ហេតុផលទាំង ១០យ៉ាងដែលធ្វើឲ្យប្រព័ន្ធអប់រំរបស់ប្រទេសហ្វាំងឡង់ឈានមុខគេក្នុងឆាកអន្តរជាតិ​



ហ្វាំងឡង់ គឺជាប្រទេសដែលបានធ្វើកំណែទម្រង់ប្រព័ន្ទអប់រំរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។  ប្រព័ន្ធអប់រំរបស់ប្រទេសនេះដែលគេចាត់ទុកថាជាប្រព័ន្ធអប់រំល្អជាងគេដែលផ្ដោតលើការអប់រំទាំងមូលរបស់សិស្ស។ ខាងក្រោមនេះគឺជាហេតុផលទាំង ១០ដែលប្រព័ន្ធអប់រំហ្វាំងឡង់ឈានមុខក្នុងឆាកអន្តរជាតិ៖

១) គ្មានការធ្វើតេស្ត

ការធ្វើតេស្តស្តង់ដារគឺជាវិធីដែលធ្វើឡើងដើម្បីធ្វើការវាសស្ទង់កម្រិតយល់ដឹងរបស់សិស្សតែប៉ុណ្ណោះ។ អ្វីដែលតែងតែកើតឡើងចំពោះសិស្សនោះគឺថាសិស្សនឹងរៀនដើម្បីត្រឹមតែប្រលងជាប់តែប៉ុណ្ណោះ ហើយគ្រូនឹងបង្រៀនដើម្បីតែគោលបំណងតែមួយគត់គឺចង់ឲ្យសិស្សប្រលងជាប់។ ការធ្វើបែបនេះគឺធ្វើឲ្យបាត់បង់ភាពស្មើភាពគ្នា។ ក្នុងប្រទេសហ្វាំឡង់គ្មានការប្រលងធ្វើតេស្ដស្តង់ដារសម្រាប់សិស្សនោះទេ។ ប៉ុន្តែគេមានប្រភេទតេស្តមួយដែលហៅថាការប្រលងចេញពីសាលាដើម្បីចូលសកលវិទ្យាល័យ (National Matriculation Exam) ដែលគេធ្វើឡើងសម្រាប់សិស្សនៅពេលចេញពីថា្នក់វិទ្យាល័យ។ ក្មេងៗទាំងអស់ក្នុងប្រទេសហ្វាំងឡង់គឺត្រូវចាត់ចំណាត់ថ្នាក់ដោយផ្អែកលើសកម្មភាពរបស់សិស្សម្នាក់ៗ ហើយប្រព័ន្ធចាត់ចំណាត់ថ្នាក់ត្រូវធ្វើឡើងដោយគ្រូ។ ការតាមដានទៅលើដំណើរទូទៅត្រូវធ្វើឡើងដោយក្រសួងអប់រំ (Ministry of Education ) ដែលធ្វើការពិនិត្រតាមដានទៅលើក្រុមសិស្សផ្សេងៗទៅតាមសាលា។

២) ទំនួលខុសត្រូវរបស់គ្រូ

ក្នុងប្រទេសហ្វាំងឡង់គឺមានការកំណត់យ៉ាងតឹតតែងទៅលើគ្រូ។ គ្រូទាំងអស់ត្រូវតែមានកម្រិតអនុបណ្ឌិត (master’s degree) មុននឹងក្លាយជាអាជីវគ្រូបង្រៀន។ កម្មវិធីបង្រៀនមានភាពហ្មត់ចត់។ ប្រសិនបើគ្រូមិនបានធ្វើកិច្ចការឲ្យបានល្អ នោះវាគឺជាទំនួលខុសត្រូវរបស់នាយកសាលាដែលត្រូវធ្វើការកែលំអគ្រូឡើងវិញ។

៣) ការសហការមិនមែនការប្រកួតប្រជែង

ប្រព័ន្ធអបរំក្នុងប្រទេសហ្វាំឡង់មិនមានគិតអំពីប្រព័ន្ធដែលផ្អែកលើការបញ្ចេញហេតុផលប្រកួតប្រជែងគ្នានោះទេ។ ក្នុងសាលាទាំងអស់គ្មានតារាងសាលាល្អ ឬគ្រូដែលមានសកម្មភាពល្អនោះទេ។ ក្នុងប្រព័ន្ធអប់រំរបស់ប្រទេសនេះគឺមិនមែនជាការប្រកួតប្រជែងនោះទេ ប៉ុន្តែការសហការគ្នាគឺជាច្បាប់។

៤) អាទិភាព

សាលាជាច្រើនមានការព្រួយបារម្ភអំពីពិន្ទុតេស្ដនិងការយល់ដឹងក្នុងគណិតវិទ្យានិងវិទ្យាសាស្រ្តជាដើម ប៉ុន្តែគេភ្លេចគិតអំពីភាពរីករាយ ភាពសុខុដុម និងសុខភាពសុខុមាលភាពរបស់សិស្ស។ ហ្វាំងឡង់ផ្ដោតលើចំណុចគ្រឹះមួយចំនួនដូចជា៖ • ការអបរំគឺជាឧបករណ៍ក្នុងការរក្សាតុល្យភាពនៃវិសមភាពសង្គម • សិស្សទាំងអស់ទទួលបានអាហារក្នុងសាលាដោយមិនគិតថ្លៃ • មានការងាយស្រួលដើម្បីទទួលបានការថែទាំសុខភាព • ការពិភាក្សាចិត្តសាស្រ្ត • ការណែនាំចង្អុលបង្ហាញដល់សិស្សម្នាក់ៗ។

៥) ចូលរៀននៅអាយុច្រើន

សិស្សក្នុងប្រទេសហ្វាំងឡង់ចាប់ផ្ដើមចូលរៀននៅអាយុ ៧ឆ្នាំ។ ក្នុងរយៈពេលដំបូងពួគគេផ្ដល់ពេលវេលាជាច្រើនដើម្បីអភិវឌ្ឍភាពកុមាររភាពរបស់ពួកគេ ដោយមិនតម្រូវឲ្យរៀនតាមការតម្រូវនោះទេ។ ក្នុងប្រព័ន្ធអប់រំរបស់ប្រទេសនេះ មានរយៈពេល៩ឆ្នាំដែលតម្រូវឲ្យសិស្សចូលរៀនតាមតម្រូវរបស់ប្រព័ន្ធអប់រំ។ រហូតដល់ថ្នាក់ទី ៩ ឬនៅរហូតដល់អាយុ ១៦ឆ្នាំ គឺជាជម្រើស។

៦) ជម្រើសការសិក្សា

ក្នុងប្រទេសហ្វាំងឡង់ ថ្នាក់វិទ្យាល័យដែលមានកម្មវិធីសិក្សារយៈពេល៣ឆ្នាំដែលរៀបចំត្រៀមសិស្សក្នុងការប្រលងបញ្ចប់ថ្នាក់ (Matriculation Test) ដើម្បីចូល​រៀនថ្នាក់សកលវិទ្យាល័យ។ ក្នុងប្រព័ន្ធអប់រំប្រទេសនេះក៏មានការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវផងដែរ ដែលមានរយៈពេល៣ឆ្នាំក្នុងការបណ្ដុះបណ្ដាលសិស្សឲ្យមានជំនាញវិជ្ជាជីវ។ សិស្សមានជម្រើសក្នុងការធ្វើការប្រលងបញ្ចប់ថ្នាក់ដើម្បីចូលរៀនសកលវិទ្យាល័យប្រសិនបើពួកគេចង់រៀនថ្នាក់​សកល​វិទ្យា​ល័យ​។

៧) ចូលថ្នាក់យឺត

សិស្សនៅប្រទេសហ្វាំឡង់ចូលរៀននៅម៉ោង៩ ឬ៩៖៤៥នាទី។ តាមរយៈការសិក្សាស្រាវជ្រាវ ការចូលរៀនពីព្រលឹមប៉ះពាល់ទៅដល់សុខុមាលភាព សុខភាព និងភាពពេញវ័យរបស់សិស្ស។ សាលាក្នុងប្រទេសហ្វាំឡង់ចេញពីរៀននៅពេលថ្ងៃនៅម៉ោង ២ ឬ ២ ៤៥នាទី។ សិស្សចូលរៀនយូរហើយក៏មានពេកសម្រាកយូរផងដែរ។ ប្រព័ន្ធអប់រំទាំងមូលគឺមិនមែនជាការរុញឬញាត់នូវព័ត៌មានឬចំណេះដឹងចូលទៅក្នុងសិស្សនោះទេ ប៉ុន្តែជាការបង្កើតនូវបរិស្ថានអប់រំទៅដល់សិស្សទាំងមូល។

៨) គ្រូដដែលៗ

សិស្សក្នុងប្រទេសហ្វាំងឡង់រៀនជាមួយគ្រូតែម្នាក់រហូតដល់រយៈពេល ៦ឆ្នាំនៃការអប់រំ។ កំឡុងពេលនេះ គ្រូមានតួនាទីជាអ្នកផ្ដល់ការព្រឹក្សាអប់រំ និងជាសមាជិកគ្រួសារ។ កំឡុងពេលនេះការជឿជាក់ទៅវិញទៅមកបង្កើតឡើងរវាងសិស្សហើយនឹងគ្រូឲ្យស្គាល់គ្នានិងគោរពគ្នាទៅវិញទៅមក។ ចំណង់ចំណូលចិត្តនិងរបៀបរៀនរបស់សិស្សម្នាក់ៗខុសគ្នា។ គ្រូក្នុងប្រទេសហ្វាំឡង់អាចដឹងអំពីការលូតលាស់នៃការរៀនសូត្ររបស់សិស្សនិងមានការយកចិត្តទុកដាក់ក្នងការជួយពួកគេសម្រេចគោលដៅរបស់ពួកគេ។

៩) មិនតឹងតែង

មិនសូវមានស្ត្រេស មិនសូវមានវិន័យតឹងតែ ប៉ុន្តែមានការថែទាំងយ៉ាងយកចិត្តទុកដាក់។ សិស្សជាទូទៅមានចូលរៀនតែប៉ុន្មានថ្នាក់តែប៉ុណ្ណោះក្នុងមួយថ្ងៃ។ សិស្សមានពេលវេលាច្រើនក្នុងការញ៉ាំអាហារ រីករាយនឹងសកម្មភាពកំសាន្តច្រើន។ សិស្សមានពេលសម្រាកចន្លោះពី ១៥ ទៅ២០នាទីដើម្បីងើបឈរ ពត់ពែនខ្លួន ស្រូបយកខ្យលធម្មជាតិ។ ចំណែកឯ គ្រូក៏មានបន្ទប់សម្រាប់សម្រាក ដែលពួកគេអាចអង្គុយឬឈរ រៀបចំមេរៀន និងធ្វើការប្រាស្រ័យទាក់ទនងគ្នាផងដែរ។

១០) មិនសូវមានកិច្ចការសាលា

បើយោងតាម OECD សិស្សក្នុងប្រទសហ្វាំងឡង់មានកិច្ចការសាលា ក៏ដូចជាកិច្ចការផ្ទះតិចជាងសិស្សផ្សេងៗទៀតក្នុងប្រទសដទៃ។ សិស្សចំណាយពេលប្រហែល ៣០នាទីនៅពេលយប់ដើម្បីធ្វើកិច្ចការសាលាផ្សេងៗ។ សិស្សក្នុងប្រទេសហ្វាំងឡង់មិនមានគ្រូបង្រៀនតាមផ្ទះនោះទេ។ ដោយមិនខ្វាយខ្វល់អំពីចំណាត់ថ្នាក់ និងកិច្ចការច្រើនធ្វើឲ្យសិស្សទាំងអស់អាចផ្ដោតអារម្មណ៍ទៅលើការសិក្សា និងអភិវឌ្ឍខ្លួនច្រើន៕

ដោយ៖ លង់ វណ្ណៈ

X
5s