ជំនាញ ១០ ដែលអ្នកគួររៀនសូត្រដើម្បីធ្វើជាមនុស្សមានវិជ្ជាជីវៈប្រកបដោយភាពថ្លៃថ្នូរ?
ដោយសារតែអ្នកបានរៀនចប់ថ្នាក់មហាវិទ្យាល័យ នេះមិនមែនមានន័យថា អ្នកត្រូវឈប់រៀនត្រឹមហ្នឹងនោះទេ។ ផ្ទុយទៅវិញ អ្នកនៅមានជំនាញសំខាន់ៗជាច្រើនទៀតដែលអ្នកត្រូវសិក្សារៀន សូត្របន្ថែមដើម្បីធ្វើឲ្យអាជីពការងារ និងសមត្ថភាពរបស់អ្នកកាន់តែខ្លាំងឡើង។
ខាងក្រោមនេះជាជំនាញដែលអ្នកគួរសិក្សារៀនសូត្រពីវ័យជំទង់ទៅជាពិសេសអ្នកដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ ដើម្បីធ្វើឲ្យអ្នកក្លាយជាបុគ្គលថ្លៃថ្នូរប្រកបដោយវិជ្ជាជីវៈខ្ពស់នៅពេលអនាគត៖
១.រៀនពីរបៀបបង្កើតភាពស្មោះត្រង់
នៅពេលអ្នកមកប្រជុំ ឬមកធ្វើការយឺត អ្នកអាចយកលេសបន្ទោសទៅលើបញ្ហាធ្វើដំណើរ ដូចជា ស្ទះចរាចរណ៍ជាដើម ខណៈដែលការពិតគឺដោយសារតែអ្នកគេងជ្រុលទៅវិញ។ អ្នកមិនចាំបាច់ដោះសាបែបនេះឡើយ។ អ្នកគ្រាន់តែសុំទោស ហើយមិនចាំបាច់លើកមូលហេតុលម្អិតមកបញ្ជាក់ក៏បានដែរ។ អ្នកគ្រាន់តែបង្ហាញភាពស្មោះត្រង់ និងទទួលខុសត្រូវលើកំហុសរបស់អ្នក ជាជាងព្យាយាមនិយាយកុហកដែលវាធ្វើឲ្យបាត់បង់ទំនុកចិត្តពីអ្នកដទៃ។
២.រៀនពីរបៀបទទួលយកការរិះគន់
ជាទូទៅមនុស្សមិនសូវចូលចិត្តអ្នកណាម្នាក់ដែលរិះគន់ពីកំហុសរបស់ខ្លួននោះឡើយ បើទោះបីជាការរិះគន់នោះវាការពិតក៏ដោយ។ យ៉ាងណាក៏ដោយ ដើម្បីភាពជោគជ័យក្នុងជីវិត អ្នកក៏ត្រូវចេះរៀនទទួលយកការរិះគន់របស់អ្នកដទៃផងដែរ។ រាប់សកម្មភាពរបស់អ្នកមិនមែនសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ។ ហេតុដូច្នេះ នៅពេលមានការរិះគន់មកលើអ្នក អ្នកត្រូវឆ្លើយតបដោយការទទួលខុសត្រូវ ព្រមទាំងមិនចាត់ទុកអ្នកដែលរិះគន់អ្នកថា ជាសត្រូវរបស់អ្នកនោះទេ។
៣.រៀនពីរបៀបបង្កើតការសន្ទនាគួរឲ្យចាប់អារម្មណ៍មួយឡើង
ការចាប់ផ្តើមសន្ទនាជាមួយប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ណាមួយជាមួយអ្នកណា គឺមិនមែនងាយស្រួលនោះទេ។ វាមានការលំបាកសម្រាប់អ្នកដែលខ្មាសអៀន អ្នកដែលមានចិត្តចង្អៀតចង្អល់ មនុស្សដែលចូលចិត្តភាពឯកោនិយម។ យ៉ាងណាមិញ នៅក្នុងបរិបទការងារប្រចាំថ្ងៃ ជំនួញ មិត្តភាព វាមានសារសំខាន់ណាស់ ហើយអ្នកត្រូវចេះរើសប្រធានបទគួរឲ្យចាប់អារម្មណ៍ទៅតាមប្រភេទមនុស្សទាំងនេះមកមកពិភាក្សាទៅវិញទៅមក។
៤.រៀនបង្កើតសំណើដែលអ្នកចង់បាន
នៅពេលអ្នកដាក់សំណើទៅអ្នកណាម្នាក់ដើម្បីទទួលយកអ្វីដែលអ្នកចង់បានដូចជា លក់ផលិតផលទៅឲ្យអតិថិជន អ្នកគួរត្រូវមានវិធីសាស្រ្តដ៏មានប្រសិទ្ធភាពផងដែរដើម្បីធ្វើយ៉ាងណាឲ្យអតិថិជនទិញផលិតផលរបស់អ្នក។ ដូច្នេះ ការបញ្ចុះតម្លៃ ការធានារ៉ាប់រងលើគុណភាព ការផ្តល់រង្វាន់ជាដើម អាចជាអ្វីដែលអ្នកត្រូវពិចារណាធ្វើដើម្បីឲ្យការលក់របស់អ្នកជោគជ័យ។ នៅក្នុងជីវិតប្រចាំថ្ងៃ ប្រសិនបើសំណើរបស់អ្នកមិនបានធ្វើឲ្យទទួលមានភាពកក់ក្ដៅទេនោះ អ្នកក៏មិនអាចធ្វើឲ្យសំណើរបស់អ្នកទទួលបានជោគជ័យនោះដែរ។
៥.រៀនពីរបៀបរក្សាពាក្យសន្យារបស់អ្នក
អ្នកអាចសន្យាថា នឹងចូលរួមកម្មវិធីខួបកំណើតមិត្ត ភក្តិរបស់អ្នក។ អ្នកអាចសន្យាថា នឹងណាត់ជួបអ្នកណាម្នាក់នៅហាងកាហ្វេណាមួយដើម្បីជជែកពីជំនួញ។ ក៏ប៉ុន្តែនៅទីបំផុត អ្នកមិនបានធ្វើតាមការសន្យារបស់អ្នកដោយលើកយកលេស លើកហេតុផលនេះហេតុផលនោះមិនចប់មិនហើយ។ សូមចាំថា នៅពេលអ្នកមិនគោរពពាក្យសន្យារបស់អ្នកកាន់តែច្រើនឡើង អ្នកកាន់តែបាត់បង់ទំនុកចិត្តពីអ្នកដទៃកាន់តែច្រើនឡើង ដែលជាចំណុចមួយធ្វើឲ្យអ្នកបរាជ័យក្នុងការទំនាក់ទំនង។
៦.រៀនពីការបង្កើតទំនាក់ទំនងឲ្យមានប្រសិទ្ធភាព
ទោះបីជាអ្នករៀនជំនាញអ្វីក៏ដោយ អ្នកត្រូវតែពង្រឹងជំនាញទំនាក់ទំនងរបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាពឡើងដូចជាការនិយាយ ការសរសេរ និងការប្រើប្រាស់ភាសាទំនាក់ទំនងមិនចំពោះថាក្នុងបរិបទជំនួញ ការងារ និងជីវភាពប្រចាំថ្ងៃយ៉ាងណានោះទេ។ ចំណុចនេះអ្នកត្រូវធ្វើឲ្យខ្លួនឯងមានទំនុកចិត្តជាមុន បន្ទាប់មករៀននិយាយទៅកាន់មនុស្សជុំវិញអ្នកដោយការគោរព និងយកចិត្តទុកដាក់អ្វីដែលគេនិយាយ។ សូមចាំថា ការទំនាក់ទំនងមួយមានប្រសិទ្ធភាព មិនចាំបាច់តែនិយាយនោះទេ សូម្បីតែអ្នកអង្គុយស្ងៀមចាំស្តាប់មតិគំនិតរបស់អ្នកដទៃ ក៏បង្ហាញពីភាសាទំនាក់ទំនងមួយដ៏មានប្រសិទ្ធភាពផងដែរ។
៧.រៀនដកស្រង់បទពិសោធន៍ផ្សេងៗនៅក្នុងជីវិត
ជាការពិតវ័យនៅខ្ទង់ ២០ គឺជាវ័យមួយដែលពោរពេញទៅដោយថាមពលកម្លាំងប្រាជ្ញា មានមហិច្ឆតាធំ ហើយក៏ជាវ័យមួយដ៏ស្មុគស្មាញនៅក្នុងជីវិតផងដែរ។ វ័យនេះអ្នកអាចឆ្លងកាត់ការបរាជ័យក្នុងស្នេហា ការងារ ការសិក្សា មានការទទួលខុសត្រូវទាប បង្កើតកំហុសផ្សេងៗ និងមានគោលដៅជីវិតមិនទាន់ច្បាស់លាស់។ យ៉ាងណាមិញ នេះជាបទពិសោធន៍មួយដែលអ្នកត្រូវរៀនសូត្រពីដើម្បីឲ្យកាន់តែរឹងមាំ និងត្រៀមខ្លួនឲ្យបានត្រឹមត្រូវនៅពេលអនាគតខាងមុខ។
៨.រៀនបង្កើតសីលធម៌ក្នុងខ្លួន
សីលធម៌គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកប្រសិនបើអ្នកចង់ក្លាយជាបុគ្គលម្នាក់ដែលមានបុគ្គលិកលក្ខណៈថ្លៃថ្នូរ។ ការគោរព ឲ្យតម្លៃអ្នកដទៃ ការរៀបចំឫក្សពារ ការប្រើ ពាក្យសម្ដីសមសួន ស្គាល់រាក់ជ្រៅ ខ្ពស់ទាប ។ល។ គឺបង្ហាញពីកម្រិតអប់រំរបស់អ្នកថា អ្នកជាមនុស្សប្រភេទណា។
៩.រៀនពីរបៀបគ្រប់គ្រងកំហឹងក្នុងខ្លួន
មនុស្សដែលយកកំហឹងមកដោះស្រាយបញ្ហានានា មិនបានបង្ហាញពីភាពថ្លៃថ្នូររបស់អ្នកនោះឡើយ ជាពិសេសប្រសិនបើអ្នកជាអ្នកដឹកនាំមួយរូប។ ការបាត់បង់ការគ្រប់គ្រងកំហឹងអាចធ្វើឲ្យអ្នកធ្វើរឿងដែលមិនបានគិត ឬហ៊ានធ្វើរឿងមិននឹកស្មានដល់ដែលអាចបំផ្លាញកេរ្តិ៍ឈ្មោះ ឬភាពជោគជ័យរបស់អ្នកក្នុងមួយប៉ប្រិចភ្នែក។ មានតែការអត់ធ្មត់ ភាពសុទិដ្ឋិនិយម និងការស្វែងរកដំណោះស្រាយប៉ុណ្ណោះដែលបង្ហាញថា អ្នកជាមនុស្សគួរឲ្យគោរព។
១០.រៀនពីរបៀបរស់នៅតាមលទ្ធភាពរបស់អ្នក
មានសម្ភារនិយមប្រើដូចជា រថយន្តទំនើបៗ រស់នៅផ្ទះវិឡាស្កឹមស្កៃ របស់ប្រេនៗ ជាដើម គឺជារឿងអស្ចារ្យលុះត្រាតែអ្នកមានលទ្ធភាពគ្រប់គ្រាន់ទិញរបស់ទាំងនេះ។ យ៉ាងណាវិញ ប្រសិនបើអ្នកមិនមានលទ្ធភាពទេនោះ សូមកុំធ្វើជាទាសកររបស់ទាំងនេះ ពីព្រោះថា ជីវិតដែលពោរពេញដោយបំណុលមិនល្អ វាមិនបានធ្វើឲ្យអ្នករីករាយ និងមានសេចក្តីសុខផ្លូវចិត្តនោះឡើយ។ អ្វីដែល អ្នកគួររៀនសូត្រនោះ គឺការចេះគ្រប់គ្រងអារម្មណ៍លោភលន់ចង់បាននេះចង់បាននោះហួសពីសមត្ថភាពរបស់ខ្លួន។ រៀនពីការសន្សំប្រាក់ រៀនពីការវិនិយោគ និងសន្សំចំណេះដឹងឲ្យបានច្រើនក្នុងអាជីវការងាររបស់អ្នក៕
ប្រភព៖ Businessinsider