តើ​ហេតុ​អ្វី​នាំ​ឲ្យ​មាន​ទស្សនៈ​លើក​ឡើង​ថា​«មនុស្ស​សប្បាយ​ចិត្ត​​តែង​​​រក​លុយ​បាន​ច្រើន​ជាង​គេ​ឯង​​​?»​



គេ​តែង​តែ​និយាយ​ថា ទ្រព្យ​សម្បត្តិ​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ត​។ ប៉ុន្តែ​ពេល​នេះ​បែរ​ជា​មាន​មតិ​ខ្លះ​លើកឡើង​​ថា មនុស្ស​​ដែល​សប្បាយ​ចិត្ត​ច្រើន​ ជា​មនុស្ស​អាច​រក​លុយ​បាន​ច្រើន​ទៅ​​វិញ​។ តើ​វា​គួរ​ឲ្យ​ចម្លែក​ឬ​អត់​? ឬ​មួយ​វា​គឺ​ជា​ការ​ពិត​ទេ​ដឹង? តោះ​សាក​ទៅ​​​មើល​ពី​​មូលហេតុ​ដែល​​បង្ហាញ​ថា មនុស្ស​សប្បាយ​ចិត្ត​អាច​រក​លុយ​បាន​ច្រើន​ទៅ​មើល​៖

១) មនុស្ស​សប្បាយ​ចិត្ត​តែង​គិត​រឿង​វិជ្ជមាន

បុគ្គលិក​ដែល​សប្បាយ​ចិត្ត​តែង​តែ​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​បុគ្គលិក​ដែល​មួយ​ថ្ងៃៗ អង្គុយ​តែ​មុខ​ក្រញូវ​។​ នេះ​គឺ​ដោយ​សារ​តែ​ពួក​គេ​គិត​តែ​ពី​ផ្លូវ​វិជ្ជមាន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​ទទួល​បានឱកាស​ និង​ បទពិសោធន៍​ថ្មីៗ​ជា​ច្រើន​។ ពួក​គេ​តែង​តែ​ចង់​ធ្វើ​អ្វី​គ្រប់​យ៉ាង​​ដោយ​មិន​ខ្លាច​រអា​ ហើយ​ហ៊ាន​ប្រថុយ​ប្រថាន​នឹង​ការងារ​ជា​ច្រើន​ទៀត​។

២) មនុស្ស​សប្បាយ​ចិត្ត​តែង​ធ្វើ​ការ​បាន​លទ្ធផល​ល្អ​ជាង​

តាម​ការ​សិក្សា​​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Warwick in Coventry នៃ​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ឲ្យ​ដឹង​​ថា​៖ «​ អ្នក​ដែល​តែង​តែ​សប្បាយ​ចិត្ត​គឺ​ធ្វើ​ការងារ​បាន​ល្អ​ជាង ១២​ភាគរយ​ បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​សប្បាយ​ចិត្ត​​។» ​​​

៣) មនុស្ស​សប្បាយ​ចិត្ត​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​មិន​មែន​បញ្ហា​ទេ​

មនុស្ស​ភាគ​ច្រើន​​ចូលចិត្ត​លើក​ឡើង​ពី​បញ្ហា​នៅ​ក្នុង​ក្រុមហ៊ុន ហើយ​ ត្អូញត្អែរ​ពី​វា​មិន​ឈប់ឈរ។​ តែ​បើ​មនុស្ស​ដែល​សប្បាយ​ចិត្ត​គ្រប់​ពេល​​វិញ​នោះ គេ​តែង​តែ​រិះរក​ដំណោះស្រាយ​ជូន​​ក្រុមហ៊ុន​លើស​នរណា​ៗ​​ទាំង​អស់​​។​

៤) មនុស្ស​សប្បាយ​ចិត្ត​ចូលចិត្ត​អភិវឌ្ឍ​ខ្លួន​ណាស់​

ពួក​គេ​​អាច​រក​លុយ​បាន​ច្រើន​ជាង​​គេ​ឯង​ ដោយ​សារ​មនុស្ស​​បែប​នេះ​​ចូលចិត្ត អភិវឌ្ឍ​​​ខ្លួន​ឯង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទៀត​។ កាល​ណា​អ្នក​មាន​សមត្ថភាព​លើស​គេ​លើស​ឯង ប្រាកដ​​ណាស់​ ​បើ​ទៅ​ធ្វើ​ការ​នៅ​​ទី​ណា​ក៏​គេ​ឲ្យ​ប្រាក់​ខែ​លើស​គេ​ដែរ​។ ដូចនេះ​សម្រាប់​អ្នក​ដែល​​មិន​ដែល​សប្បាយ​ចិត្ត​ គឺ​មិន​ត្រឹម​តែ​នាំ​ឲ្យ​ខ្លួន​​ឯង​ពិបាក​ចិត្ត​ និង​ ឆាប់​ចាស់​ទេ តែ​ប្រាក់ខែ​ក៏​អាច​រក​បាន​តិច​ជាង​គេ​ដែរ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur

X
5s