តើ Google អាចដឹងអ្វីខ្លះពីអ្នក?
តើអ្នកមានដឹងទេថា វាមិនដូចទៅនឹងការស្វែងរកអ្វីមួយនៅលើ DuckDuckGo Engine នោះទេ រាល់ពេលស្រាវជ្រាវស្វែងរកអ្វីមួយនៅលើ Google ក្រុមហ៊ុន Google បានរក្សាទុកនូវរាល់ការស្រាវជ្រាវស្វែងរកនោះរហូត ។ មានន័យថា Google ដឹងនូវរាល់ការស្វែងរកគ្រប់យ៉ាងរបស់អ្នក។ នេះពិតជារឿងមួយគួរឲ្យបារម្ភ ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយដែល Google បានប្រមូល និងចែកចាយនៃទិន្នន័យរបស់អ្នកប្រើប្រាស់ដែលអ្នកប្រហែលមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ។
អ្វីដែលមនុស្សភាគច្រើនមិនបានដឹងនោះគឺថា បើទោះជាអ្នកមិនបានប្រើកម្មវិធីណាមួយរបស់ Google ក៏ដោយ ក៏ពួកគេ នៅតែព្យាយាមតាមដានអ្នកតាមដែលអាចធ្វើទៅបាន។ កម្មវិធីតាមដានរបស់ Google (Google Trackers) ត្រូវបានគេរកឃើញមាននៅលើវេបសាយធំៗប្រមាណជា ៧៥ ភាគរយ (75%) មានន័យថា Google បានព្យាយាមធ្វើការតាមដានអ្នកគ្រប់ទីកន្លែងតាមបណ្ដាញអ៊ីនធឺណេត និងព្យាយាមទាញយកនូវរាល់ទិន្នន័យដែលយើងបានប្រើនៅលើកម្មវិធីសម្រាប់បើវិបសាយ។ មានមនុស្សភាគច្រើនក៏មិនបានដឹងផងដែលថា Google មាននៅស្ទើរតែគ្រប់ផ្ទាំងផ្សាយពាណិជ្ចកម្មលើអ៊ីនធឺណេត និងមាននៅលើកម្មវិធីជាច្រើន ។ Google មិនមែនជាកម្មវិធីសម្រាប់ស្វែងរកអ្វីមួយនោះទេ តែវាជាកម្មវិធីសម្រាប់ធ្វើការតាមដាន ។
Google បាននឹងកំពុងធ្វើការតាមដានតាមតែអាចធ្វើទៅបានតាមផ្ទាំងផ្សាយពាណិជ្ចកម្ម ព្រមទាំងបានកត់ត្រាគ្រប់ពេលគ្រប់ទីកន្លែង ប្រសិនជាយើងបានចុចលើផ្ទាំងពាណិជ្ចកម្មទាំងនោះ ៕ ប្រសិនបើអ្នកប្រើប្រាស់នូវកម្មវិធីផ្សេងៗរបស់ Google គឺពួកគេរឹតតែបន្ថែមការតាមដានថែមទៀត ហើយដើម្បីបន្ថែមការតាមដានទៀតនោះ Google ក៏បានតាមដានតាមវីដេអូលើយូធ្យូប (Youtube) ផងដែរ ។ ប្រសិនជាអ្នកប្រើនូវឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android ដូចនេះជាធម្មតា Google បានធ្វើការតាមដាននូវគ្រប់ទីកន្លែងដែលអ្នកបានទៅតាមកម្មវិធីមានឈ្មោះថា Google Locations Services តាមដានការប្រើប្រាស់នូវកម្មវិធីផ្សេងៗ (apps) ប្រើប្រាស់កម្មវិធីទាំងនោះពេលណា និងកន្លែងណាខ្លះ ព្រមទាំងប្រើកម្មវិធីទាំងនោះដើម្បីទំនាក់ទំនងជាមួយអ្នកណា តាមដានគ្រប់សារទំនាក់ទំនងទាំងអស់ និងតាមដានលើគ្រប់រូបថតរបស់យើងផងដែរ ៕
ហេតុអ្វីបានជាក្រុមហ៊ុន Google ចង់បាននូវព័តមានគ្រប់យ៉ាងរបស់អ្នក ? ដូចដែលបានរៀបរាប់ខាងលើគឺថា Google មិនមែនជាក្រុមហ៊ុនសម្រាប់ស្រាវជ្រាវស្វែងរកអ្វីមួយទៀតនោះទេ គឺពួកគេជាក្រុមហ៊ុនសម្រាប់ស្រាវជ្រាវតាមដានទៅវិញនោះទេ ។ គ្រប់ទិន្នន័យទាំងអស់ដែលប្រមូលបានគឺធ្វើអោយក្រុមហ៊ុន Google អាចរកចំនូលបានយ៉ាងច្រើនពីទិន្នន័យរបស់យើងតាមមធ្យោបាយដូចជា រក្សាទុកនូវរាល់ទិន្នន័យដែលបានបើកប្រើលើស្លាកដែលបានបិទ (Close Tab) ហើយពួកគេអាចយល់ពីអ្នកជាងអ្នកយល់ពីខ្លួនឯងទៀតផង។ Google បានប្រើព័ត៌មានរបស់អ្នកដើម្បីលក់ជាផ្ទាំងផ្សាយពាណិជ្ជកម្មមិនមែនតែនៅលើឧបករណ៍សម្រាប់ស្វែងរកអ្វីមួយ (Search Engine) តែមួយប៉ុណ្ណោះទេ ប៉ុន្តែមាននៅលើវេបសាយប្រហែលចំនួនបីលានវេបសាយផ្សេងទៀត និងមាននៅលើកម្មវិធីរបស់ទូរស័ព្ទដៃជាច្រើនទៀតផងដែរ ។
ដោយ៖ វឌ្ឍនា
ប្រភព៖ www.quora.com