ធ្វើ​ការ​​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ប៉ុន្មាន​ឆ្នាំ​ទើប​ល្អ មុន​លា​ឈប់​​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ថ្មី?​



ក្រោយ​​ធ្វើ​ការ​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ អ្នក​ចាប់​ផ្តើម​គិត​ថា គួរ​តែ​ផ្លាស់ប្ដូរ​​ការងារ​ថ្មី​ដើម្បី​រក​ឱកាស​​ដែល​ល្អ​ប្រសើរ​ជាង​នេះ។ មាន​បុគ្គលិក​ខ្លះ​​ប្រហែល​ជា​ធ្លាប់​ផ្លាស់ប្ដូរ​ការងារ​ច្រើន​ដង​នៅ​ក្នុង​អាជីព​ការងារ​របស់​ខ្លួន​ ដែល​ពេល​ខ្លះ​អាច ២ ដង​ក្នុង​មួយ​ឆ្នាំ។ ចំណែក​អ្នក​ខ្លះ​ទៀត អាច​ប្រើ​ពេល​​ច្រើន​ឆ្នាំ​ទើប​សម្រេច​ចិត្ត​ចាកចេញ​ទៅ​រក​ការងារ​នៅ​កន្លែង​ថ្មី។ នៅ​ទីនេះ​មាន​សំនួរ​មួយ​ចោទ​សួរ​ឡើង​​ថា តើ​អ្នក​គួរ​ចំណាយ​ពេល​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ប៉ុន្មាន​ឆ្នាំ​ទើប​ល្អ ហើយ​ដាក់​ពាក្យ​លាឈប់​ធ្វើ​ការ​នៅ​កន្លែង​ថ្មី​ទៀត?

យោង​តាម​ការ​ស្រាវជ្រាវ​របស់ Bullhorn survey reports  ​បាន​បង្ហាញ​ថា រយៈពេល​ដែល​​ល្អ​បំផុត​ដែល​អ្នក​គួរ​ធ្វើ​ការ​​ឲ្យ​​​ក្រុមហ៊ុន​មួយ​គឺ​ ​ចន្លោះ​ពី ៣ ​ឆ្នាំ​​ទៅ ៥​ឆ្នាំ ​សម្រាប់​អ្នក​អ្នក​ដែល​មាន​វ័យ​ចន្លោះ​ពី ២៥ ដល់​ ៣៤​ឆ្នាំ។ ចំណែក​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ៦០​ឡើង​ទៅ គឺ​មាន​រយៈពេល​​យូរ​បំផុត​ដល់ ១០​ឆ្នាំ​។

គុណវិបត្តិ​នៃ​ការ​ផ្តល់​ប្តូរ​ការងារ​ច្រើន​ដង​ពេក​ ត្រឹមតែ​មួយ​ឆ្នាំ​សោះ អ្នក​បាន​ផ្លាស់ប្ដូរ​ការងារ​​យ៉ាង​ច្រើន​ចាប់​ពី ២ ទៅ ៣​ដង​ទៅ​ហើយ​នោះ វា​មិន​មាន​សញ្ញាណ​ល្អ​នោះ​ឡើយ​។ ក្រុមហ៊ុន​ដែល​ជ្រើសរើស​អ្នក​នឹង​មាន​ភាព​សង្ស័យ​ថា អ្នក​គឺ​ជា​បុគ្គលិក​ដាក់​ការ​រំពឹង​ទុក​ខ្ពស់ ជា​បុគ្គលិក​ឱកាស​និយម​ ឬ គ្មាន​ភាព​អត់ធ្មត់ ​ដែល​​មិន​គួរ​ត្រូវ​បាន​ជ្រើសរើស​​ធ្វើ ជា​បុគ្គលិក​នោះ​ឡើយ។

គុណ​វិបត្តិ​នៃ​ការ​ធ្វើ​ការ​នៅ​មួយ​កន្លែង​យូរ​ពេក ផ្ទុយ​ទៅ​វិញ នៅ​ពេល​អ្នក​ធ្វើ​ការ​នៅ កន្លែង​មួយ​ច្រើន​ឆ្នាំ​ពេក នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​មាន​ភាព​មន្ទិលសង្ស័យ​អ្នក​កាន់តែ​ច្រើន​ឡើង និង​យល់​ថា ចំណាប់​អារម្មណ៍​ការងារ​របស់​អ្នក​នៅ​ក្នុង​ក្រុមហ៊ុន​កាន់តែ​បាត់បង់​​ទៅៗ។ បន្ថែម​លើ​នេះ​វា​អាច​ធ្វើ​ឲ្យ​ចៅហ្វាយ​របស់​អ្នក​គិត​ថា អ្នក​ជា​បុគ្គលិក​មិន​មាន​ភាព​បត់បែន ​មិន​បើក​គំនិត​​ឲ្យ​បាន​​ទូលាយ​​លើ​ឱកាស​ថ្មីៗ ឬ​មិន​​​ចង់​ផ្លាស់ប្ដូរ​ដើម្បី​ភាព​ជោគជ័យ​នៅ​កន្លែង​ថ្មី​ជា​ដើម​។

យ៉ាងណា​ក៏ដោយ មុន​អ្នក​​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ ឬ​ចង់​​បន្ត​​ធ្វើ​​ការងារ​ដដែល​ អ្នក​​គួរ​សួរ​ខ្លួន​ឯង​នូវ​​សំនួរ​សំខាន់ៗ​​ខាងក្រោម​នេះ​ជា​មុន​សិន៖

១.អ្នក​ចង់​ចាកចេញ​ដោយសារតែ​ឱកាស​ការងារ​​កន្លែង​ថ្មី​ល្អ​ជាង​ ឬ មាន​ប្រាក់​ខែ​ខ្ពស់​ជាង​មុន?

២.តើ​ការ​ផ្លាស់ប្ដូរ​ការងារ​នឹង​ជួយ​អ្នក ឬ រារាំង​ដល់​អាជីព​ការងារ​របស់​អ្នក?

៣.តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​​ស្តារ​​ស្ថានភាព​ការងារ​បច្ចុប្បន្ន​របស់​អ្នក​​ឲ្យ​​ប្រសើរ​ឡើង​ដែរ​ឬទេ​ ប្រសិន​បើ​ការ​ចាកចេញ​​នៅ​ពេល​នេះ​មិន​មែន​ជា​ពេល​ដ៏​ត្រឹមត្រូវ​មួយ?

៤.តើ​នេះ​ជា​ពេល​ដែល​ត្រឹមត្រូវ​បំផុត​សម្រាប់​ចាកចេញ​​ដើម្បី​អភិវឌ្ឍ​ទាំង​សមត្ថភាព និង​ជំនាញ​វិជ្ជាជីវៈ​ដែរ​ឬទេ​?

៥.តើ​ការ​ចាកចេញ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ការងារ​របស់​អ្នក​ចំពោះ​ការងារ​ថ្មី​​ដែរ​ឬទេ?

៦.តើ​អ្នក​មាន​ភាព​ជឿជាក់​ហើយ​ឬនៅ​ថា ការងារ​នៅ​កន្លែង​ថ្មី​ពិត​ជា​ផ្តល់​ឱកាស​​ល្អ​បំផុត​ឲ្យ​អ្នក​ធ្វើ​ការ​ក្នុង​រយៈពេល ជា​ច្រើន​ឆ្នាំ?

ប្រភព៖ thebalance

X
5s