ចង់ឲ្យអាជីពការងារជោគជ័យ កុំភ្លេចអានដំបូន្មានទាំង៥នេះ!
មានការងារល្អ មានតំណែងខ្ពស់ បានប្រាក់ខែច្រើន ទទួលបានការកោតសរសើរឲ្យតម្លៃពីមនុស្សជុំវិញខ្លួន ។ល។ គឺជាក្តីសុបិនមួយនៅពេលអ្នកចេញទៅធ្វើការងារឲ្យក្រុមហ៊ុនមួយ។ ទោះជាបែបនេះក្តី មុននឹងទទួលបានលទ្ធផលទាំងនេះ អ្នកត្រូវហែលឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់។ អ្នកត្រូវផ្លាស់ប្ដូរពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ និងឆ្លងកាត់ពីតំណែងមួយទៅតំណែងមួយទៀត។ ប៉ុន្តែទន្ទឹមនឹងនេះ មានមេរៀនមួយចំនួនដែលអ្នកគួរសិក្សារៀនសូត្រស្វែងយល់បន្ថែមថា តើអ្នកគួរធ្វើអ្វីខ្លះដើម្បីឲ្យអាជីពការងារជោគជ័យ?
១.ធ្វើឲ្យបានច្រើនជាងអ្វីដែលចៅហ្វាយរបស់អ្នកបានប្រាប់
នៅពេលចៅហ្វាយ ឬមេរបស់អ្នកដាក់ការងារអ្វីមួយឲ្យអ្នកធ្វើ អ្នកមិនមែនធ្វើត្រឹមតែអ្វីដែលជាការបង្គាប់បញ្ជានៅក្នុងកម្រិតណាមួយទេ។ អ្នកត្រូវចាំថា អ្នកត្រូវតែធ្វើឲ្យបានច្រើនជាងអ្វីដែលចៅហ្វាយរបស់អ្នកបានប្រាប់ ហើយកុំធ្វើលំៗឲ្យរួចតែពីដៃ ពោលគឺត្រូវធ្វើឲ្យបានកាន់តែច្រើនកាន់តែល្អ មានភាពហ្មត់ចត់ និងយកចិត្តទុកដាក់បំផុត។ នៅពេលអ្នកធ្វើបានច្រើនលើសពីអ្វីដែលជាការរំពឹងទុក នឹងធ្វើឲ្យចៅហ្វាយរបស់អ្នកមើលមកអ្នកថា អ្នកជាបុគ្គលិកគួរឲ្យទុកចិត្ត អាចដើរបានវែងឆ្ងាយ មានការទទួលខុសត្រូវ និងអាចទទួលខុសត្រូវលើគម្រោងធំៗសម្រាប់អនាគតរបស់ក្រុមហ៊ុន។
២.មនុស្សគ្រប់គ្នាអាចជាគ្រូរបស់អ្នក
ការស្វែងរកបុគ្គលណាម្នាក់មកជួយបង្ហាត់បង្រៀន ឬបង្ហាញផ្លូវអ្នកនៅពេលអ្នកជួបឧបសគ្គ និងបញ្ហាស្មុគស្មាញជាច្រើននៅក្នុងអាជីពការងាររបស់អ្នក គឺជាកូនសោមួយធ្វើឲ្យអ្នកជោគជ័យបាន។ យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហានេះ អ្នកមិនចាំបាច់ទាល់តែរកអ្នកដែលមានជំនាញខ្លាំងពូកែ ចៅហ្វាយរបស់អ្នក ឬអ្នករួមការងារដែលមានតំណែងល្អជាងអ្នកនោះទេ។ តាមការពិតបុគ្គលណាក៏ដោយដែលមានជំនាញអ្វីមួយដែលធ្វើឲ្យអ្នកចង់រៀនសូត្រតាម ក៏អាចចាត់ទុកថា ជាអ្នកដែលអ្នកអាចយកមកធ្វើជាគ្រូរបស់អ្នកបានដែរ។
៣.បង្កើតគុណតម្លៃអាជីពការងារមួយជារបស់អ្នក
នៅក្នុងអាជីពការងារ អ្នកត្រូវបើកចិត្តឲ្យទូលាយ ហើយរៀនសូត្រពីអ្នកដទៃបាន។ ក៏ប៉ុន្តែអ្នកមិនត្រូវចម្លងគ្រប់អ្វីៗសព្វបែបយ៉ាងពីអ្នកទាំងនោះឡើយ។ អ្នកត្រូវបង្កើតគុណតម្លៃមួយជារបស់អ្នក ហើយច្បិចយកអ្វីដែលជាចំណុចល្អរបស់បុគ្គលទាំងនោះមកបំពេញបន្ថែមចំណុចខ្វះខាតក្នុងអាជីពការងាររបស់អ្នក។ កុំអង្គុយរង់ចាំតែគេប្រាប់ ត្រូវសិក្សាស្រាវជ្រាវ រៀនសូត្របន្ថែម និងមានបែបផែនវិន័យហ្វឹកហាត់ជំនាញការងារមួយច្បាស់លាស់សម្រាប់ខ្លួនឯង។
៤.សួរខ្លួនឯងថា តើអ្នកអាចធ្វើឲ្យអាជីពការងាររបស់អ្នកបានល្អប្រសើរឡើងដោយរបៀបណា?
ចំណុចមួយដែលអាចធ្វើឲ្យអាជីពការងាររបស់អ្នកមានការវិវត្តទៅមុខជាលំដាប់ គឺនៅពេលអ្នកដឹងពីគន្លឹះដែលត្រូវធ្វើឲ្យវាកាន់តែប្រសើរឡើង។ ជំហានដំបូងដែលអ្នកត្រូវដឹងនោះគឺអ្នកត្រូវបង្កើតទំនុកចិត្តជាមុនសិន និងដឹងពីអ្វីដែលជាចំណុចខ្សោយរបស់អ្នក។ អ្នកត្រូវសួរខ្លួនឯងថា តើអ្នកត្រូវធ្វើអ្វី? តើអ្នកបានបង្កើតកំហុសអ្វី? ប្រសិនបើការងារបច្ចុប្បន្នរបស់អ្នកមិនមានតម្លៃអ្វីដែលធ្វើឲ្យអនាគតអាជីពការងាររបស់អ្នករីកចម្រើនទេនោះ អ្នកត្រូវផ្លាស់ប្ដូររកកន្លែងថ្មីដែលមានឱកាសល្អច្រើនជាងនេះ។
៥.កុំនិយាយរឿងមិនល្អចៅហ្វាយរបស់អ្នក
ទោះបីជាអ្នកមិនទទួលបានការពេញចិត្តពេញថ្លើមពីចៅហ្វាយរបស់អ្នកក៏ដោយ អ្នកមិនគួរព្យាយាមនិយាយដើមក្រោយខ្នង ឬ លាតត្រដាងចំណុចអវិជ្ជមានចៅហ្វាយរបស់អ្នកនោះឡើយ។ សម្រាប់អ្នក បើទោះបីជាចៅហ្វាយរបស់អ្នកជាមនុស្សមិនល្អក្តី ការវាយប្រហារពីក្រោយខ្នង សម្ដីអុចអាល បន្ថោកបង្អាប់ មិនបង្ហាញថា អ្នកជាមនុស្សមានវិជ្ជាជីវៈនោះឡើយ។ ដើម្បីអនាគតអាជីពការងារវែងឆ្ងាយ ទង្វើបែបនេះ គឺជាទង្វើសម្រាប់អ្នកចាញ់តែប៉ុណ្ណោះ។ សូមចាំថា អ្នកធ្វើការជាមួយចៅហ្វាយរបស់អ្នកគឺដើម្បីការងារ និងសម្ព័ន្ធភាព មិនមែនដើម្បីបង្កើតសត្រូវជាមួយគ្នានោះឡើយ៕