ប្រើបណ្តាញសង្គមរាល់ថ្ងៃមានដឹងទេថាវាមានឥទ្ធិពលដល់ការសម្រេចចិត្តក្នុងការទិញយ៉ាងណាខ្លះ?​



បណ្តាញ​សង្គម​ចាប់​ផ្តើម​ចេញ​ជា ផ្លេតហ្វមអនឡាញ (online platform) សម្រាប់មនុស្សធ្វើ​ការចែក​រំលែក​រូបភាព និងទំនាក់​ទំនង​ជាមួយ​គ្នាទៅ​វិញ​ទៅមក​ តែ​ទោះជា​យ៉ាងណា​វា​បាន​វិវត្តទៅ​ជាការ​ធ្វើ​ទីផ្សារ។ តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះបង្ហាញ​ថា​បណ្តាញ​សង្គម​ដើរ​តួ​នាទី​ច្រើន​ដែល​មាន​ការ​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្តទិញ​ នេះវា​មានន័យ​ថាជា​ពេល​វេលាដែល​ក្រុម​ហ៊ុន​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​លើ​យុទ្ធ​សាស្រ្ត​សង្គម​របស់​គេ។

វាជារឿង​អកុសល​មួយ​ដែល​ក្រុម​ហ៊ុន​ប្រឹង​មុជទៅក្នុងទីផ្សារ​បណ្តាញ​សង្គម ដោយ​មិន​គិត​ឲ្យ​បាន​ល្អិត​ល្អន់​ពីយុទ្ធសាស្រ្ត គេ​អាច​ប្រឈមមុខ​នឹង​ការ​ខក​ចិត្ត។ វាមាន​អំណះ​អំ​ណាង​ដ៏​រឹង​ម៉ាំ​​ដែល​បង្ហា្​ញ​ថាបណ្តាញ​សង្គម​ជា​វិធីសាស្រ្ត​ដ៏​ត្រឹម​ត្រូវ​ តែ​វា​មាន​ឥ​ទ្ធិ​ពល​យ៉ាងណា​ដល់​ការ​សម្រេច​ចិត្តទិញ របស់​អតិថិជន? ដើម្បី​ឲ្យ​អ្នកដឹង​ថាបណ្តាញសង្គម​ជះ​ឥទ្ធិ​ពល​យ៉ាងណា​ដល់​ការ​សម្រេច​ចិត្តទិញ អ្នក​គួរ​យល់​ដឹង​ពី​ចិត្តសាស្ត្រនៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត។ ការ​សម្រេច​ចិត្ត​ទិញ​របស់​អតិថិជន​អាច​មានភាព​ស្មុគ​ស្មាញ​ជាង​អ្វី​ដែលអ្នក​គិត បណ្តាញ​សង្គម​បាន​បង្កើន​នូ​វភាព​ទាក់​ទាញ​យ៉ាង​ច្រើន​របស់​ការ​សម្រេច​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​តាម​រយៈ​ហេតុ​ផល​ដូច​ខាង​ក្រោមនេះ៖

១) អារម្មណ៍ដែលអាច​ជះ​ឥទ្ធិ​ពល​ដល់​ការសម្រេច​ចិត្ត

អារម្មណ៍​របស់អ្នក​ប្រើ​ប្រាស់​ជាឥទ្ធិ​ពលជំរុញ​ឲ្យមាន​ការ​ទិញ​ មនុស្ស​ដែល​សម្រេច​ចិត្ត​ទិញ គឺ​ប្រើ​ប្រាស់​ខួរក្បាលផ្នែកខាង​ឆ្វេងទាំង​ស្តាំនៃ​ខួរ​ក្បាល​របស់​គេ​ ពេល​ដែល​គេ​សប្បាយ​ចិត្ត​ គេ​នឹង​សម្រេច​ចិត្ត​ទិញ ប្រសិន​បើ​ការ​ផ្សព្វ​ផ្សាយ​មាន​ភាព​ទាក់​ទាញតែ​បន្តិច តែ​បើ​គេ​អារម្មណ៍​មិន​ល្អ​វិញទោះការ​ផ្សព្វ​ផ្សាយ​ពោរពេញ​ទៅ​ដោយ​ភាព​ទាក់​ទាញ​យ៉ាង​ណា​ក៏​មិនអាច​ទាក់​ចិត្ត​គេ​បាន​ដែរ។​ តែ​មាន​មនុស្ស​មួយ​ប្រភេទ​តូច​ដែល​តែង​ធ្វើ​ការ​សម្រេច​ចិត្ត​ទិញ​នៅ​ពេល​ដែល​គេ​មាន​អារម្មណ៍​មិនល្អ គេ​ទុក​វា​ជា​ការ​រំសាយ​អារម្មណ៍​ គ្រាន់​តែកាន់ស្មាតហ្វូន ហើយ​អូស​ចុះអូសឡើង​ក៏​បញ្ជាទិញ។

២) មនុសុ្សយើង​ចូល​ចិត្តសង្ស័យ​ច្រើន​

អ្នក​លក់ អ្នក​តំណាង​ចែក​ចាយ​ផលិត​ផល​នី​មួយៗព្យាយាម​ស្ទើរ​គ្រប់​មធ្យោ​បាយ​ ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​អតិថិជន​ឬ​អ្នក​ប្រើ​ប្រាស់​ទិញផលិត​ផល​របស់​ខ្លួន​។ ទាំង​អស់​នេះ​ក៏​ព្រោះ​ធម្មជាតិ​របស់​មនុសុ្សគឺ​មាន​ការ​សង្ស័យច្រើន។ ផលិត​ផល​ដែល​អាច​ទៅ​មើល​ផ្ទាល់ ប៉ះ​ផ្ទាល់​នៅ​សឹង​មិនទុក​ចិត្ត​ ចុះ​ទម្រាំ​ផលិត​ផល​ដែលគ្រាន់​តែ​ឃើញ​តាម​បណ្តាញ​សង្គម​ គាត់​ត្រូវ​សួរ​ដេញ​ដោល​ពី​នេះពី​នោះ​ច្រើន​ ទើម​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ទិញ ។​​ អ្វី​ដែល​គួរ​សង្កត់​ធ្ងន់​គឺបង្កើត​នូវ​ភាព​ជឿ​ជាក់​ឲ្យ​បានទៅដល់​អតិថិជន​ ជាពិសេស​បើ​ក្រុម​គ្រួសារ​ ឬ​មិត្តភក្តិគាត់បាន​ទិញនូវអ្វី​មួយ​ដូច​ដែលគាត់ចង់​​ទិញ​ដែរនោះ ហើយ​គុណ​ភាព​ផលិត​ផល​ល្អ​ ទំនុក​ចិត្ត​របស់​គាត់​កាន់​តែ​មាន​ខ្លាំង នេះជា​ឥទ្ធិ​ពល​មួយ​ដែល​ទាក់​ចិត្ត​គាត់​មក​បានលឿន។

៣) ចិត្ត​គំនិត​នៃ​បណ្តុំ​មនុស្ស​

បើ​ឲ្យ​ទិញផលិត​ផលសាក​ល្បង​មួយ​តែ​ម្នាក់​ឯង ច្បាស់​ណាស់​ថា​មនុស្សភាគ​ច្រើន​គាត់​រាង​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ តែ​បើ​មាន​អ្នក​នេះ​ផង​អ្នក​នោះ​ផង​មក​ទិញ ជាមួយ​គ្នា​ទោះ​ពួកគាត់​មិនស្គាល់​គ្នា​ក៏​ដោយ គាត់​អាច​មាន​កូន​ចិត្ត​មួយ​គិត​ថា​ប្រហែល​ជា​មិន​អីទេ​ព្រោះមានអ្ន​ក​ផ្សេង​គេ​ទិញដែរតើ។ ដូច្នេះ​ការ​បង្កើត​អំណាច​មួយ​ក្នុង​បណ្តាញ​សង្គម​គឺ​សំខាន់​ណាស់ដើម្បី​អន្ទង​អ្នក​ទិញ អ្នក​ប្រើ​ប្រាស់​ឲ្យ​ចាប់​អារម្មណ៍​និង​ទុក​ចិត្ត​លើ​ផលិត​ផល​យើង និង​សម្រេច​ចិត្ត​ក្នុង​ការ​ទិញ​។ ​ ទាំង​អស់​នេះ​គ្រាន់​តែជា​ផ្លូវ​មួយ​ចំនួន​ដែលបង្ហាញ​ថា បណ្តាញ​សង្គម​មានឥទ្ធិ​ពល​យ៉ាង​ណាដល់​ការសម្រេច​ចិត្ត​ទិញ​របស់​អ្នក​ប្រើ​ប្រាស់​ បើ​អ្នក​ពិត​ជា​ចង់​ប្រូមូត​ផលិត​ផល​អ្នក​គួរ​ពិចារណា​ការ​ដល់​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដើម្បី​ទទួល​បាន​អតិថិជន​សក្តា​នុពល​ដែលើ​នឹង​ទិញ​ផលិត​ផល​ឬសេវាកម្ម​របស់​អ្នក​៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ Business Blog

X
5s