ចង់ក្លាយជាសហគ្រិនមែនទេ? រៀនសូត្រ១០ ចំនុចរបស់សហគ្រិនជោគជ័យសិនទៅ​



ចង់​ក្លាយជា​សហគ្រិន​ម្នាក់​មិនមែន​ជារឿង​ងាយ​ស្រួល​ទេ មាន​រឿង​ច្រើនណាស់​ដែល​យើង​ត្រូវ​ជួប​ និង​ប្រឈម​មុខ​មុន​ពេល​អាច​សម្រេច​បានជោគ​ជ័យ។ ​ទម្រាំ​រក​ឃើញ​ពន្លឺ​នៃ​ភាព​ជោគជ័យ​អ្នក​ប្រហែល​ជា​ត្រូវ​ដើរ​ក្នុងទី​ងងឹត ជាប់​បន្លា​ ជាន់​អំបែង​ ធ្លាក់​ជង្ហុក​ មិន​តិច​ដង​ទេ ​អ្នកត្រូវ​ទទួល​រង​ការឈឺ​ចាប់​ច្រើនជាង​សប្បាយ។ ដូច្នេះបើ​អ្នក​តាំង​ចិត្ត​ថា​ចង់​ធ្វើជា​សហគ្រិន​ម្នាក់​​អ្នកគួរ​មើល​ការ​ចែក​រំលែកបទ​ពិ​សោធន៍​​មួយ​ចំនួន​ពី​សហគ្រិន​ជោគ​ជ័យ​ ដែល​ធ្លាប់​ឆ្លង​កាត់​បញ្ហាកន្លង​មក៖

១) ពោរពេញ​ទៅ​ដោយ​ការប្តេជ្ញា​ចិត្ត

ពេលដែលអ្នកដាក់​កំណត់​ខ្លួន​ឯង​ថា​ចង់​ក្លាយ​ខ្លួន​ទៅ​ជា​សហគ្រិន​ អ្នក​រក​ស៊ី​ម្នាក់​វា​តម្រូវ​ឲ្យ​អ្នក​កំណត់​នូវ​គោល​ដៅ​ដ៏​ច្បាស់​លាស់​មួយ​ក្នុង​ដំណើរ​ផ្លូវ​មួយ​ដ៏​វែង​ឆ្ងាយ។ បន្ទាប់​ពី​ចាប់​ដំ​ណើរ​ការ​អាជីវកម្ម​ ហើយ​មានការ​រីក​ចម្រើន​នៃការ​រក​ស៊ី​នោះវា​ប្រាកដ​ជា​​កើន​ឡើង​នូវការ​លក់ ត្រូវ​ការ​ជួល​បុគ្គលិក​បន្ថែម​មក​ជួយ​ ពេល​នោះ​ត្រូវ​រៀប​ផែន​ការតូចៗបី​បួន​ប្រាំទៀត​ដើម្បីទទួល​បាន​ជោគ​ជ័យ​ពិត​ប្រាកដ។​​

២) មិន​ភ័យ​ខ្លាច​ក្នុងការ​ទទួល​ហានិ​ភ័យ

ហានិភ័យ​តែង​ជារនាំ​ង​រារាំង​មនុស្សពីអ្វី​ដែល​គេ​ចង់​បាន មិន​មែនគ្រប់​គ្នាសុទ្ធ​តតែ​​ចូល​ចិត្ត​លេង​ជា​មួយ​ហានិភ័យ​​ទេ មានតែ​អ្នក​ដែល​មាន​ចារិក​មានៈចង់​យក​ចាញ់​ប៉ុណ្ណោះ​ដែល​តែង​ប្រថុយ​ជាមួយ​វា។ ទោះជា​យ៉ាង​ណា​ការ​ដែល​ប្រឹង​ព្យាយាម​ជម្នះ​នូវ​រាល់​ទុក្ខ​លំបាក​ ហ៊ាន​លូក​ដៃ​ចូល​ទៅក្នុងភ្លើង​ទោះ​ដឹង​ថា​ក្តៅដើម្បី​ទទួល​បាន​បទ​ពិសោធន៍​នោះ​ ជា​មនុស្ស​ដែល​រឹង​ម៉ាំ​តែ​ទទួល​បាន​ជោគ​ជ័យ​។ ប្រថុយ​យក​លុយ​ទៅ​រក​ស៊ី​មិនមែន​ជា​រឿង​លេង​សើចទេ តែ​ការ​ដែល​មិនហ៊ាន​ប្រថុយ​ក៏​មិនក៏​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​អ្វី​ដែល​ជា​ក្តី​ស្រមៃ​របស់អ្នក​ដូចគ្នា។​

៣) មាន​ទំនុក​ចិត្ត​ខ្ពស់

ធ្វើ​ការ​ងារអ្វី​មួយ​អាស្រ័យ​លើ​ការ​តាំង​ចិត្ត​ ការងារ​តូច​តាច​មួយ​បើគ្មានការ​តាំង​ចិត្ត​វាគ្មាន​ថ្ងៃអាច​សម្រេច​ទៅ​បានទេ។​ ដោយ​ឡែក​ស្របពេល​ដែល​មាន​ការ​តាំង​ចិត្ត យើង​ក៏​ត្រូវ​មានទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ដែរថា​ខ្លួន​ឯងជាមនុសុ្ស​ដែល​អាច​អត់​ធ្មត់​ធ្វើ​ការ​ងារ​មួយ​នោះ​ឲ្យ​ដល់​គោល​ដៅ ​មិន​បោះ​បង់​ចោល​កណ្តាល​ការ ទុក​ចិត្ត​ខ្លួន​ឯង​ថា​ខ្លួន​ជាអ្នក​ដែល​ចូល​ចិត្តប្រកួត​ប្រជែងអាច​ប្រឈម​មុខ​នឹង​បញ្ហា្​បាន។ ហ៊ាន​ធ្វើ​នៅ​ថ្ងៃ​នេះ​ដើម្បី​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​សម្រាប់​ខ្លួន​ឯង​នៅថ្ងៃ​ខាង​មុខ។

៤) លោភលន់​ក្នុ​ង​ការរៀន​សូត្រ​ ចង់ចេះ​ចង់​ដឹង

កុំ​គិត​ថា​ដាក់​ចិត្ត​ចង់​រក​ស៊ី​ឈប់​រៀន​សូត្រ ឬ​មិន​ទទួល​ការ​អប់​រំ ចំណេះ​ដឹង​អ្វី​បន្ថែមទៀត បើគិត​បែប​នេះ​អ្នក​គឺ​ត្រៀម​បរាជ័យ​ឲ្យ​ហើយ​ទៅ។ ភាព​លោភលន់​ក្នុង​ការ​ចង់​ចេះ​ចង់​ដឹង​ជាហេតុ​នាំ​ឲ្យ​អ្នក​ឈាន​​ទៅ​រក​ចំនុច​កំពូល​នៃ​ភាព​ជោគជ័យ ព្រោះនៅជុំ​វិញ​ខ្លួន​អ្នក​មាន​អ្វី​ៗជា​ច្រើន​ចាំ​ផ្តួល​អ្នក។ ពេល​ដំណើរ​ការ​អាជីវកម្ម​បើ​អ្នក​រៀន​បាន​កាន់​តែ​ច្រើន​ មិន​ថា​ចំណេះ​ជំនាញ​ ឬ​រៀន​ពី​មជ្ឃដ្ឋាន​ជុំ​វិញ​ខ្លួន​នោះ​អ្នក​មានឱកាស​ច្រើន​ក្នុងការ​ផ្តួល​ដៃគូ​ប្រកួត។ មិនថា​អ្នក​ជាអ្នកណា ទៅដល់​ណា​សូម​កុំ​បោះ​បង់​ចោល​ការ​សិក្សា​ រៀន​សូត្រទទួល​យក​ចំណេះ​ដឹង​ថ្មីៗដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​។

៥) ត្រូវ​យល់​ថាបរាជ័យ​គ្រាន់​តែ​ជា​ហ្គេម​មួយ

បើ​បរាជ័យ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃហ្គេមមានន័យ​ថា​អ្នក​ប្រាកដជាឈ្នះ​ក្នុ​ងថ្ងៃ​ណមួយ ព្រោះ​មិនដែល​មាន​ហ្គេម​ណា​ដែល​អ្នក​ត្រូវ​ចាញ់​រហូត​នោះ​ទេ។ អ្នក​លេងហ្គម​មួយ​នោះ​កាន់​តែ​ច្រើន​ អ្នក​ដឹង​ពី​តាក់​តិចហ្គម​នោះ​ក៏​កាន់​តែច្រើន ដូច្នេះ​ឱកាស​ដែល​អ្នក​នឹង​ឈ្នះ​ក៏​កាន់​តែ​ខិត​ចូល​មក​ជិត​ដែរ។ បរាជ័យ​នេះ​ជាមេរៀន​ដ៏​ល្អ​បំផុត​ដែលអ្នក​មិនអាច​រៀន​នៅសាលា​បាន​ ទោះ​បី​អ្នក​មាន​លុយ​ច្រើន​ ជួលគ្រូ​ល្អមកពី​ណា​ក៏​មិនអា​ច​រៀន​មេរៀន​មួយ​នេះ​បាន​ដែរ។

៦) ពិតជា​មាន​ចំណង់​ចំណូល​ចិត្ត​ក្នុ​ង​របរមួយ​នោះ​មែន

ចង់​រកស៊ី​របរ​មួយ​មិនមែន​ចេះតែ​ធ្វើ​តាម​គេ​តាម​ឯង​បាន​ទេ ទាល់​តែមាន​ចំណេះ មានជំនាញ ពិសេស​​ចិត្តស្រលាញ់ទើប​អាច​ធ្វើ​បាន។ អ្នកខ្លះ​មានជំនាញ​ក្នុង​ការងារ​នោះ​រាប់​សិប​ឆ្នាំ តែ​បើ​ឲ្យ​បើក​របរ​នោះ​ដូចគេ​គាត់​ថា​គាត់​មិន​បើក​ទេ សួរ​ថា ”ហេតុ​អី”? ចម្លើយ​តែមួយគត់​គឺ គាត់​មិនស្រលាញ់។ ត្រូវ​ចាំ​ថា​បើ​ស្រលាញ់​អ្វី​ហើយធ្វើ​វាទៅ​កុំ​ខ្វល់​ពី​អ្នក​ដែល​រិះ​គន់​អ្នក​អី ស្រលាញ់ ខំប្រឹង​ជម្នះ ភាព​ជោគជ័យ​នឹង​​កើត​មានចំពោះអ្នក។

៧) មានការ​សម្រប​ខ្លួន​ ផ្លាស់​ប្តូរ​បត់​បែន​ខ្ពស់

បើ​សហគ្រិន​កម្នាក់​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ស្វែង​រក​អ្វី​ដែលជាឱកាសខណៈ​អ្ន​កដទៃ​មើលមិន​ឃើញ នោះ​មានន័យ​ថា​គាត់​​មាន​ឱកាសច្រើននៅក្នុ​ងដៃ។ បើ​គាត់​ជាមនុស្ស​ផ្លាស់​ប្តូរ​តាម​កាលៈទេសៈ​លឿន​ គាត់​ឈ្លាស​វៃ​បត់​បែន​តាម​ស្ថានការណ៍​ គាត់​ក៏​ជា​មនុស្ស​ដែល​មាន​ភាព​ឈ្លាស​វៃ​ក្នុ​ងការ​រៀប​ និង​ដាក់​ចេញនូវ​យុទ្ធ​សាស្ត្រ​ដើម្បី ទាញ​យក​ផល​ប្រយោជន៍​ដូគ្នា។ ធ្វើ​ជា​សហគ្រិន​ត្រូវ​ប្រកាន់​ខ្ជាប់​ពាក្យ​ថា ចូល​ស្ទឹង​តាម​បត់។

៨) មានការ​យល់​ដឹងបាន​ល្អពី​ការគ្រប់​គ្រង​សាច់​ប្រាក់

មិន​ថា​អ្នក​ជា​មនុស្ស​ចេះ​រៀប​ចំ​ផែនការ​បាន​ល្អ​កម្រិត​ណាក៏​ដោយ​ បើ​មិន​អាចគ្រប់​គ្រង​ការ​ចាយវាយ​ គ្រប់គ្រង​លុយ​កាក់​បានល្អ​ទេអាជីវកម្ម​អ្ន​ក​នឹង​មិនខុស​ពីអំបិល​ត្រូវទឹក​ឡើយ។ ជំនាញ​គ្រប់គ្រង​លុយ​កាក់វា​បាន​មកពី​ការ​រៀន ហើយ​ក៏​បាន​មក​ពី​ទម្លាប់​របស់​ខ្លួន​ឯង​ដូចគ្នា​ បើ​យើង​ជាមនុស្ស​ខ្ជះ​ខ្ជាយ​​គួរ​រៀន​ផ្លាស់​ប្តូរ​ទម្លាប់​នោះ​ចេញ​ទៅ​ដើម្បី​បានជោគ​ជ័យ​អាជីវកម្ម​។ បញ្ហា​លុយកាក់​​វា​អាចបំផ្លាញ​អាជីវកម្ម​អ្នកបាន​​ដូច​ដែល​វា​​បំផ្លាញ​ស្នេហា​អ្នកអញ្ចឹង​ដែរ។​

៩) មានជំនាញ​ទំនាក់​ទំនង មាន​បណ្តាញ​ច្រើន

មនុស្ស​មាន​ទំនាក់​ទំនង​ច្រើន​ទៅ​ដល់​ណា​ក៏​មិនស្លាប់​ដែរ ស្គាល់​គេ​ច្រើន​មិន​អត់​ប្រយោជន៍​ទេ​ កុំ​ធ្វើ​ជាមនុស្ស​ដែល​ឯកា​ ទៅណា​ម្នាក់ឯង មក​ដល់​ផ្ទះ​បិទ​ទ្វារ​សំងំ​នៅ​តែក្នុងផ្ទះ​ គ្មាន​ទំនាក់​ទំនង​ជាមួយ​នរណា​ឲ្យ​សោះ​។ បើ​អ្នក​ជា​មនុស្ស​ដែលតាំងចិត្ត​ផ្តាច់​ខ្លួន​ពី​អ្នក​ដទៃមែន​ កុំ​សង្ឃឹម​កុំ​ស្រមៃ​ថាចង់​រកស៊ី​អី​ព្រោះ​គ្មាន​អ្នក​ណា​ទិញ​ផលិត​ផល​ឬសេវាកម្ម​យើង​ទេ។ មាន​បណ្តាញ​ច្រើន​ មានទំនាក់​ទំនង​ច្រើន​ មិនយូរ​មិនឆាប់​ការងារអ្នក​នឹង​ជោគ​ជ័យ​ ការ​កសាង​ទំនាក់​ទំនង​ល្អ​និង​រឹង​ម៉ាំជាឱកាស​ដឹក​នាំ​អាជីវកម្ម​អ្នក​ទៅ​រក​ផ្លែ​ផ្កាគួរ​ជាទីគាប់​ចិត្ត​ និង​ស្ថិត​ស្ថេរ​យូរ​អង្វែង។​

១០) មានសមត្ថ​ភាព​ក្នុង​ការ​លក់​និង​ផ្សព្វផ្សាយ​ផលិត​ផល​​

ចង់​រក​ស៊ី​បើ​មិន​ចេះ​លក់​ដូរ​ មិន​ចេះផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​ខ្លួន​គឺ ចប់ មិនដឹង​ឲ្យ​អ្នក​ណាមក​ទិញ​ទេ​ បើ​គេមិនដឹង​ថាអ្នកលក់​អ្វី​ផល​នោះ​។ ចេះ​លក់​មាន​ន័យ​ថា​អ្នក​ចេះ​រៀប​រាប់​បរិយាយ​ពី​ផលិត​ផល ប្រាប់​គេ​ថា​អ្នក​កំពុង​លក់​អ្វី​ វា​ផ្តល់​ប្រយោជន៍​អ្វី​ដល់​អ្នក​ទិញ។

ដោយ៖ យ៉ាយ៉ា

ប្រភព៖ Entrepreneur

X
5s