ក្រុមហ៊ុន LinkedIn បង្ហាញជំនាញ ១០ មានទីផ្សារខ្លាំងបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៩ នេះ
បច្ចុប្បន្ននេះអាមេរិកកំពុងជួបបញ្ហាទីផ្សារការងារដ៏ចង្អៀតមួយមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ហើយសាធារណជនជាច្រើនបានលើកឡើងថា បច្ចុប្បន្នមហាអំណាចមួយនេះកំពុងប្រឈមខ្លាំងទៅនឹងគម្លាតនៃតម្រូវការជំនាញការងារនៅលើទីផ្សារ។
បើយោងតាមការិយាល័យស្ថិតិការងាររបស់ខ្លួន (BLS) បានឲ្យដឹងថា បច្ចុប្បន្នមានបុគ្គលិកជាង ៧ លាននាក់មិនមានជំនាញច្បាស់លាស់។ ទីផ្សារការងារដ៏អាក្រក់នេះបានអនុញ្ញាតឲ្យក្រុមហ៊ុនជាច្រើនបានប្រកាសជ្រើសរើសបុគ្គលិកដោយបើកចំហ ពោលគឺមិនត្រូវការជំនាញជាក់លាក់ណាមួយច្បាស់លាស់នោះឡើយ។ ក្រុមហ៊ុនយក្សរបស់ខ្លួនជាច្រើនដូចជា Google, Apple, IBM និងធនាគារ Bank of America ជាដើមលែងត្រូវការឲ្យអ្នកដាក់ពាក្យមានសញ្ញាប័ត្រមហាវិទ្យាល័យដូចមុនទៀតហើយ។
ជាជាងការសង្កត់ធ្ងន់លើតម្រូវការជ្រើសរើសមុខតំណែងជាក់លាក់ និងទាមទារបទពិសោធន៍ ស្ថាប័នកាន់តែច្រើនឡើងចាប់ផ្តើមផ្លាស់ប្ដូរដោយផ្ដោតទៅលើជំនាញដែលខ្លួនគិតថា បុគ្គលិកទាំងនោះមានសក្ដានុពល ឬ ទេពកោសល្យវិញម្តង។ នៅក្នុងក្រុមហ៊ុន Facebook ជាឧទាហរណ៍ស្រាប់ដែលលោកស្រី Janelle Gale អនុប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុននេះបាននិយាយថា អ្នកដែលដាក់ពាក្យមកធ្វើការមិនទាមទារលក្ខខណ្ឌដូចការចង់បាននោះឡើយ បោលបើពួកគេចេះអ្វី ត្រូវដាក់ពាក្យលើមុខតំណែងហ្នឹងតែម្តង។
យ៉ាងណាមិញ នៅពេលថ្មីៗនេះក្រុមហ៊ុនជ្រើសរើសការងារដ៏ល្បីល្បាញ LinkedIn ទើបនឹងបានស្រាវជ្រាវលើការងាររាប់សែនកន្លែងដែលបានប្រកាសជ្រើសរើសពីក្រុមហ៊ុនធំៗនានាជុំវិញពិភពលោក ហើយសង្កេតឃើញថា មានជំនាញសំខាន់ៗដែលកំពុងត្រូវការបំផុតសម្រាប់ឆ្នាំ ២០១៩នេះ។ ក្រុមហ៊ុននេះបានលើកឡើងថា និយោជកជាច្រើនកំពុងត្រូវការបុគ្គលិកដែលមានជំនាញទន់ (Soft Skill) និងជំនាញរឹង (Hard Skill) ខ្លាំងណាស់។
ខាងក្រោមនេះជំនាញទន់ (Soft Skill) និងជំនាញរឹង (Hard Skill) ដែលក្រុមហ៊ុន LinkedIn រកឃើញថា មានតម្រូវការទីផ្សារខ្ពស់បំផុតក្នុងឆ្នាំ ២០១៩នេះ៖
ជំនាញទន់ (Soft Skill)
៥.ជំនាញគ្រប់គ្រងពេលវេលា (Time Management)
៤.មានភាពបត់បែនឬ សម្របខ្លួនបាន (Adaptability)
៣.ការសហការគ្នា (Collaboration)
២.ពូកែលើកទឹកចិត្ត (Persuasion)
១.មានភាពច្នៃប្រឌិត (Creativity)
ជំនាញរឹង (Hard Skill)
៥.ជំនាញឌីសាញ UX (UX Design)
៤.ជំនាញគ្រប់គ្រងមនុស្ស (People Management)
៣.ជំនាញវិភាគទិន្នន័យ (Analytical Reasoning)
២.ជំនាញបង្កើតបញ្ញាសិប្បនិម្មិត AI (Artificial Intelligence)
១.ជំនាញ Cloud Computing។
ភាពច្នៃប្រឌិត (Creativity) និងជំនាញកម្មវិធី Cloud Computing ត្រូវបានគេចាត់ទុកថា ជាជំនាញដែលមានទីផ្សារខ្ពស់ជាងគេបំផុតនៅក្នុងចំណោមជំនាញទន់ និងជំនាញរឹង នេះបើយោងតាមការអះអាងរបស់ក្រុមហ៊ុន LinkedIn៕
ប្រភព៖ cnbc