ចំណុច​ពិសេស ៣​យ៉ាង​ ដែល​អ្នក​ត្រូវ​តែ​​វិនិយោគលើខ្លួនឯង!​



តើអ្នកមានដឹងទេថា ការវិនិយោគលើខ្លួនឯងគឺជាអ្វីទេ? មានមនុស្សច្រើនណាស់ដែលមានលុយច្រើនយកទៅវិនិយោគ ប៉ុន្តែភ្លេចគិតថា ការវិនិយោគលើខ្លួនឯងពិតជាសំខាន់ដល់កម្រិតណា។ វាមិនទាន់ហួសពេលនោះទេ អ្នកទាំងអស់គ្នានៅតែមានឱកាសវិនិយោគដរាបណាជីវិតនៅមានដង្ហើម។ ខាងក្រោមនេះជាគន្លឹះចំនួន ៣ ពីរបៀបដែលអ្នកត្រូវវិនិយោគខ្លួនឯង៖

១.អភិវឌ្ឍជំនាញរបស់អ្នកឲ្យកាន់តែរីកចម្រើនទៅមុខ

ការអភិវឌ្ឍជំនាញរបស់អ្នកមិនមែនមានន័យថា គឺជាវិនិយោគទៅលើការអប់រំកាន់តែខ្ពស់នោះទេ តែវាជាជម្រើសមួយដែលចាំបាច់អាស្រ័យលើអាជីពរបស់អ្នក។ ការវិនិយោគទៅលើចំណេះដឹង និងជំនាញរបស់អ្នកអាចមានរូបភាពជាច្រើនប្រភេទ។ លើសពីនេះការពង្រីកចំណេះដឹង និងជំនាញ មិនត្រូវបានកំណត់តែចំពោះវិស័យអាជីវកម្មទេ ហើយក៏មិនចាំបាច់ទាល់តែធ្វើឡើងប្រកបដោយវិជ្ជាជីវៈ ឬ ផ្លូវការនោះដែរ។ មានមធ្យោបាយជាច្រើនដែលអ្នកអាចអភិវឌ្ឍជំនាញរបស់អ្នកដូចជា៖ -បន្តការសិក្សាទៅកាន់កម្រិតខ្ពស់៖ រៀនបំប៉នបន្ថែម រៀនបន្តទៅកម្រិតខ្ពស់ ឬ រៀនវគ្គខ្លីៗទាក់ទងទៅនឹងជំនាញរបស់អ្នកទាំងនៅសាលា ក្រៅសាលា និងនៅតាមបណ្ដាញអ៊ីនធឺណិតដែលជាការវិនិយោគដ៏មានតម្លៃបំផុត។ -ចូលរួមព្រឹត្តិការនានា៖ ចូលរួមសិក្ខាសាលា ចូលរួមសន្និសីទធំៗ ចូលរួមការងារសង្គម ឬចូលរួមកម្មវិធីផ្សេងៗទៀតដែលទាក់ទងទៅនឹងការអប់រំ។ -ពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយ- អាចមើលព័ត៌មានយ៉ាងច្រើនសំបូរបែបនៅតាមអ៊ីនធឺណិត កាសែត ទស្សនាវដី្ត អានសៀវភៅ ឬអត្ថបទផ្សេងៗដែលទាក់ទងទៅនឹងទេពកោសល្យ ឬជំនាញដែលអ្នកចង់ធ្វើ និងអាប់ដេត ឬ អភិវឌ្ឍខ្លួនឯងឲ្យបានឆាប់រហ័សបំផុតតាមសម័យកាល។

២.អភិវឌ្ឍភាពច្នៃប្រឌិតរបស់អ្នក

តាមពិតទៅប្រភពនៃភាពច្នៃប្រឌិតគឺមាននៅក្នុងខ្លួនមនុស្សគ្រប់រូបដែលភាគច្រើនវាមិនត្រូវបានឆ្កឹះចេញយកមកប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ នេះហើយជាមូលហេតុដែលអ្នកត្រូវស្វែងរកវាឲ្យឃើញ។ ភាពច្នៃប្រឌិតនៅក្នុងផ្នែកណាមួយនឹងជួយឲ្យអ្នករីកចម្រើនដោយខ្លួនឯង ហើយវាជាច្រកផ្លូវមួយឲ្យអ្នកអាចដើរបានកាន់តែឆ្ងាយទៅកន្លែងថ្មីដែលអ្នកមិន ធ្លាប់ដើរពីមុនមក។ អ្នកត្រូវចងចាំថា ភាពច្នៃប្រឌិតមានលេចចេញជារូបរាងច្រើនយ៉ាង ហើយមានលក្ខណៈទូលំទូលាយ។ ខាងក្រោមនេះ ជាសកម្មភាពមួយចំនួនដែលអ្នកត្រូវធ្វើដើម្បីបង្កើតភាពច្នៃប្រឌិតឲ្យខ្លួនឯង៖ -រៀនភាសាថ្មីៗ៖ ចូលរៀនភាសាផ្សេងៗដែលកំពុងពេញនិយម ឬក៏ប្រើកម្មវិធីជំនួយដើម្បី រៀនភាសា។ -សរសេរ ឬតែងនិពន្ធ៖ រៀនសរសេរសៀវភៅ និពន្ធរឿងខ្លីៗ កំណាព្យ ឬអត្ថបទស្រាវជ្រាវថ្មីៗទាក់ទងនឹងចំណេះដឹងរបស់អ្នក។ -ដំណើរកម្សាន្ត៖ ធ្វើដំណើរទៅកាន់តំបន់ថ្មីៗ ឬប្រទេសផ្សេងៗដើម្បីមើលពីវប្បធម៌ ការរស់នៅ របៀបធ្វើជំនួញ និងទស្សនាតំបន់ធម្មជាតិជាដើម។ -ស្តាប់ ឬលេងតន្ត្រី និងទស្សនាភាពយន្ត៖ រៀនលេងឧបករណ៍តន្ត្រី ចូលរួមក្រុមតន្ត្រី ឬស្តាប់បទភ្លេង ទស្សនាវីដេអូភាពយន្ត។ -បង្កើតកម្មវិធីកម្សាន្តដោយខ្លួនឯង៖ ជិះកង់ គូររូប ថតរូប ឬ បង្កើតកម្មវិធីហ្គេមកម្សាន្តផ្សេងៗទៀត។

៣.ពង្រឹងសុខភាពផ្លូវចិត្ត និងផ្លូវកាយ

សុខភាពផ្លូវចិត្ត និងរាយកាយពិតជាសំខាន់ណាស់។ អ្នកមិនអាចមានសុខភាពផ្លូវចិត្តរឹងមាំ បើសុខភាពផ្លូវកាយមិនល្អ ហើយអ្នកក៏គ្មានសុខភាពផ្លូវកាយល្អដែរ បើសុខភាពផ្លូវចិត្តរបស់អ្នកមិនរឹងមាំ។ ទាំងពីរនេះមិនអាចខ្វះមួយណាបានឡើយ។ -សុខភាពផ្លូវចិត្ត៖ ដើម្បីឲ្យសុខភាពផ្លូវចិត្តរឹងមាំអ្នកត្រូវអានសៀវភៅអប់រំផ្លូវចិត្ត សៀវភៅលើកទឹកចិត្ត ឬ សៀវភៅជោគជ័យ ឧស្សាហ៍ធ្វើសម្មាសមាធិ បង្កើតមិត្តភាព ក្តីស្រលាញ់ រៀនទទួលកំហុស លើកលែងទោស រៀនបើកចិត្តឲ្យទូលាយ ឬហ្វឹកហាត់អភិវឌ្ឍបញ្ញាស្មារតី និងគំនិតថ្មីៗឲ្យកាន់តែរឹងមាំតាមរយៈការអាន ស្តាប់ សរសេរ និយាយ ចូលរួមសិក្ខាសាលាផ្សេងៗ និងការស្រាវជ្រាវជាដើម។ -សុខភាពផ្លូវកាយ៖ មានវិធីសាស្ត្រជាច្រើនដែលធ្វើឲ្យសុខភាពផ្លូវកាយរបស់អ្នករឹងមាំដូចជា ហាត់ប្រាណជាប្រចាំ លេងកីឡា ទទួលទានអាហារត្រឹមត្រូវ មិនទទួលទានអាហារដែលមានជាតិពុល ឬ ទទួលទានច្រើនលើសកម្រិត មិនពិសារគ្រឿងស្រវឹង សេពគ្រឿងញៀន និងមិនធ្វើការហួសកម្លាំងជាដើម។ សូមកុំមើលរំលងលើចំណុចទាំងនេះ ព្រោះថាការវិនិយោគខ្លួនឯងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មុននឹងអ្នកវិនិយោគទៅលើអ្វីផ្សេងទៀតដូចជាលុយកាក់ជាដើម។ ជោគជ័យនៃចំណេះដឹង សុខភាពផ្លូវចិត្ត និងផ្លូវកាយ គឺវិថីឆ្ពោះទៅកាន់ភាពជោគជ័យផ្សេងៗទៀត៕

ដោយ៖ សូរ៉ាន់ដារ

X
5s