដេក​គិត​វា​មិនមែន​ជា​ចម្លើយ​ពិតប្រាកដ​នោះ​ដែរ។ មាន​តែ​អ្នក​ចេញ​រកស៊ីប៉ុណ្ណោះ​​ទើប​យល់​​អារម្មណ៍​ថារសជាតិ​អ្នក​ជំនួញ​វា​យ៉ាង​ម៉េច។ 

ឥឡូវ​នេះ ឧបមា​ថា អ្នក​ចង់​បើក​ជំនួញ​មួយ​ទៅ​ចោះ! តើ​អ្នក​បាន​ត្រៀម​ខ្លួន​អ្វី​ខ្លះ​ហើយ​ឬនៅ? ខាងក្រោម​នេះ​គឺ​ជា​​ចំណុច​ចាំបាច់​មួយ​ចំនួន​ដែល​​អ្នក​ត្រូវ​រៀបចំ​​ឲ្យ​បាន​រួចស្រេច​ជាមុន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ជំនួញ​របស់​អ្នក​ចាប់​ផ្តើម​ទៅ​នៅ​ក្នុង​អត្រា​បរាជ័យ​មួយ​ទាប​បំផុត។ ​​

១. រក​ការងារ​​ក្រៅ​ម៉ោង
នៅ​ពេល​អ្នក​ចាប់​ផ្តើម​បើក​ជំនួញ​ដំបូង អ្នក​គួរ​ឆ្លៀត​​រក​​ការងារ​ក្រៅ​ម៉ោង​​មក​ធ្វើ​បន្ថែម​ទៀត។ នេះ​ជា​រឿង​ល្អ​ដើម្បី​ឲ្យ​អ្នក​រក​លុយ​មក​ផ្គត់ផ្គង់​ការ​ចំណាយ​​ផ្សេងៗ​ក្នុង​អាជីវកម្ម​របស់​អ្នក​ ពីព្រោះ​នៅ​ពេល​​ដើមទីមុខ​ជំនួញ​របស់​អ្នក​​អាច​ចំណាយ​ច្រើន​ជាង​ចំណូល ពោល​គឺ​មិន​ទាន់​រក​ប្រាក់​ចំណេញ​បាន​នៅ​​ឡើយ​ទេ។ មាន​ការងារ​ក្រៅ​ម៉ោង​​មួយ​​ដែល​ទាក់ទង​ទៅ​នឹង​ជំនួញ​ដែល​អ្នក​កំពុង​ធ្វើគឺ​ជា​រឿង​ល្អ​បំផុត។ 

២. ធ្វើការ​ឲ្យ​គេ​​​សន្សំ​ចំណេះដឹង​មុន​ចេញ​​រកស៊ី​ដើម្បី​យក​បទពិសោធន៍
ការ​ចេញ​រកស៊ី​ដោយ​ខ្លួនឯង​គឺ​ជា​រឿង​ល្អ​មួយ​។ ប៉ុន្តែ​នៅ​មាន​គុណតម្លៃ​ជា​ច្រើន​ទៀត​​ដែល​អ្នក​នឹង​ទទួល​បាន​មុន​ពេល​ចាប់​ផ្តើម​មុខ​ជំនួញ​របស់​អ្នក។ នោះ​គឺ​ការ​ធ្វើ​ការ​ឲ្យ​គេ​ជាមួយ​​នឹង​ការងារ​ណា​ដែល​ទាក់ទង​ទៅ​នឹង​ជំនួញ​របស់​អ្នក​ដើម្បី​យក​បទពិសោធន៍។ អ្នក​ត្រូវ​មាន​ផ្នត់​គំនិត​នេះ​ហើយ​សន្សំ​ចំណេះដឹង​មុន​នឹង​ចេញ​​រកស៊ី។ ​

៣. មាន​ភាព​វៃឆ្លាត​ក្នុង​ការ​ជ្រើសរើស​ដៃគូ​ជីវិត​​
ប្រសិន​បើ​អ្នក​មាន​មហិច្ឆតា​​ចង់​ក្លាយ​ជា​សហគ្រិន អ្នក​ត្រូវ​តែ​គាំទ្រ​ដល់​ដៃគូ​ជីវិត​របស់​អ្នក​ដើម្បី​ធ្វើ​ឲ្យ​ក្តី​សុបិន​នេះ​ក្លាយ​ជា​ការ​ពិត​។ ការ​មាន​ដៃគូ​ជីវិត​ដែល​មាន​ការ​យល់ចិត្ត​យល់​ថ្លើម ស្គាល់​ពី​សុខទុក្ខ ចេះ​ឲ្យ​តម្លៃ និង​ជួយ​លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​គុណ​តម្លៃ​យ៉ាង​វិសេសវិសាល​ក្នុង​ការ​នាំ​មក​នូវ​ភាព​ជោគជ័យ ក្នុង​ជីវិត និង​មុខ​ជំនួញ។

៤. ស្វែង​រក​ដៃគូ​ជំនួញ​
នេះ​ជា​រឿង​ដែល​មិន​អាច​រំលង​បាន។ អ្នក​គួរ​ស្វែង​រក​អ្នកណា​ដែល​អ្នក​យល់​ថា ធ្វើ​ឲ្យ​អ្នក​ទុកចិត្ត​បាន​ដើម្បី​ចាប់ដៃ​រកស៊ី​ជាមួយ​គ្នា​សម្រាប់​អនាគត​យូរអង្វែង​មួយ​។ ដៃគូ​ជំនួញ​របស់​អ្នក​មិន​ចាំបាច់​អ្នក​ឆ្លាត​បំផុត​នោះ​ ឬ​​អ្នក​មាន​លុយ​រាប់​​ម៉ឺន​ដុល្លារ​នោះ​ទេ។ សូម​ចាំ​ថា ដំណាក់​កាល​ដំបូង​នៃ​ការ​ចេញ​រកស៊ី អ្នក​ត្រូវ​ផ្សំ​​ចាប់​ដៃគូ​ដើម្បី​រួម​គំនិត​គ្នា ចូល​ដើមទុន​រួមគ្នា និង​អាច​ធ្វើ​​សហប្រតិបត្តិការ​ការងារ​រួមគ្នា​បាន​គ្រប់​ស្ថានភាព​ទាំងអស់។

៥. ការ​ទទួល​បាន​ភាព​ស្របច្បាប់​ក្នុង​ការ​ធ្វើ​ជំនួញ
នៅ​ពេល​អ្នក​ចេញ​រកស៊ី អ្នក​មិន​​ត្រូវ​មើល​រំលង​នៃ​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​​នៅ​ស្ថាប័ន​ក្រសួង​សាមី​របស់​រដ្ឋ​នោះ​ឡើយ។ នេះ​ជា​ចំណុច​សំខាន់​ដើម្បី​ទទួល​ស្គាល់​ពី​ស្ថាប័ន​រដ្ឋ​ថា ក្រុមហ៊ុន​របស់​អ្នក​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​មាន​ស្តង់ដារ​​ដែល​​ជា​ផ្នែក​មួយ​សំខាន់​ធ្វើ​ឲ្យ​អ្នក​អាច​ហក់​ចូល​ទីផ្សារ​ប្រកួតប្រជែង​ដោយ​មិន​មាន​ភ័យខ្លាច​ និង​​បាន​កាន់តែ​ទូលំទូលាយ​នៅ​ពេល​អនាគត។

៦. បើ​ខ្វះ​ទុន​រក​មើល​អ្នក​ដែល​អាច​ខ្ចី​ទុន​បាន
នៅ​ពេល​​ចេញ​រកស៊ី​ដំបូង​ អ្នក​អាច​ខ្វះ ដើមទុន​រកស៊ី ឬ​ក៏​សម្រាប់​​ត្រៀម​ទប់ទល់​នៅ​ពេល​ការ​ខាតបង់​ណា​មួយ​កើត​មាន​ឡើង។ ជា​យោបល់​ល្អ អ្នក​​គួរ​ខ្ចី​អ្នកណា​ម្នាក់​ក្នុង​សមាជិក​គ្រួសារ​របស់​អ្នក មិត្តភក្ដិ ឬ​អ្នក​ផ្សេង​ទៀត​ដែល​អ្នក​យល់​ថា អាច​ពឹងពាក់​បាន។ 

៧. យុទ្ធសាស្ត្រ​កៀងគរ​ប្រមូល​ដើម​ទុន (Crowdfunding)
នៅ​ពេល​អ្នក​មាន​​គំនិត​ ឬ​​គម្រោង​​​អាជីវកម្ម​ដ៏​ល្អ​​មួយ ​ហើយ​​យល់​ថា អ្នក​ត្រូវ​ការ​ជំនួញ​ហិរញ្ញវត្ថុ​​ដើម្បី​បើក​ដំណើរការ​ យុទ្ធសាស្ត្រ​កៀងគរ​ប្រមូល​ដើម​ទុន​គឺ​ជា​​មធ្យោបាយ​ដ៏​ល្អ​មួយ​ទៀត។ តាម​រយៈ​មធ្យោបាយ​នេះ អ្នក​អាច​បញ្ចុះបញ្ចូល​អ្នក​វិនិយោគ ឬ​​បុគ្គល​ផ្សេងៗ​ទៀត​ដែល​មាន​ទុន​ច្រើន​មក​ចាប់​អារម្មណ៍​ដាក់​ទុន​​ជាមួយ​អ្នក​​បាន។ 

៨. សន្សំ
នៅ​ពេល​អ្នក​ចង់​ចេញ​រកស៊ី អ្នក​ត្រូវ​មាន​ផ្នត់​គំនិត​មួយ​គឺ​ការ​សន្សំសំចៃ​ឲ្យ​បាន​ខ្ពស់​បំផុត​​តាមដែល​អាច​ធ្វើ​បាន។ នៅ​ពេល​ដំបូងៗ ការ​ចំណាយ​មាន​ច្រើន​ជាង​ចំណូល ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា ការ​ចំណាយ​ទាំង​នោះ​មិន​ខ្ជះខ្ជាយ​ ចាយ​ខុស​ខ្ទង់​នោះ​ឡើយ​។ នៅ​ពេល​អ្នក​រក​ចំណូល​បាន​ពី ជំនួញ​របស់​អ្នក​ហើយ អ្នក​គួរ​សន្សំ​ប្រាក់​ចំណេញ​បន្ត​ទៅ​ទៀត ដើម្បី​ហក់​លោត​ពង្រីក​អាជីវកម្ម​របស់​អ្នក ឬ យក​លុយ​ទៅ​វិនិយោគ​លើ​ជំនួញ​ផ្សេង​ទៀត​​ដែល​អ្នក​យល់​ថា មាន​​ឱកាស​ទទួល​បាន​ប្រាក់​ចំណេញ​។

៩. សាកល្បង​ធ្វើ​តេស្ដ​ជំនួញ​របស់​អ្នក
ដើម្បី​ធ្វើ​តេស្ដ​ចង់​ដឹង​ថា ជំនួញ​របស់​អ្នក​អាច​នឹង​មាន​ការ​គាំទ្រ​ឬ​អត់​នៅ​ពេល​ខាងមុខ អ្នក​អាច​សាកល្បង​ចំណាយ​លុយ​មួយ​ចំនួន​ដើម្បី​​ផ្សព្វផ្សាយ​នៅ​តាម​បណ្តេញ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​ដូច​ជា Facebook ជា​​ដើម។ បន្ទាប់​មក​អ្នក​ត្រូវ​វិភាគ​លើ​ទិន្នន័យ​ដែល​អ្នក​ទទួល​បាន​ ដើម្បី​វាយតម្លៃ​ថា អាជីវកម្ម​របស់​អ្នក​ទទួល​បាន​គាំទ្រ​ក្នុង​កម្រិត​ណា?  មធ្យោបាយ​នេះ​ប្រៀប​ដូច ជា​ការ​​ស្រាវជ្រាវ​ទីផ្សារ​មួយ​​ផង​ដែរ​សម្រាប់​ប្រមើល​មើល​ពី សក្ដានុពល​ក្នុង​វិស័យ​ជំនួញ​របស់​អ្នក៕

ប្រភព៖ Entrepreneur ​

 

X
5s