តើអ្វីគឺជា Delexical verbs ក្នុងភាសាអង់គ្លេស?​



She has a pair of earrings that was made in Italy. (នាង​មាន​ក្រវិល​១គូ​ដែល​ត្រូវ​បាន​ផលិតឡើង​ក្នុងប្រទេស​អ៊ីតាលី។) Have Has ជាទូទៅ​មានន័យ​ថា «មាន» ប៉ុន្តែ​ក្រៅ​ពី​ចំណេះដឹង​មួយ​នេះ តើ​អ្នក​មាន​ដឹង​ទេ​ថា Have/Has គឺជា​ផ្នែក​មួយ​នៃ​កិរិយាសព្ទ​មួយ​ប្រភេទ​របស់​ភាសា​អង់គ្លេស​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Delexical verbs ?

Delexical verbs គឺជា​កិរិយាសព្ទ​ទាំងឡាយ​ណា​ដែល​នៅ​ពេល​ប្រើប្រាស់​វា​តែ​ឯង អត្ថន័យ​របស់​វា​មាន​លក្ខណៈ​តូច​ចង្អៀត ប៉ុន្តែ​នៅ​ពេល​ប្រើ​ផ្គួប​ជាមួយ​នាម​មួយ​ចំនួន អត្ថន័យ​របស់​វា​មាន​ភាព​ទូលំទូលាយ​ជាង​មុន។ ឯ​នាម​ដែល​ពួក​កិរិយាសព្ទ​ប្រភេទ​នេះ​ផ្គួប​ជាមួយ​ក៏​មាន​លក្ខណៈ​ជាក់លាក់​ដែរ មានន័យ​ថា​មិនមែន​គ្រប់​នាម​សុទ្ធតែ​អាច​ប្រើ​ផ្គួប​ជាមួយ​ពួក​វា​បាន​ទេ។ តើ Have/Has មាន​លក្ខណៈ​ជា Delexical verbs នៅ​ត្រង់​ចំណុច​ណាខ្លះ ? នាម​ជាក់លាក់​ដែល​វា​ប្រើប្រាស់​ជាមួយ​នៅ​ខាងក្រោម​នេះ នឹង​បង្ហាញ​ថា​វា​គឺជា​ប្រភេទ​កិរិយាសព្ទ Delexical verbs

១) អាហារ​និង​ភេសជ្ជៈ = a meal, breakfast, lunch, dinner, a snack, a cup of tea …

ឧទាហរណ៍៖ English people like to have a cup of tea with milk. (ប្រជាជន​អង់គ្លេស​ចូលចិត្ត​ទទួលទាន​តែ​របស់​ពួកគេ​ជាមួយ​ទឹកដោះគោ។)

២) ការ​និយាយ = a chat, a conversation, a discussion, a word, a talk …

ឧទាហរណ៍៖ Can I have a word with you, please ? (តើ​ខ្ញុំ​អាច​និយាយ​ជាមួយ​អ្នក​បន្តិច​បាន​ទេ ?)

៣) ការ​លាង​សម្អាត = a bath, a shower, a wash, a scrub …

ឧទាហរណ៍៖ I would love to have a bath after getting back home from work. (ខ្ញុំ​ចូលចិត្ត​ងូតទឹក​ក្រោយ​ពី​ត្រឡប់​ពី​ធ្វើការ​មក​ផ្ទះ​វិញ។)

៤) ការ​សម្រាក = a rest, a break, a holiday …

ឧទាហរណ៍៖ I will have a break next weekend. (ខ្ញុំ​នឹង​ឈប់​សម្រាក​នៅ​ចុង​សប្ដាហ៍​ក្រោយ​នេះ​ហើយ។)

៥) ការ​មិន​យល់​ស្រប​គ្នា = an argument, a dispute, a fight, a quarrel …

ឧទាហរណ៍៖ Kids often have a fight over trivial matters. (ក្មេងៗ​ច្រើន​តែ​ឈ្លោះប្រកែក​គ្នា​ទៅលើ​រឿង​ដែល​ឥត​ប្រយោជន៍។)

ក្រៅ​ពី​នាម​ទាំង​៥ប្រភេទ​ខាងលើ​នេះ​ហើយ Have/Has ក៏​ប្រើ​ផ្គួប​ជាមួយ​នឹង​នាម​មួយ​បែប​ទៀត​ដែល​ត្រូវ​បាន​កកើត​ឡើង​ចេញ​ពី​ទម្រង់​កិរិយាសព្ទ។ តួយ៉ាង​ដូចជា Look ជា​កិរិយាសព្ទ​មានន័យ​ថា​មើល ប៉ុន្តែ​វា​ក៏​អាច​ដើរតួ​ជា​នាម​នៅ​ពេល​ប្រើប្រាស់​ជាមួយ​កិរិយាសព្ទ Have/Has

ឧទាហរណ៍៖ Let's have a look at this pair of trainers before denying that you won't like it. (មើល​ស្បែកជើង​កីឡា​មួយ​គូ​នេះ​សិន​មក មុន​នឹង​ប្រកែក​ថា​អ្នក​នឹង​មិន​ពេញចិត្ត​វា​នោះ។)

ក៏​មាន​នាម​ដែល​មាន​លក្ខណៈ​ដូចគ្នា​នឹង Look ដទៃ​ទៀត​ដែរ​ដូចជា៖

១) I had a nice chat with him yesterday. (ខ្ញុំ​បាន​ជជែក​លេង​ជាមួយ​គាត់​ម្សិលមិញ។)

២) Before going home, let's have a bite of the warm buns at our favourite Chinese restaurant. (មុន​ពេល​ទៅ​ផ្ទះ នាំគ្នា​ទៅ​ញាំុ​នំប៉ាវ​ក្ដៅៗ​នៅ​ហាង​អាហារ​ចិន​ដែល​យើង​ចូលចិត្ត​មួយ​ភ្លែត​សិន​ទៅ។)

៣) Are you coming to have a swim this weekend ? (តើ​អ្នក​នឹង​មក​ហែលទឹក​នៅ​ចុង​សប្ដាហ៍​នេះ​ទេ ?)

ក្រៅ​ពី Have/Has ភាសា​អង់គ្លេស​នៅ​មាន​កិរិយាសព្ទ Make, Do, Give, Take និង Go ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា Delexical verbs។ ប៉ុន្តែ​ក្នុង​អត្ថបទ​នេះ យើង​ផ្ដោត​ទៅ​លើ​កិរិយាសព្ទ Have/Has មុន​សិន​ចុះ៕

ដោយ៖ ស្រីពៅ

 

X
5s