មកស្គាល់ Startup ទាំង ៥ របស់សិង្ហបុរី កំពុងជួយដោះស្រាយបញ្ហាសង្គមដ៏ច្រើន
ផ្នែកមួយដែលជួយឲ្យអាជីវកម្មទទួលបានជោគជ័យនោះគឺការយល់ពីពេលដែលត្រូវដំណើរការអាជីវកម្ម (បើកអាជីវកម្មចំពេលវេលាដែលមានតម្រូវការ) បូកជាមួយនឹងគំនិតច្នៃប្រឌិតខ្ពស់។ ពេលអ្នកដឹងច្បាស់ពីតម្រូវការនៅក្នុងសង្គម ហើយមានគំនិតឆ្នៃប្រឌិតខ្ពស់ថែមទៀតនោះ នោះអ្នកអាចបម្លែងតម្រូវការនោះឲ្យទៅប្រយោជន៍សម្រាប់សង្គមបាន។
លោក Mark Lim អ្នកគ្រប់គ្រងផ្នែកឌីជីថលតិចណូឡូជីនៅក្រុមហ៊ុនវិនិយោគ Temasek មានស្នាក់ការកណ្តាលក្នុងប្រទេសសឹង្ហបុរីបានលើកឡើងថា “ពេលខ្លះគំនិតល្អៗក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងសង្គមមានភាពចាំបាច់ខ្លាំងណាស់ ហើយយើងសង្កេតឃើញថា Startup កំពុងចូលរួមចំណែកយ៉ាងសំខាន់សព្វថ្ងៃនេះ”។
ខាងក្រោមនេះ ជាគំនិតអាជីវកម្ម startup ថ្មីៗចំនួន ៥ នៅក្នុងប្រទេសសឹង្ហបុរី ហើយភាគច្រើនបង្កើតឡើងដោយយុវជនដែលមានអាយុតិច ហើយត្រូវបានគេកត់សំគាល់ថា បានជួយដោះស្រាយបញ្ហាក្នុងសង្គមបានច្រើន៖
១) Mind Palace
ជាប្រភេទ startup មួយដែលអាចជួយដល់ចាស់ជរា។ សាកស្រមៃថាអាយុកាន់តែជ្រេទៅ អ្នកត្រូវរស់នៅក្នុងបរិយាកាសមួយដែលអ្នកចាំបាច់ត្រូវកាអ្នកមើលថែទាំ ចាំប្រាប់ថាដល់ពេលញ៉ាំបាយ ដល់ពេលគេង អ្នកត្រូវទៅនេះឬទៅនោះ មិនខុសទេគឺការរស់នៅក្នុងមមណ្ឌលចាស់ជរា គ្មានកូនចៅ សាច់ញាត្តិនៅកំដរអ្នកងាយនឹងមានជំងឺបាក់ទឹកចិត្តខ្លាំងបំផុត។ ដូចនេះ Eugene Soh ដែលជាស្ថាបនិក Mind Palace បានរកដំណោះស្រាយសម្រាប់មនុស្សចាស់ក្នុងសង្គមដោយបង្កើត App មួយដែលរស់នៅក្នុងតិចណូឡូជីនៃការពិតនិម្មិត virtual reality (VR) Technology។ ទោះជាជនចាស់ជរារស់នៅក្នុងមណ្ឌលចាស់ជរាក៏ពិតមែនតែគាត់មិនឯកាទេ ដោយប្រើកាស VR ជជែកកំសាន្តជាមួយមិត្តភក្តិជាដើម។ មិនត្រឹមតែអ្នកដែលមានវ័យចំនាស់ទេដែលអាចប្រើសេវាកម្មនេះបាន ទោះមនុស្សវ័យកណ្តាលដែលគិតថាខ្លួនឯងឯកោ ឬឆាប់មានជំងឺបាក់ទឹកចិត្តក៏អាចប្រើ App នេះបានដែរ។
២) The Kint Sotry
គិតត្រឹមឆ្នាំ ២០១៨ សឹង្ហបុរីបានធ្វើការបោះចោលសំលៀកបំពាក់ គ្រឿងវាយនភណ្ឌ និងផលិតផលផលិតពីស្បែកសុទ្ធប្រមាណ ២១៩,៨០០តោន ហើយក្នុងនោះមានតែ ៦% ប៉ុណ្ណោះត្រូវបានយកមកកៃច្នៃ ឬប្រើប្រាស់ឡើងវិញ។ ជាទូទៅ គេចាត់ទុកសឹង្ហបុរីជាប្រទេសដែលមានវប្បធម៌ក្នុងការបោះចោល នូវសំលៀកបំពាក់ ឬផលិតផលប្រើប្រាស់នានាដោយគ្រាន់តែប្រើបានម្តងទៅពីរដងប៉ុណ្ណោះ ទោះជាផលិតផលនោះវាជាផលិតផលល្អកម្រិតណាក៏ដោយ។ Yushu Huang បានរកឃើញគំនិតអាជីវកម្ម startup មួយជាមួយមិត្តរបស់គេគឺ Elisa Goh ដោយបានដាក់ឈ្មោះឲ្យអាជីវកម្មរបស់ខ្លួនថា “ហាងសន្សំសំចៃអនឡាញ”។ ហាងរបស់គាត់មានលក់សំលៀកបំពាក់មួយទឹក ដែលសម្រាំងយក Fashion ល្បីៗ ក្នុងនោះក៏មានរបស់ម្ចាស់ហាងដែរ។ អាជីវកម្មមួយនេះត្រូវបានបំផុសគំនិតឡើងនៅដើមឆ្នាំ ២០១៩ នេះប្រតិបត្តិការនៅក្នុងប្រទេសសឹង្ហបុរី ហើយនៅពេលអនាគតពួកគេមានបំណងពង្រីកខ្លួនឲ្យដូចផ្សិតទៅកាន់ទីផ្សារក្រៅប្រទេសទូទាំងប្រទេសក្នុងតំបន់ងអាស៊ីអាគ្នេយ៍ ក៏ដូចជាបណ្តាប្រទេសដទៃទៀត។
៣) Bridge
ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចគឺធ្វើឡើងស្ទើរគ្រប់កន្លែងក្នុងប្រទេសសឹង្ហបុរី ដែលគិតចាប់ពីអ្នកដែលមានជីវភាពទាប ដល់អ្នកដែលមានជីវភាពខ្ពស់តែម្តង។ តែទោះជាយ៉ាងណាការដែលឈានទៅរកកម្រិតមួយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងទីផ្សារវាមិនជាល្អប៉ុន្មានទេសម្រាប់ក្មេងជំទង់ ដែលជាហេតុធ្វើឲ្យពួកគេមិនសប្បាយចិត្ត។
Rafael Soh វ័យ ១៥ ឆ្នាំជាសិស្សនៅអនុវិទ្យាល័យមួយគិតថាគេនឹងធ្វើការផ្លាស់ប្តូរវា។ រួមជាមួយមិត្តរួមថា្នក់បីនាក់ទៀតបានសម្រេចគ្នាបង្កើតផ្លេតហ្វមនៃការទូទាត់តាមទូរស័ព្ទដៃមានឈ្មោះថា Bridge។ App នេះបង្កើតឡើងដើម្បីជួយដល់យុវវ័យក្នុងការចំណាយ ធ្វើគម្រោងថវិកា និងអាចសន្សំប្រាក់ក្នុងហោប៉ៅរបស់ពួកគេបាន ដែលឪពុកម្តាយអាចធ្វើការផ្ទេរប្រាក់ឲ្យកូនបាដោយងាយស្រួល។ មិនតែប៉ុណ្ណោះសិស្សនៅក្នុងសាលាអាចទិញសៀវភៅនៅហាងលក់សៀវភៅ ឬបណ្ណាគារ និងទូទាត់នៅកង់ទីន និងសេវាដឹកអ្នកដំណើរដូចជា Grab ជាដើម។
៤) StaffAny
លោក Janson Seah អ្នកចាត់ការនៅកន្លែងលក់អាហារនិងភេសជ្ជៈមួយកន្លែងដែលបានចូលទីផ្សារនៅឆ្នាំ ២០១៤ បានមើលឃើញថា ការគ្រប់គ្រងកំណត់ពេលវេលារបស់បុគ្គលិកលោកមិនមានប្រសិទ្ធិភាពទេ។ ៤ឆ្នាំក្រោយមកបញ្ហានេះបានជំរុញបំផុសគំនិតឲ្យគាត់បង្កើត App មួយនេះឡើង ជាមួយមិត្តលោក Eugene Ng រួមដោយមិត្តនៅសាកលវិទ្យាល័យពីរនាក់ទៀត Jeremy Hon និង Kai Yi Lee។
StaffAny app បង្កើតឡើងដើម្បីជួយដល់ម្ចាស់អាជីវកម្មលក់អាហារ និងភេសជ្ជៈគ្រប់គ្រងបុគ្គលិកឲ្យមានប្រសិទ្ធភាព។ វាជួយដល់ការកំណត់ម៉ោងពេលការងារ ផ្លាស់ប្តូរចេញនូវការងាររដ្ឋបាលមួយចំនួនដែលកត់ត្រា ឬធ្វើឡើងដោយដៃ និងជួយឲ្យម្ចាស់អាជីវកម្មអាចផ្តោតលើការងារសំខាន់ដទៃទៀតបាន។ ទោះជាយ៉ាងណាក៏ដោយការចាប់ផ្តើមអាជីវកម្មនេះបានជួបប្រទះបញ្ហាមួយចំនួននៅពេលដំណើរដំបូង ដោយសារតែក្រុមរបស់ខ្លួនមិនបានធ្វើការស្រាវជ្រាវទីផ្សារត្រឹមត្រូវ ដែលជាហេតុបណ្តាលឲ្យបាត់បង់អតិថិជនក្នុងពេលនោះ។ តែបើគិតមកទល់ពេលនេះ StaffAny មានម្ចាស់ហាងលក់អាហារ និងភេសជ្ជៈប្រមាណ ៧០ ហើយដែលប្រើប្រាស់សេវាកម្មមួយនេះក្នុងប្រទេស។
៥) Master
ជាប្រភេទ Startup មួយជួយដល់ការសិក្សាពិសេសជំនួយលើការចងចាំមេរៀនសម្រាប់ត្រៀមប្រលង។ Dalton Ng បានជួបបញ្ហាលើការចងចាំមេរៀនសម្រាប់ការប្រលងរបស់គេក្នុងឆ្នាំមុន ហើយគេទទួលស្គាល់ថា គេត្រូវការជំនួយដើម្បីឲ្យការសិក្សាមានប្រសិទ្ធភាព។ កាលពីនៅអាយុ ១១ឆ្នាំ គេបានបង្កើត App មួយ ហើយឆ្នាំបន្ទាប់សិស្សពហុបច្ចេកទេសរូបនេះបានធ្វើការអភិវឌ្ឍកម្មវិធីមួយដែលពង្រឹងបញ្ញាស្មារតីដើម្បីជួយគាត់រៀនកាន់តែប្រសើរ។ ដោយមើលឃើញពីការកើនឡើងនូវសមត្ថភាពនៃការរៀនសូត្របន្ទាប់ពីប្រើប្រាស់កម្មវិធីនេះមក មិត្តរបស់គេបានសុំដើម្បីអាចប្រើកម្មវិធីមួយនេះដែរ ដែលជាហេតុជំរុញទឹកចិត្តឲ្យគាត់បង្កើត App មួយនេះដាក់ឈ្មោះថា Master ជួយដល់ខ្លួនឯង ជួយដល់មិត្តភក្តិ ហើយចុងក្រោយក៏បានរួមចំណែកជួយដល់សង្គម និងអាចស្វែងរកចំណូលសម្រាប់ខ្លួនបានទៀតផង៕
ដោយ៖ យ៉ាយ៉ា