ស្វែងយល់ពីបំណុលល្អ និងបំណុលអាក្រក់​



នៅមុនពេលសម្រេចចិត្តយកប្រាក់កម្ចី អ្នកគួរតែដឹងថា តើប្រាក់កម្ចីនោះវាជាបំណុលល្អ ឬអាក្រក់? តើអ្នកបានយល់ពីនិយមន័យបំណុល "បំណុលល្អ (Good Debt)” ឬ "បំណុលមិនល្អ (Bad Debt)” ដល់កម្រិតណា? សូមស្វែងយល់ ពីភាពខុសគ្នារវាងបំណុលទាំងពីរនេះ និងរៀនពីរបៀបគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាព។

១) និយមន័យបំណុលល្អ (Good Debt)

បំណុលល្អត្រូវបានគេឲ្យនិយមន័យថា ជាប្រាក់កម្ចីដែលអ្នកខ្ចីពីបុគ្គលណាម្នាក់ផ្សេងទៀត ឬគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេលមួយដែលអ្នកសន្យាថា នឹងសងវិញជាមួយនឹងអត្រាការប្រាក់។ សម្រាប់បុគ្គលមួយចំនួន ការទទួលយកបំណុលតាមរយៈការផ្តល់ប្រាក់កម្ចីគឺជាការចាំបាច់ ព្រោះដោយសារពួកគេមិនមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីចំណាយទៅលើអ្វីមួយ។ ទោះជាយ៉ាងណាអ្វីដែលធ្វើឱ្យបំណុលរបស់អ្នកល្អ ឬអាក្រក់គឺត្រូវពិនិត្យមើលផលប៉ះពាល់របស់វាទៅលើជីវភាពហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អ្នកដែលផលប៉ះពាល់នោះវិជ្ជមាន ឬអវិជ្ជមាន។ បំណុលល្អគឺជាបំណុលមួយដែលជួយបង្កើនស្ថានភាពហិរញ្ញវត្ថុរបស់អ្នកក្នុងរយៈពេលវែង (ឬខ្លី) ។ អ្វីដែលសំខាន់ជាងនេះនោះគឺថា វាត្រូវមានហេតុផលច្បាស់លាស់ និងជាក់លាក់មួយនៅពីក្រោយប្រាក់កម្ចីរបស់អ្នក។ ឧទាហរណ៍ ការខ្ចីប្រាក់ដើម្បីពង្រីកមុខជំនួញរបស់អ្នក។ ចំណុចនេះវាគឺជាបំណុលល្អ ព្រោះបំណុលនេះជួយបង្កើនប្រាក់ចំណេញសុទ្ធឲ្យអ្នកត្រឡប់មកវិញ។ គុណសម្បត្តិនៃបំណុលល្អមានដូចជា៖ -បង្កើន និងពង្រីកទំហំទ្រព្យសម្បត្តិកាន់តែច្រើនឡើង -ជួយឱ្យប្រាក់ចំណូលមានកំណើនកាន់តែច្រើនឡើង -អាចទូទាត់ក្នុងតម្លៃសមរម្យ -មានអត្រាការប្រាក់ទាប។ ប្រាក់កម្ចីដែលចាត់ទុកថា ជាបំណុលល្អគឺមានដូចជា៖ -កម្ចីសម្រាប់ការអប់រំ -កម្ចីសម្រាប់វិនិយោគ (យកទៅរកស៊ី ទិញអចលនទ្រព្យ ឬពង្រីកមុខជំនួញផ្សេងៗ)

២) និយមន័យបំណុលអាក្រក់ (Bad Debt)

ចំពោះបំណុលអាក្រក់ គឺងាយយល់នោះទេ ។ ជាទូទៅបំណុលអាក្រក់ជាប្រភេទបំណុលដែលមិនបានជួយបន្ថែមតម្លៃហិរញ្ញវត្ថុណាមួយដល់ជីវភាពរបស់អ្នក។ ក្រៅពីនេះវាជាប្រភេទប្រាក់កម្ចីដែលធ្វើឱ្យការចំណាយប្រាក់របស់អ្នកមានចំនួនមួយច្រើនជាងប្រាក់កម្ចីដើមនៅក្នុងរយៈពេលវែង។ លក្ខណៈមួយចំនួនដែលចាត់ទុកថាជាបំណុលអាក្រក់គឺរួមមាន៖ -ការទិញរបស់ប្រើប្រាស់ដែលធ្លាក់ថ្លៃតាមពេលវេលាដូចជា រថយន្ត ទូរស័ព្ទទំនើបៗ -បំណុលកាតឥណទាន (Credit Card) ដែលមិនបានបង់ -ប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់។ នៅពេលអ្នកប្រើប្រាស់ប្រាក់កម្ចីសម្រាប់បំណុលអាក្រក់នេះ អ្នកនឹងសង្កេតឃើញថា អ្នកនឹងត្រូវខាតបង់ប្រាក់កាន់តែច្រើន ព្រោះវាបំណុលនេះមិនបានជួយឲ្យអ្នករកចំណូលមកវិញនោះទេ។ ឧទាហរណ៍អ្នកទិញរថយន្ត១គ្រឿងតម្លៃ ៤០ ០០០ ដុល្លារ ជាមួយនឹងប្រាក់កម្ចី ៣០ ០០០ ដុល្លារ។ នេះជាប្រភេទនៃបំណុលអាក្រក់ ព្រោះអ្នកត្រូវបង់ការប្រាក់ និងប្រាក់ដើមទៅគ្រឹះស្ថានហិរញ្ញវត្ថុ ខណៈដែលតម្លៃរថយន្តនឹងកាន់តែធ្លាក់ថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ។ នេះមិនទាន់រាប់បញ្ចូលទាំងការចំណាយលើប្រេងសាំង ការថែទាំ ឬ Insurance ជាដើម។ ដូចនេះ អ្នកត្រូវវាយតម្លៃឲ្យបានច្បាស់លាស់មុនសម្រេចចិត្តកម្ចីប្រាក់។ ដើម្បីកុំឲ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល អ្នកត្រូវប្រាកដថា អ្នកមានហេតុផលមួយយ៉ាងជាក់លាក់ដើម្បីទទួលយកប្រាក់កម្ចី ហើយប្រាក់កម្ចីនោះគឺជាបំណុលល្អ៕

ប្រភព៖ comparehero

X
5s