ហេតុ​ផល ៥យ៉ាង ដែល​អ្នក​គួរ​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​នៅ​វ័យ​ខ្ទង់ ២០ ឬ​៣០ឆ្នាំ​



ពេល​ខ្លះ​មនុស្ស​ស្ទើរតែ​ទាំងអស់​តែងតែ​លើកឡើង​ពី​ការ​ធ្វើ​ជំនួញ។ ប៉ុន្តែ​រឿង​ការ​​​ពិត​ជាក់ស្តែង​មានតែ​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​ចូល​ប្រឡូក​​ធ្វើ​ជំនួញ។ បើ​ទោះបី​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ទីតាំង​ណា​មួយ​ក៏ដោយ ការ​ចាប់​ផ្តើម​ធ្វើ​ជំនួញ​​នៅ​វ័យក្មេង​ គឺ​ជា​ចំណុច​ពិសេស​មួយ​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ចាប់​ផ្តើម​ធ្វើ​ជំនួញ​នៅ​វ័យ​កណ្តាល។ វា​មាន​មូលហេតុ​សំខាន់ៗ​មួយ​ចំនួន​ខាងក្រោម​នេះ​ដែល​ការ​ចាប់​ផ្តើម​ជំនួញ​វ័យក្មេង​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​វ័យ​កណ្តាល ឬ វ័យ​ចំណាស់។ ​​​​

១.​សល់​ពេលវេលា​ច្រើន​ដើម្បី​ស្វែង​រក​ប្រាក់​ចំណូល​​​ ឧបមា​ថា ឥឡូវ​នេះ​អ្នក​បាន​បង្កើត​​មុខ​ជំនួញ​ជោគជ័យ​មួយ​។ វា​បាន​ផ្តល់​ប្រាក់​ចំណេញ​ថេរ និង​មាន​និរន្តរភាព​រហូត​ដោយ​ចំណូល​របស់​វា​មួយ​ខែ​​​ស្មើ​នឹង​ប្រាក់​ខែ​របស់​អ្នក​ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ​រហូត​ដល់​ទៅ​ ៦ ខែ។ អ្នក​សាក​គិត​ទៅ​មើល តើ​អ្នក​បាន​​ចំណេញ​ពេល​ប៉ុន្មាន​ខែ​នៅ​ពេល​អ្នក​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង​? ដូច្នេះ​ហើយ​​ការ​ចាប់​ផ្តើម​អាជីវកម្ម​​​នៅ​អាយុ​​ខ្ទង់ ២០ ឬ​ក្រោម ៣០​ឆ្នាំ​នេះ វា​ជា​រឿង​ល្អ​មួយ​សម្រាប់​អ្នក ពោល​គឺ​​ថា បើ​អ្នក​ចំណាយ​ពេល​ដើម្បី​អភិវឌ្ឍខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​សហគ្រិន​បាន​កាន់តែ​ឆាប់​ គឺ​កាន់តែ​មាន​ពេល​ច្រើន​ដើម្បី​កសាង​ប្រភព​ចំណូល​មក​វិញ។

២.មាន​ភាព​អត់ធ្មត់​នៅ​ពេល​ជួប​ហានិភ័យ​ រឿង​ពិតប្រាកដ​របស់​សហគ្រិន​គឺ​ថា មិនមែន​សុទ្ធតែ​អ្នក​បើក​ជំនួញ​ទាំងអស់​ជោគជ័យ​​គ្រប់ៗ​គ្នា​នោះ​ទេ។ ភាព​ជា​សហគ្រិន ឬ​អ្នក​ជំនួញ​គឺ​ទាមទារ​ចំណេះដឹង​ច្រើន​ទាក់ទង​ទៅ​នឹង​ការ​វិនិយោគ មុខ​ជំនួញ និង​ត្រូវការ​ពេលវេលា​ច្រើន ព្រម​ទាំង​ថវិកា​ជា​ដើមទុន។ ទន្ទឹម​នឹង​នេះ​វា​មាន​កត្តា​ផ្សេងៗ​ជា​ច្រើន​ទៀត​ដូច​ជា​ការ​ខាតបង់ ការ​​ប្រកួតប្រជែង បញ្ហា​ទីផ្សារ ការ​ប្រតិបត្តិការ​អាជីវកម្ម​ ឬ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​មិន​មាន​ប្រសិទ្ធភាព​ជា​ដើម​ដែល​សុទ្ធសឹងតែ​​​ជា​បញ្ហា​ប្រឈម​​ធ្វើ​ឲ្យ​សហគ្រិន​ទាំង​នោះ​បង្ខំ​ចិត្ត​ត្រូវ​បិទទ្វារ​តែម្តង។ យ៉ាងណាមិញ អ្នក​ត្រូវ​ចាំ​ថា ទោះ​ជា​​ជំនួញ​​របស់​​អ្នក​បរាជ័យ ឬ​ជោគជ័យ​នៅ​ពេល​អ្នក​អាច​ចាប់​ផ្តើម​ជំនួញ​នៅ​វ័យក្មេង​ អ្នក​នឹង​មាន​ពេល​ច្រើន​ដើម្បី​សិក្សា​ពី​​​បញ្ហា​ប្រឈម​​ទាំង​នោះ​សម្រាប់​ទុក​ធ្វើ​ជា​បទពិសោធន៍​នៅ​ពេល​ខាងមុខ។ បញ្ហា​ទាំង​នេះ​នឹង​ជំរុញ​ឲ្យ​អ្នក​​មាន​ការ​ទទួល​ខុសត្រូវ មាន​ភាព​អត់ធ្មត់ ការ​ប្ដេជ្ញាចិត្ត​ និង​​ចេះ​កែតម្រូវ​​ចំណុច​ខ្វះខាត​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន។

៣.ថាមពល និង​កម្លាំងចិត្ត នៅ​ក្នុង​ជំនួញ មាន​តម្រូវការ​ច្រើន​ណាស់ ហើយ​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​តែ​ចាំ។ នៅ​ពេល​អ្នក​ចាប់​ផ្តើម​ជំនួញ​នៅ​វ័យក្មេង អ្នក​នឹង​មាន​ថាមពល​ច្រើន កម្លាំងចិត្ត និង​មាន​ពេលវេលា​រីករាយ​ច្រើន​ជាង​មនុស្ស​វ័យ​ចំណាស់។ ​​អ្នក​​អាច​ក្លាយ​ជា​​សហគ្រិន​គំរូ​នៅ​​២ ឬ​៣​ទសវត្ស​ខាងមុខ ប៉ុន្តែ​តើ​អ្នកណា​ខ្លះ​ហ៊ាន​ប្រាកដ​ក្នុង​រឿង​នេះ? រឿង​ពិត​គឺ​​ថា គំនិត​ដែល​ល្អ​នៅ​ក្នុង​ថ្ងៃ​នេះ វា​មិន​អាច​ជា​គំនិត​មិន​ត្រឹមត្រូវ​នៅ​ក្នុង​បរិបទ ១០ ឬ ២០​ឆ្នាំ​ខាងមុខ។ អ្នក​ត្រូវ​ស្វែង​យល់​ថា នៅ​ពេល​អ្នក​កាន់តែ​ចាស់ មានកម្លាំងពលំ កម្លាំងចិត្ត និង​មហិច្ឆតា​របស់​អ្នក​វា​មិន​សូវ​ពុះកញ្ជ្រោល​ដូច​វ័យក្មេង​នោះ​ទេ។ ដូច្នេះ​ហើយ​វា​ជា​រឿង​ល្អ​​ប្រសិន​បើ​អ្នក​អាច​ចាប់​ផ្តើម​ធ្វើ​ជា​អ្នក​ជំនួញ​នៅ​ពេល​កំពុង​ពេញវ័យ។

៤.ងាយ​បទ​បែន​​ជា​មួយ​នឹង​​ចរន្ត​ថ្មី​​របស់​ពិភពលោក​ វា​ជា​ក្រឹត្យក្រម​ធម្មជាតិ​ដែល​ថា មនុស្ស​ពេញវ័យ ងាយ​នឹង​ទទួល​យក​ភាព​បត់បែន​បាន​គ្រប់​កាលៈទេសៈ​ជាង​មនុស្ស​​វ័យ​ចំណាស់។ ហេតុផល​ដ៏​សំខាន់​មួយ​នោះ​គឺ​ថា ពួកគេ​ងាយ​នឹង​ទទួល​យក ឬ សម្រប​ខ្លួន​តាម​​ផ្នត់​គំនិត​ថ្មីៗ បាន​ឆាប់​រហ័ស​ជាង​មនុស្ស​វ័យ​ចំណាស់​ដែល​ជោគជាំ​ទៅ​នឹង​ផ្នត់គំនិត​ពី​មុនៗ​មក។ ម្យ៉ាង​ទៀត​ដោយ​សារ​តែ​សតវត្ស​ទី ២១ ជា​យុគសម័យ​បច្ចេកវិទ្យា ហេតុដូច្នេះ​យុវជន​ក្មេងៗ​អាច​​សម្រប​ខ្លួន​ទៅ​នឹង​​ចរន្ត​សកលភាវូបនីយកម្ម​នេះ​បាន​យ៉ាង​លឿន ឆាប់​ចាប់​បាន និង​​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំង​នោះ​មក​អនុវត្ត​នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​​បាន​ល្អ​ប្រសើរ​ជាង​មនុស្ស​វ័យ​ចំណាស់។

៥.អាច​បើក​អាជីវកម្ម​បាន​ច្រើន​ក្នុង​ពេល​តែមួយ​ អ្នក​ធ្លាប់​ឃើញ​ទេ​ថា សហគ្រិន ឬ​អ្នក​ជំនួញ​ដែល​ជោគជ័យ​ តើ​បុគ្គល​ទាំង​នោះ​មាន​អាជីវកម្ម​ប៉ុន្មាន​នៅ​ក្នុង​ដៃ? ចម្លើយ​មិនមែន​មាន​តែមួយ​នោះ​ទេ។ យ៉ាងហោចណាស់​ក៏ ២​ឡើង​ទៅ​ដែរ។ ដូចនេះ​ការ​​ចាប់​ផ្តើម​ធ្វើ​ជំនួញ​នៅ​អាយុ​ខ្ទង់ ២០ ឬ ៣០​នេះ នឹង​ផ្តល់​ពេលវេលា​​វែងឆ្ងាយ​ទៅ​មុខ​ទៀត​ដើម្បី​​អាច​ឲ្យ​អ្នក​កសាង​ជំនួញ​​ច្រើន​ជាង​មួយ​នៅ​​​ពេល​ដែល​អ្នក​មាន​បទពិសោធន៍​ក្រាស់ក្រែល​​ពី​មុន​មក។ សូម​កុំ​រង់ចាំ​រហូត​ដល់​​​អាយុ ៤០ ទៅ ៥០​ឆ្នាំ ពី​ព្រោះ​វ័យ​នេះ​​​អ្នក​​សល់​ពេល​មិន​ច្រើន ទៀត​ទេ។ សូម​ចាប់​ផ្តើម​ស្រាវជ្រាវ ស្វែង​រក​គំនិត​ថ្មីៗ និង​ធ្វើ​ឲ្យ​គំនិត​របស់​អ្នក​ក្លាយ​ជា​ការពិត​ លេច​រូប​រាង​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក៕

ប្រភព៖ Entrepreneur ​​

X
5s