ដោយសាររឿងទាំង៧នេះហើយ ទើបក្រុមហ៊ុនអាកាសចរណ៍ខ្លះដាច់ចិត្តបណ្ដេញភ្ញៀវមិនឲ្យជិះយន្តហោះ
បើនិយាយពីរឿងហោះហើរ បុគ្គលិកបម្រើការលើយន្តហោះគឺមានសិទ្ធិគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យ និងធ្វើការហាមឃាត់នូវទង្វើណាមួយដែលខុសឆ្គងពីបទវិន័យរបស់ក្រុមហ៊ុន ពីសំណាក់ភ្ញៀវទាំងឡាយ។ ការធ្វើបែបនេះគឺមានភាពតឹងរ៉ឹងបំផុត ដោយសារតែបទល្មើសទាំងអស់ នាំផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដទៃ ដែលរួមដំណើរជាពិសេសគឺសុវត្ថិភាពនេះឯង។ ឲ្យតែមានរឿងរ៉ាវណាដែលរារាំងដល់ការងារពួកគេ គេនឹងមិនទុកឡើយ។ តើមានរឿងអ្វីខ្លះដែលភ្ញៀវមិនគួរប្រព្រឹត្តវានោះលើយន្តហោះ?
១) មិនស្ដាប់តាមការណែនាំរបស់បុគ្គលិកបម្រើការលើយន្តហោះ៖
ពួកគេនេះហើយគឺជាបុគ្គលដែលចាំមើលថាតើ អ្នកដើរតាមការណែនាំរបស់គេដែរឬអត់? អ្នកមិនអាចប្រឆាំងនឹងពួកគេបានទេ ព្រោះថា ច្បាប់ក៏បានចែងថា ពួកគេមានសិទ្ធិឲ្យអ្នកធ្វើដំណើរគោរពតាម ។ ម៉្យាងវិញទៀតបើអ្នកមិនដើរតាមការចាត់ចែងដែលគេបានរៀបចំទេ គេនឹងបង្ខំចិត្តចុះចតហើយឲ្យអ្នកចេញទៅតែម្ដងដោយមិនមានលក្ខខណ្ឌអ្វីទាំងអស់។
២) មិនចង់ពាក់ខ្សែក្រវាត់សុវត្ថិភាព៖
បើអ្នកមិនព្រមពាក់ខ្សែក្រវាត់សុវត្ថិភាពទេនោះ គេនឹងមិនទុកយូរឡើយ ហើយគេនឹងបង្ហាញផ្លូវចេញដល់អ្នកជាមិនខាន។ វាហាក់ដូចជាប្រឆាំងនឹងច្បាប់នៃការជិះយន្តហោះ ដែលអ្នកមិនពាក់ខ្សែក្រវាត់ពេលធ្វើដំណើរនោះ ព្រោះថា ការចុះចត និងការហោះឡើង តែងតែមិនមានលំនឹងនោះទេ ដែលជាហេតុអាចបង្កឲ្យមានការរអិលដួលប៉ះពាល់រាងកាយជាយថាហេតុ។
៣) តែងតែឆាឆៅអ្នកដំណើរជិតខាង៖
ឈ្លោះគ្នា ស្រែកដាក់គ្នា បង្កការរំខាន ប៉ះពាល់ដល់គេឯង គឺសុទ្ធតែមានបញ្ហាហើយ។ វាអាចនឹងមានការពិន័យ តិចតួច សម្រាប់លើកទី១។ តែបើអ្នកមិនបញ្ឈប់សកម្មភាពបន្ទាន់ទេ អ្នកនឹងត្រូវគេយកចេញតែម្ដង។
៤) មានកូនក្មេងតូចដែលយំឬបង្កសំឡេងរំខានដល់គេឯង៖
ជាការពិតណាស់ វាជារឿងលំបាកមួយដែរសម្រាប់ឪពុកម្ដាយដែលមានកូនក្មេងតូចៗ ធ្វើដំណើរតាមជាមួយ។ បើសិនជាពួកគេយំខ្លាំងពេក គឺអាចប៉ះពាល់ដល់ភ្ញៀវដទៃ ដូចនេះខាងក្រុមហ៊ុនក៏អាចមានសិទ្ធិផ្ដល់ការហោះហើរថ្មីដល់ពួកគេបានដែរ។
៥) ពាំនាំក្លិនមិនល្អចូលយន្តហោះ៖
បើមានក្លិនឆ្អេះអ្វីមួយក្នុងយន្តហោះហើយ មនុស្សគ្រប់គ្នានឹងធំក្លិននេះពេញការធ្វើដំណើរនេះតែម្ដង។ ហេតុនេះត្រូវប្រាកដខ្លួនឯងថា ពេលចូលទៅក្នុងយន្តហោះអ្នក មិនត្រូវពាំនាំក្លិនអសោចនានាទេ។ បើសិនជាអាច អ្នកក៏ត្រូវសំអាតខ្លួនឯងឲ្យស្អាតផង ដើម្បីជៀសវាងប៉ះពាល់ដល់គេឯង។
៦) មានសំលៀកបំពាក់ចម្លែកនិងមិនសមរម្យ៖
ជាការពិតណាស់សម្រាប់ American Airlines ពួកគេមានសិទ្ធិក្នុងការបណ្ដេញភ្ញៀវណាដែល មានសំលៀកបំពាក់មិនសមរម្យឬមួយក៏ហួសហេតុប៉ះពាល់ដល់មនុស្សជុំវិញខ្លួន។
៧) មានជំងឺ៖
ប្រាកដណាស់ អ្នកមិនអាចលាក់បាំងគេឯងបានឡើយ សម្រាប់អ្នកដែលមានជំងឺជាប់ខ្លួន ។ ពេលមានជំងឺ វាមិនមែនជារឿងល្អទេ ដែលត្រូវនៅជិតមនុស្សជាច្រើន និងមានទីកន្លែងចង្អៀតបែបនេះនោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehacker