ហេតុ​ផល ៨ នេះ​បញ្ជាក់​ថាលុយពីជា​អាច​ទិញ​សុភមង្គល​បានពិតមែន​



មាន​ការ​លើក​ឡើង​ច្រើន​ណាស់​ដែល​ថា លុយ​មិន​អាច​ទិញ​ក្តី​ស្រលាញ់ ឬ​សុភមង្គល​បាន។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា ទុក្ខ​​របស់​អ្នក​មាន​លុយ​ ខុស​ពី​ទុក្ខ​របស់​អ្នក​អត់​លុយ។ អាច​និយាយ​បែប​​ម្យ៉ាង​ទៀត​ថា អង្គុយ​យំ​ក្នុង​រថយន្ត Mercedes ប្រសើរ​ជាង​អង្គុយ​យំ​លើ​ម៉ូតូ​កញ្ចាស់។ ប្រិយមិត្ត​យល់​យ៉ាងណា​ចំពោះ​​ឃ្លា​មួយ​នេះ?

យ៉ាងណាក៏ដោយ ថ្វីត្បិត​តែ​​មាន​លុយ​មិន​ប្រាកដ​ថា​មាន​សុភមង្គល ប៉ុន្តែ​លុយ​អាច​ជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ចំណោម​មធ្យោបាយ​នានា​​ដើម្បី​បង្កើត​សុភមង្គល។ អ្នក​មិន​អាច​យក​លុយ​ទាំង​ដុំ​ទៅ​ទិញ​សុភមង្គល​បានភ្លាមៗ​ដូច​ទៅ​ទិញ​ទំនិញ​នោះ​ទេ។ វា​ត្រូវ​ការ​ពេលវេលា ហើយ​អ្នក​មាន​លុយ​អាច​យក​លុយ​ទៅ​ប្រើប្រាស់​ធ្វើ ជា​មធ្យោបាយ​​មួយ​ដើម្បី​​បំពេញ​តម្រូវការផ្សេងៗ​​របស់​ខ្លួន​​ដែល​ធ្វើ​ឲ្យ​មាន​​សុភមង្គល​បន្តិចម្ដងៗ​។ ខាងក្រោម​នេះ​គឺ​ជា​មូលហេតុ​សំខាន់ៗ​ដែល​បញ្ជាក់​ថា លុយ​អាច​ទិញ​សុភមង្គល​បាន៖ ​

១) ជំងឺ​ធ្លាក់​ទឹកចិត្ត​នឹង​បាត់បង់

ការសិក្សា​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ ២០១២ របស់​សាកលវិទ្យាល័យ Havard បាន​បង្ហាញ​ថា អ្នក​ក្រ មាន​បញ្ហា​សុខភាព​និង​ការ​ធ្លាក់​​ទឹកចិត្ត​ខ្លាំង​ជាង​អ្នក​មាន​លុយ។ ការ​សិក្សា​នេះ​បាន​បន្ថែម​ទៀត នៅ​ពេល​អ្នក​មាន​លុយ​ច្រើន​គ្រប់គ្រាន់ ឬ ចាយ​មិន​អស់​​ បញ្ហា​​ធ្លាក់​ទឹកចិត្ត ​ស្តេ្រស​ និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​​នឹង​អាច​ត្រូវ​បាន​កាត់​បន្ថយ​ច្រើន។

២) អាច​រៀន​សាលា​ណា​ក៏​បាន​ដែល​ខ្លួន​ចូលចិត្ត

ការ​អប់រំ​ជា​រឿង​មួយ​សំខាន់​សម្រាប់​អ្នក ហេតុដូច្នេះ​​ហើយ​បើ​អ្នក​មាន​លុយ​ច្រើន តើ​ហេតុ​អ្វី​ត្រូវ​បារម្ភ​​​រឿង​ថ្លៃ​បង់​សាលា? អ្នក​អាច​រៀន​សាលា​ណា​ក៏​បាន​ឲ្យ​តែ​អ្នក​ចូលចិត្ត ជា​ពិសេស​សាលា​ថ្លៃៗ​ដែល​មាន​គុណភាព​ខ្ពស់ និង​​មនុស្ស​ភាគ​ច្រើន​គ្មាន​លទ្ធភាព​បង់។ នៅ​ពេល​អ្នក​​បាន​សិក្សា​នៅ​សាលា​​ថ្លៃៗ និង​មាន​គុណភាព ការងារ​នឹង​រង់ចាំ​អ្នក​ជា​មិន​ខាន ជា​ពិសេស​អាច​រក​ចំណូល​បាន​ខ្ពស់​ស្រប​តាម​ក្តី​ស្រមៃ​របស់​អ្នក។

​​​​៣) មិន​ព្រួយបារម្ភ​រឿង​បញ្ហា​ហិរញ្ញវត្ថុ

ខណៈ​ដែល​មនុស្ស​ភាគច្រើន​ព្រួយបារម្ភ​រឿង​បញ្ហា​លុយ​កាក់​ ខ្វះ​មុខ​ខ្វះ​ក្រោយ រី​​ឯ​អ្នក​មាន​លុយ​វិញ​យល់​ឃើញ​ថា ខ្លួន​មិន​មាន​បញ្ហា​នេះ​​ឡើយ។ អ្នក​មាន​លុយ​អាច​មាន​លទ្ធភាព​ចាយវាយ​តាម​​ចិត្ត​ចង់ ដោយ​មិន​ខ្វល់​អត់​លុយ នឹក​ឃើញ​ចង់​ទិញ​អី​បាន​ហ្នឹង​។ នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត។

៤) អាច​​ជ្រើសរើស​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​បាន

រឿង​នេះ​មិន​អាច​បដិសេធន៍​​បាន​ឡើយ ព្រោះ​អ្នក​ចិត្តវិទ្យា​ជា​ច្រើន​ធ្លាប់​បាន​សិក្សា​រួច​មក​ហើយ​ថា អ្នកមាន​លុយ​​ ភាគច្រើន​ទទួល​បាន​ការ​ចាប់ អារម្មណ៍​ពី​អ្នកដទៃ​។ បើ​ជា​បុរស​វិញ បើ​មាន​លុយ​ច្រើន និង​ចំណេះ​ នឹង​មាន​នារី​ជា​ច្រើន​តាម​ស្រលាញ់​ជា​មិន​ខាន។ ចំណុច​ត្រង់​នេះ ការ​ប្រើ​លុយ​ដើម្បី​ទាក់ទាញ​វា​មិន​មែន​សុទ្ធតែ​​អាក្រក់​ពេក​នោះ​ទេ បើ​គោលដៅ​របស់​វា​ដើម្បី​ស្វែង​រក​មនុស្ស​ល្អ​ម្នាក់។ ​តាម​ការ​ពិត​ទៅ​នៅក្នុង​ទំនាក់ទំនង​គូស្នេហ៍ ​វា​​​អាច​ជួយ​បំពេញ​​តម្រូវការ​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ក្តី​ស្រលាញ់​​របស់​មនុស្ស​ពីរ​នាក់​កាន់តែ​​ផ្អែមល្ហែម​ដែល​ជា​​ផ្នែក​មួយ​សំខាន់​សម្រាប់​សុភមង្គល​ក្នុង​គ្រួសារ​។

៥) ចង់​​ចេញលុយ​ឲ្យ​អ្នកណា​ក៏​បាន

វា​ជា​រឿង​ល្អ​ដែល​អ្នក​​អាច​ចំណាយ​លុយ​​ទិញ​អ្វីៗ​ឲ្យ​មនុស្ស​ដែល​អ្នក​ស្រលាញ់ ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​របស់​អ្នក។ អ្នក​ត្រូវ​ចាំ​ថា គ្មាន​អ្វី​​ដែល​មាន​សុភមង្គល​ជាង​ការ​ធ្វើ​ឲ្យ​អ្នកដទៃ​សប្បាយចិត្ត​នោះ​ទេ។ ភាព​សប្បាយ​រីករាយ និង​ក្តី​ស្រលាញ់​នឹង​កើត​មាន​ឡើង​នៅ​ពេល​អ្នក​ហ៊ាន​ចំណាយ​​​​ឲ្យ​ពួកគេ​ដូច​ជា ទិញ​សម្ភារៈ​​ទំនើបៗ​​ ឬ​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន។ ការ​សិក្សា​ស្រាវជ្រាវ​ក៏​រក​​ឃើញ​ដែរ​ថា អ្នក​ដែល​​ចែករំលែក​អ្នកដទៃ​កាន់តែ​ច្រើន​ជាជាង​ខ្លួន​ឯង អ្នកនោះ​​​នឹង​ទទួល​បាន​សុភមង្គល​កាន់តែ​ច្រើន​ឡើង។

៦) លុយ​ធ្វើ​ឲ្យ​មាន​​អ្នក​រាប់អាន​កាន់តែ​ច្រើន

នៅ​ក្នុង​ទិដ្ឋភាព​ជាក់ស្តែង មនុស្ស​ដែល​មាន​លុយ​ច្រើន នឹង​សំបូរ​​អ្នក​រាប់អាន​ច្រើន​ជាង​អ្នកក្រ។ មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ អ្នក​មាន​លុយ​មាន​មនុស្ស​រាប់អាន​ច្រើន​ដោយសារតែ​បុគ្គល​នោះ ចូលចិត្ត​ចេញ​ទៅ​ខាងក្រៅ និង​បង្កើត​បណ្ដាញ​ទំនាក់ទំនង​​ជា​មួយ​​មនុស្ស​​​មក​ពី​ប្រភព​ផ្សេងៗ​គ្នា​។ ​ខុស​ពី​អ្នក​គ្មាន​លុយ​ដែល​នៅ​សម្ងំ​តែ​ក្នុង​ផ្ទះ អ្នក​មាន​លុយ​អាច​កសាង​មិត្តភក្ដិ​នៅ​ក្នុង​ការងារ ជំនួញ និង​រៀន​ស្គាល់​មនុស្ស​ថ្មីៗ។

៧) មាន​លុយ​អាច​ទិញ​អ្វីៗ​ក៏​បាន

វា​ជា​រឿង​ពិត អារម្មណ៍​ស្រងេះស្រងោច ពិបាកចិត្ត និង​ភាព​តានតឹង​នានា​នឹង​កើត​មាន​​ឡើង​នៅ​ពេល​អ្នកណា​ម្នាក់​ចង់​​បាន​អ្វី​មួយ​ប៉ុន្តែ​មិន​មាន​លទ្ធភាព​ទិញ​វា​បាន​។ ចំពោះ​អ្នក​មាន​វិញ នេះ​មិនមែន​ជា​បញ្ហា​នោះ​ឡើយ។ ពួកគេ​អាច​យក​លុយ​ទៅ​​ទិញ​អ្វី​ក៏​បាន​ឲ្យ​តែ​ពួកគេ​ចង់​បាន​ដើម្បី​បំពេញ​តម្រូវការ និង​បង្កើត​ភាព​សប្បាយ​រីករាយ​ឲ្យ​ខ្លួន។

៨) ដើរលេង​កម្សាន្ត​​​​​ខាងក្រៅ​បាន​ច្រើន

ចង់​ដើរ​ផ្សារ ទៅ​ភ្លាម ចង់​មើលកុន អាច​ទៅ​បាន​ភ្លាម ឬ ចង់​ដើរ​លេង​ឆ្ងាយៗ​​ក្នុង និង​ក្រៅ​ប្រទេស​​អាច​ទៅ​បាន​​ភ្លាម​។ នេះ​ជា​ជីវិត​ជាក់ស្តែង​​នៅ​ពេល​មាន​លុយ។ ប៉ុន្តែ​បើ​​គ្មាន​លុយ​វិញ អ្វីៗ​ទាំង​នេះ​គ្រាន់តែ​ជា​ការ​ស្រមៃ​ប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​ទៀត​ត្រូវ​សន្សំ​លុយ​រាប់​ខែ​ឆាប់​ឆ្នាំ​ទើប​ស្មើ​អ្នក​មាន​លុយ​គេ​ដើរ​ម្តង។ នេះ​ហើយ​ជា​ភាព​ខុសគ្នា​នៅ​ពេល​មាន​លុយ និង​អត់​លុយ​​។ អ្នកណា​ខ្លះ​ថា​លុយ​មិន​អាច​ទិញ​សុភមង្គល​បាន? ប្រិយមិត្ត​អាច​ជួយ​ផ្តល់​យោបល់​បន្ថែម​បាន!

ប្រភព៖ Lifehack

X
5s