ហេតុផល៧យ៉ាង នៅពីក្រោយអត្តចរិតអាក្រក់របស់ក្មេងៗដែលអ្នកគួរដឹង
ឪពុកម្ដាយភាគច្រើនមានភាពតឹងតែងជាមួយកូនដោយសារតែគាត់ស្រលាញ់ និង បារម្ភពីកូន តែពេលខ្លះភាពតឹងតែងរបស់គាត់អាចធ្វើឲ្យក្មេងខូចបាន។
១) ការកុហក៖ នៅពេលដែលកូនអ្នកកុហក អាចដោយសារតែ អ្នកតែងតែមានប្រតិកម្មជ្រុលដោយគំហក ជេរស្ដី ឬវាយពួកគេចំពោះការប្រព្រឹត្តកំហុសកាលពីមុន។
២) គ្មានការជឿជាក់លើខ្លួនឯង៖ ពេលខ្លះឪពុកម្ដាយជាច្រើនមិនគោរពការសម្រេចចិត្តរបស់កូនខ្លួនឯងទេ។ ពួកគេតែងតែផ្ដល់ជាយោបល់ ឬដាក់ជាកំហិតច្រើនជាងការឲ្យកម្លាំងចិត្តដល់កូនៗ។
៣) គ្មានភាពក្លាហាន៖ នេះកើតឡើងនៅពេលដែលអ្នកដែលជាឪពុកម្ដាយចូលចិត្តស្ដីថាឲ្យពួកគេ ឬបំបាក់មុខពួកគេនៅមុខអ្នកដទៃ។
៤) កំសាក៖ បើសិនជាកូនអ្នកមនុស្សកំសាក អាចមកពីអ្នកមិនឲ្យពួកគេដោះស្រាយបញ្ហាដោយខ្លួនឯង ឬមកពីអ្នកចូលចិត្តចេញមុខជួយគេគ្រប់រឿងគ្រប់រ៉ាវពេក។
៥) ច្រណែន៖ ពួកគេចូលចិត្តច្រណែន មូលហេតុប្រហែលជាអ្នកចូលចិត្តប្រៀបធៀបកូនរបស់អ្នកជាមួយអ្នកដទៃច្រើនដងពេក។
៦) មិនចេះគោរពអ្នកដទៃ៖ មូលហេតុនេះប្រហែលបណ្ដាលមកពីអ្នកតែងតែតាមចិត្តពួកគេពេកដែលធ្វើឲ្យពួកគេមិនចេះយល់ពីអារម្មណ៍អ្នកដទៃ។
៧) ឈ្លើយ៖ ក្មេងដែលឈ្លើយភាគច្រើនគឺពួកគេរៀនតាមអ្នកដែលនៅជុំវិញខ្លួនគេមិនថាជាឪពុកម្ដាយ បងប្អូន ឬអ្នកជិតខាងនោះទេ។ ហេតុនេះហើយអ្នកគួរតែពិនិត្យស្ថានភាពក៏ដូចជាបរិយាកាសដែលគេកំពុងរស់នៅផងដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org