តើអ្វីជាអាជីវកម្មបែបទិញសិទ្ធិបន្ត Franchise?
ហ្វ្រែនឆាយ (Franchise) គឺជាអាជីវកម្មបែបទិញសិទ្ធបន្តដែលម្ចាស់អាជីវកម្មដើម (Franchisors) លក់សិទ្ធិអាជីវកម្មជាផលិតផលឬសេវាកម្ម រួមទាំងស្លាកសញ្ញា ឈ្មោះ និងម៉ូដែលបន្តទៅឲ្យភាគីទី២ អ្នកទិញសិទ្ធអាជីវកម្ម (Franchisees) តែអាជីវកម្មនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ដើមទាំងការរចនា និងប្រតិបត្តការអាជីវកម្ម។
១. ប្រវត្តិនៃអាជីវកម្មបែប Franchise
អាជីវកម្ម Franchise ចាប់បង្កើតឡើងក្នុងមជ្ឈិមសម័យ (The Middle Ages) (សវត្សទី៥ទៅសវត្សទី១៤) នៅពេលដែលម្ចាស់ជួលដីធ្វើកិច្ចសន្យាទៅឲ្យអ្នកប្រមូលពន្ធ ដោយអ្នកប្រមូលពន្ធទទួលបានប្រាក់កម្រៃជាភាគរយបន្ទាប់មកវេរប្រាក់ដែលនៅសល់ទៅឲ្យម្ចាស់ដីវិញ។ ក្រោយមកទៀតក្នុងសម័យដាក់អាណានិគម (Colonial Period) គេបង្កើតជា “Franchise King” ព្រោះក្នុងពេលនោះមនុស្សម្នាមានផ្នត់គំនិត “ចំណង់ចំនូលចិត្តមួយដែលជារបស់ផ្ទាល់ខ្លួន”។ រហូតមកដល់ទស្សវត្សឆ្នាំ 1840 អ្នកផលិតស្រានៃជនជាតិអាល្លឺម៉ងបានផ្តល់សិទ្ធិឲ្យអ្នកលក់ស្រាក្នុងតំបន់លក់បន្តដោយប្រើឈ្មោះអ្នកផលិត ដោយលក់ឈ្មោះអាជីវកម្មរបស់គេ។ អំឡុងឆ្នាំទស្សវត្សឆ្នាំ 1960 ចាប់ផ្តើមមានយីហោដទៃទៀតបង្កើតឡើងហើយលក់ Franchise។ ក្នុងនោះ McDonald’s បានបើកអាជីវកម្មរបស់ខ្លួន (1940) និងចាប់ពង្រីកជា Franchise ក្នុងឆ្នាំ 1953 និងមានការរីកចម្រើនជាបន្តបន្ទាប់។
២. ក្រុមហ៊ុនដែលលក់សិទ្ធិអាជីវកម្ម (Franchise) ដាច់ជាងគេលើពិភពលោក
ក្រុមហ៊ុនមួយចំនួនដែលគេសង្កេតឃើញថាមានដំណើរការអាជីវកម្មលក់ Franchise ដាច់ជាងគេនិងមានសន្ទុះលឿនជាងគេមានដូចជា÷
7-ELEVEN÷ ជាប្រទេភអាជីវកម្មលក់រាយ (Mart) មានម្ចាស់ជាជនជាតិជប៉ុន ដែលមានស្នាក់ការកណ្តាលនៅ Dallas, Texas។ គិតត្រឹមឆ្នាំ 2017 មានហាងសរុបចំនួន 66,379 ក្នុងបណ្តាប្រទេសចំនួន 17។
McDonald’s÷ ចាប់កំណើតក្នុងឆ្នាំ 1940 និងពង្រីកខ្លួនតាមរយៈការលក់ Franchise ក្នុងឆ្នាំ 1953។ មានទីតាំងសរុបចំនួន 37,241 គិតត្រឹមឆ្នាំ 2017 (ក្នុងនោះ 80% ជា Franchise)។
KFC÷ ជាអាជីវកម្ម Fast Food ឯកទេសខាងមាន់បំពង មានទីស្នាក់ការកណ្តាលនៅ Louisville, Kentucky ដែលមានទីតាំងបើកសរុប 20,952 ក្នុងឆ្នាំ 2015។
SUBWAY÷ បង្កើតឡើងនៅថ្ងៃទី 28 សីហា 1965 នៅ Bridgeport, Connecticut, United State។ SUBWAY ជា Franchise មួយដែលការរីកចម្រើនយ៉ាងឆាប់រហ័សដែលគិតត្រឹមឆ្នាំ 2017 មានទីតាំងសរុបប្រមាណ 4,200 នៅបណ្តាប្រទេសប្រមាណជាង 100។
BURGER King÷ មានទីស្នាក់ការកណ្តាលអាជីវកម្មនៅ Maimi, Florida, United State។ ជាប្រភេទ Fast Food ធំជាងគេលំដាប់លេខ 5 បង្កើតក្នុងឆ្នាំ 1953 មានឈ្នោះជា Insta BURGER King និងប្តូរជា BURGER King នៅឆ្នាំ 1954 មានសាខាសរុប 16,859 (2015)។
Amazon café÷ ជាហាងកាហ្វេរបស់ថៃបង្កើតដោយ PTT Public Company Limited ក្នុងឆ្នាំ 2012 មានទីស្នាក់ការកណ្តាលនៅ Bangkok, Thailand។ មានទីតាំងសរុប 2,557 ក្នុងនោះ នៅថៃ+កម្ពុជា (150សាខា) ឡាវ (51សាខា) មីយ៉ាន់ម៉ា (4សាខា) ហ្វីលីពីន (8សាខា) ជប៉ុន (2សាខា) និង អូម៉ង់ (Oman 1សាខា)។
៣. ការដំណើរការ Franchise
ការវិនិយោគលើ Franchise អ្នកទិញអាជីវកម្ម Franchisee ដំបូងត្រូវបង់សេវាលើសិទ្ធិអាជីវកម្ម ការហ្វឹកហ្វឺន និងតម្រូវការសម្ភារបរិក្ខារសំរាប់អាជីវកម្ម។ បន្ទាប់ពីចាប់ផ្តើមដំណើរការអាជីវកម្មអ្នកទិញ Franchise នឹងត្រូវបង់ថ្លៃជាទូទៅដល់ម្ចាស់ដើមអាជីវកម្មតាមការកំណត់ចរចា ប្រចាំខែ ប្រចាំត្រីមាស ឬប្រចាំឆ្នាំជាដើម។ ការចំណាយនេះជាទូទៅគណនាជាភាគរយនៃចំណូលដុលនៃការលក់ក្នុងប្រតិបត្តិនៃអាជីវកម្ម Franchise។ បន្ទាប់ពីចុះកុងត្រាអាជីវកម្មរួចអ្នកទិញ Franchise នឹងបើកអាជីវកម្មមួយដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីម្ចាស់ដើមអាជីវកម្ម។ អ្នកទិញបន្ត Franchise នឹងមិនមានសិទ្ធិទាំងស្រុងក្នុងការគ្រប់គ្រងអាជីវកម្មដូចអាជីវកម្មដែលកើតចេញពីគំនិតផ្ទាល់ខ្លួនទេ។
៤. ការគ្រប់គ្រងលើ Franchise
ជាទូទៅម្ចាស់ដើមអាជីវកម្ម (Franchisor) នឹងតម្រូវឲ្យមានគំរូអាជីវកម្មដូចគ្នាពីមួយទៅមួយ។ ឧទាហរណ៍ដូចជាម្ចាស់ដើមអាជីវកម្ម (Franchisor) តម្រូវឲ្យអ្នកទិញអាជីវកម្ម (Franchisee) ប្រើនូវឯកសណ្ឋាន វិធីសាស្រ្តដំណើរការអាជីវកម្ម និមិត្តសញ្ញា ស្លាកសញ្ញានិងការចូលរួមអាជីវកម្មរបស់ខ្លួន។ អ្នកទិញអាជីវកម្ម (Franchisee) អ្នកមិនត្រឹមតែទិញសិទ្ធិសម្រាប់អាជីវកម្មមួយទេ តែអ្នកក៏កំពុងទិញសិទ្ធិនៃភាពជោគជ័យនិងដំណើរការទាំងអស់នៃអាជីវកម្ម។ អ្នកទិញអាជីវកម្ម (Franchisee) នឹងត្រូវលក់ទំនិញក្នុងថ្លៃដូចឬប្រហាក់ប្រហែលគ្នាដើម្បីឲ្យការផ្សាយពាណិជ្ជកម្មស្ថិតដូចគ្នា។ ខណៈពេលដែលអ្នកអាចទទួលបានអត្ថប្រយោជន៍ពីការវិនិយោគលើគំរូអាជីវកម្មមួយនេះ វាក៏នៅតែមានឧបសគ្គមួយចំនួនដែលអាចបង្អាក់ភាគជោគជ័យរបស់អ្នកបានដែរ។ មុននឹងសម្រេចចិត្តថាវិនិយោគលើអាជីវកម្ម Franchise អ្នកគួរគប្បីទាក់ទងពិភាក្សាជាមួយជាមួយអ្នកជំនាញឬមេធាវីច្បាស់លាស់។
៥. គុណសម្បត្តិ Franchise
ក. Franchise ផ្តល់ឲ្យម្ចាស់ដែលទិញអាជីវកម្មបន្តនូវការគ្រប់គ្រងមិនឯករាជ្យមួយដែលមានការចាំគាំទ្រពីម្ចាស់ដើម ហើយទទួលបានអត្ថប្រយោជន៍តាមបែបបណ្តាញអាជីវកម្មធំមួយ
ខ. អ្នកនឹងមិនទាមទារនូវបទពិសោធន៍ដើម្បីដំណើរការអាជីវកម្ម Franchise ទេ ព្រោះម្ចាស់ Franchise នឹងផ្តល់ឲ្យអ្នកនូវការហ្វឹកហាត់ និងប្រតិបត្តិការអាជីវកម្មដែលអ្នកចាំបាច់ត្រូវចេះ
គ. Franchise មានអត្រាជោគជ័យច្រើនជាងអាជីវកម្ម Startup Business
ឃ. បើស្ថិតក្នុងវិស័យអាជីវកម្មដូចគ្នា អ្នកប្រហែលជាមិនសូវឈឺក្បាលពីសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នកដូចការដែលប្រថុយប្រថានក្នុង Startup Business ទេ
ង. Franchise ជាអាជីវកម្មដែលមានកេរ្តិ៍ឈ្មោះនិងលេចជារូបរាងស្រាប់ បង្ហាញពីការគ្រប់គ្រងនិងការអនុវត្តការងារ។ ដោយឡែកការផ្សព្វផ្សាយតាមបែបផែនក្នុងស្រុក
៦. គុណវិបត្តិ Franchise
ក. ទិញ Franchise មានន័យថាអ្នកយល់ព្រមទទួលយកលក្ខខណ្ឌកិច្ចព្រមព្រៀងនានាពីម្ចាស់ដើមអាជីវកម្ម (Franchisor)
ខ. ការទទួលយកកិច្ចចរចាអាជីវកម្មទាំងឡាយពីម្ចាស់ដើម វាហាក់ធ្វើឲ្យអ្នកស្ថិតក្នុងរវង់កំណត់មួយមិនអាចច្នៃប្រឌិតអ្វីថ្មីៗបាន
គ. Franchise តែងដាក់កម្រិតដាក់លក្ខខណ្ឌពីទីតាំងដែលអ្នកចង់បើកអាជីវកម្ម ផលិតផលដែលអ្នកលក់ និងអ្នកផ្គង់ផ្គង់ដែលអ្នកជ្រើសរើស
ឃ. បើមាន Franchise ណាមួយធ្វើអ្វីមិនល្អ វាក៏ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នកដែរ
ង. ទិញ Franchise ល្អមែន តែមានន័យថាអ្នកកំពុងចែកប្រាក់ចំនេញជាមួយម្ចាស់ដើមហើយ
ច. ម្ចាស់ Franchise មិនធ្វើការចរចាជាថ្មីទេនៅពេលដល់កាលកំណត់
ដោយ ÷ យ៉ាយ៉ា