រូបមន្ត​ ៧ ជំហាន​សម្រាប់ត្រៀម​​រៀបចំ​គោលដៅ​នៃ​ភាពជោគជ័យ​



បុគ្គល​ជោគជ័យ​ គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​​មនុស្ស​ផ្សេង​ទៀត​ដែល​តែងតែ​​រៀបចំ​គម្រោង​​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​។ ដូចនេះ​ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​​របស់​អ្នក អ្នក​​ចាំបាច់​ត្រូវ​​រៀបចំ​​​គោលដៅ​ដែល​ត្រូវ​ទៅ​ឲ្យ​បាន​​ច្បាស់លាស់​។ នៅ​ពេល​អ្នក​មាន​គោលដៅ​ហើយ​នោះ វា​នឹង​ជួយ​អ្នក​​ឲ្យ​ឈាន​សម្រេច​បាន​​ទៅ​ដល់​​គោលដៅ​​នោះ​កាន់តែ​ឆាប់​រហ័ស​បំផុត។

ដើម្បី​ចង់​សម្រេច​​គោលដៅ​ណា​មួយ​ក្នុង​​ឆ្នាំ ២០១៩ ខាងមុខ​​នេះ អ្នក​អាច​សាកល្បង​អនុវត្ត​​​តាម​រូបមន្ត​ប្រាំពីរ​ជំហាន​​ខាងក្រោម​នេះ​៖

១) ចាប់​ផ្តើម​សរសេរ​គោលដៅ​មួយ​ដែល​អ្នក​ចង់​បាន

ជំហាន​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​ គឺ​អ្នក​ត្រូវ​​សរសេរ​​គោលដៅ​របស់​អ្នក​​ចេះ​មក​នៅ​ក្នុង​​ទ្រង់ទ្រាយ​​មួយ​ដ៏​ជាក់លាក់ និង​អាច​​វាយតម្លៃ​បាន។ អ្នក​គួរ​សរសេរ​អ្វី​ដែល​អ្នក​ចង់​បាន​នៅ​ពេល​ខាងមុខ​ទៅ​ទាម​អ្វី​ដែល​អ្នក​ចូលចិត្ត ហើយ​គោលដៅ​នោះ​ត្រូវ​សរសេរ​ឲ្យ​បាន​លម្អិត​ជា​ទីបំផុត​ទើប​អ្នក​អាច​កំណត់​បាន​ថា អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ជំហាន​បន្ទាប់។ ​

២) កំណត់​រយៈពេល​ដែល​ត្រូវ​សម្រេច​គោលដៅ​នោះ

អ្នក​ត្រូវ​ចាំ​ថា គោលដៅ​មួយ​ដែល​គ្មាន​​ពេល​កំណត់​មួយ​ជាក់លាក់ គោលដៅ​នេះ​គឺ​គ្មាន​ប្រយោជន៍​​អ្វី​ទាល់តែ​សោះ។ ដូច្នេះ​ហើយ វា​ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ត្រូវ​កំណត់​ថា គោលដៅ​ដែល​អ្នក​ចង់​បាន​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ពេល​ណា? ប្រើ​រយៈពេល​ប៉ុន្មាន? គន្លឹះ​នៅ​ទី​នេះ គឺ​អ្នក​ត្រូវ​​ ​បំបែក​គោលដៅ​របស់​អ្នក​ទៅ​ជា​ដំណាក់កាល​​នីមួយៗ និង​កំណត់​ពេលវេលា​​ដែល​ត្រូវ​ធ្វើ​នៅ​​​ដំណាក់កាល​នីមួយៗ​នោះ​។

៣) អ្វី​ដែលអ្នក​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​គោលដៅ​

ចំណុច​នេះ​គឺ​ជា​ចំណុច​សំខាន់​​ជាងគេ​បំផុត​មួយ​​​នៅ​ក្នុង​ចំណោម​ចំណុច​ផ្សេងៗ​ទៀត​នៅ​ក្នុង​​រូបមន្ត​នេះ។ ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក អ្នក​ត្រូវ​សរសេរ​ថា តើអ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​​ដើម្បី​សម្រេច​គោលដៅ​​ដែល​អ្នក​ចង់​បាន? នៅ​ពេល​ដែល​អ្នក​មាន​គំនិត ឬ​វិធីសាស្ត្រ​ថ្មីៗ​បន្ថែម​ទៀត​ពី​លើ​​វិធី​ដែល​មាន​ស្រាប់​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក អ្នក​ត្រូវ​សរសេរ​វា​បន្ថែម​ទៀត​​។

​៤) ​រៀបចំ​ជំហាន​នីមួយៗ​ឥឡូវ​នេះ

នៅ​ពេល​អ្នក​បាន​ត្រៀម​លក្ខណៈ​​រួចរាល់​ដើម្បី​ឈាន​​ទៅ​សម្រេច​គោលដៅ និង​បាន​សរសេរ​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ បន្ទាប់​មក​គឺ​ជា​ពេល​មួយ​ដែល​អ្នក​ត្រូវ​រៀបចំ​​​បញ្ជី​ផែនការ​ដែល​អ្នក​ត្រូវ​ធ្វើ​​​​ជា​​ក្រុម​តូចៗ​។ មូលហេតុ​ដែល​អ្នក​ត្រូវ​ធ្វើ​ដូចនេះ ពីព្រោះ​ថា វា​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ងាយស្រួល និង​អាច​ចាប់​ផ្តើម​អនុវត្ត​តាម​គម្រោង​របស់​អ្នក​បាន​តែម្តង ព្រម​ទាំង​មាន​ភាព​ងាយស្រួល​ឲ្យ​អ្នក​ត្រួតពិនិត្យ​​ចំណុច​ជា​ច្រើន​ទៀត​បាន​យ៉ាង​ល្អិតល្អន់​ផងដែរ​​។

៥) កំណត់​ឧបសគ្គ​ដែល​នឹង​កើត​មាន​ឡើង

ជា​ការ​ពិត​បញ្ហា​ដែល​នឹង​កើត​មាន​ឡើង​ អ្នក​មិន​អាច​ព្យាករណ៍​ដឹង​ទាំងស្រុង​នោះ​ទេ។ ប៉ុន្តែ​យ៉ាងហោចណាស់​អ្នក​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​​​ផង​ដែរ។ វា​ជា​រឿង​ល្អ​ដែល​​អ្នក​សរសេរ​​ឡើង​ពី​បញ្ហា​ដែល​នឹង​កើត​មាន​ឡើង ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អ្នក​អាច​រក​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទុក​ជា​មុន​សម្រាប់​ត្រៀម​ទប់ទល់​បញ្ហា​ទាំង​នោះ។

៦) ចាប់​ផ្តើម​អនុវត្ត​​​​ទៅ​រក​គោលដៅ​

នៅ​ពេល​អ្នក​បាន​កំណត់​រួចហើយ​ពី​គោលដៅ​ដែល​អ្នក​ចង់​ជោគជ័យ គម្រោង​ជាក់លាក់​របស់​អ្នក ជំហាន​នីមួយៗ​ដើម្បី​សម្រេច​គោលដៅ​នោះ និង​កំណត់​បាន​ឧបសគ្គ​នានា​ដែល​នឹង​កើត​មាន​ឡើង នៅ​ពេល​នេះ​គឺ​ជា​ពេល​ដែល​អ្នក​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ហើយ។ ការ​ចាប់​ផ្តើម​នេះ​គឺ​ត្រូវ​​អនុវត្ត​គម្រោង​ ឬ​ជំហាន​ទី១​របស់​អ្នក​មុន​គេ​ដែល​អ្នក​បាន​រៀបចំ​រួចហើយ បន្ទាប់​មក​ទើប​អនុវត្ត​ជំហាន​ជា​បន្តបន្ទាប់​ទៀត។ សូម​ចាំ​ថា នៅ​ពេល​ជំហាន​នីមួយៗ​របស់​អ្នក​បាញ់​ឆ្ពោះ​ និង​ស្រប​ទៅ​គោលដៅ​របស់​អ្នក​ហើយ ទោះ​មាន​ឧបសគ្គ​អ្វី​ក៏ដោយ អ្នក​នៅ​តែ​អាច​មាន​សមត្ថភាព​គ្រប់គ្រង​បាន។

) ធ្វើ​វា​ឲ្យ​បាន​ជាប់លាប់​ជា​រៀងរាល់​ថ្ងៃ

ខណៈ​ដែល​អ្នក​បាន​​បង្កើត​គម្រោង និង​យុទ្ធសាស្ត្រ​ឆ្ពោះទៅ​កាន់​គោលដៅ​ដែល​អ្នក​ចង់​ជោគជ័យ​រួចហើយ អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ទៀត​នោះ​គឺ​ថា តើ​រយៈពេល​ប៉ុន្មាន​ទៅ​ទើប​អ្នក​អាច​ដើរ​ដល់​គោលដៅ​នោះ? ដូចនេះ​ជំហាន​នីមួយៗ​របស់​អ្នក​ពិត​ជា​សំខាន់ៗ​ណាស់។ នៅ​ពេល​អ្នក​រៀបចំ​ជា​ជំហានៗ​បែប​នេះ​ វា​នឹង​ក្លាយ​ជា​រឿង​សាមញ្ញ ប៉ុន្តែ​ត្រូវ​ធ្វើ​វា​ជា​ប្រចាំ​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​កុំ​ឆាប់​បោះបង់​ឲ្យ​សោះ៕

ប្រភព៖ lifehack

X
5s