ការ​ស្រាវជ្រាវរក​ឃើញ​ថា ការ​មិន​ហាត់​ប្រាណ​ពិត​ជា​ប៉ះពាល់​សុខភាព​ជាង​ការ​ជក់​បារី​ទៅ​ទៀត​!​



ការ​ហាត់ប្រាណ​ពិត​ជា​រឿង​មួយ​សំខាន់​ណាស់​សម្រាប់​សុខភាព។ ប៉ុន្តែ​តើ​មាន​មនុស្ស​ប៉ុន្មាន​​នាក់​ក្នុង​ចំណោម​ ១០០ នាក់​ដែល​យកចិត្ត​​ទុកដាក់​ហាត់ប្រាណ​នោះ? ចម្លើយ​ប្រហែល​មិន​ច្រើន​ទេ។ តើ​នេះ​មូលហេតុ​អ្វី? បើ​សិន​ជា​ចម្លើយ​របស់​អ្នក​គឺ​ថា ដោយសារតែ​អ្នក​គ្មាន​ពេល​នោះ អ្នក​គួរ​ចំណាយ​ពេល​បន្តិច​ដើម្បី​អាន​អត្ថបទ​មួយ​នេះ។

១.តើ​ការ​មិន​​ហាត់ប្រាណ​ ​​ប៉ះពាល់​សុខភាព​ជាង​​ការ​ជក់​បារី​​ទៅ​ទៀត​មែន​ទេ? ​

យោង​តាម​ការ​ស្រាវជ្រាវ​របស់​មន្ទីរ​ព្យាបាលCleveland Clinic Foundation នៅ​រដ្ឋ Ohio របស់​អាមេរិក​ ​​បាន​សិក្សា​លើ​​អ្នក​ចូលចិត្ត​ហាត់ប្រាណ​​វ័យ​ជំទង់ ១២២ ០០៧ នាក់​ចាប់​តាំង​ពី​ឆ្នាំ ១៩៩១ ដល់​ឆ្នាំ ២០១៤។ ​​​​ជា​លទ្ធផល​បាន​បង្ហាញ​ថា អ្នក​​​ហាត់​ប្រាណ​​ មាន​អត្រា​​ស្លាប់​ទាប​​ជាង​អ្នក​មិន​​ហាត់​ប្រាណ​។ ក្រៅ​ពី​នេះ​មន្ទីរ​ព្យាបាល​នេះ បាន​រក​ឃើញ​ថា ​​អ្នក​មិន​ហាត់ប្រាណ​​​​​ទទួល​រង​ផល​ប៉ះពាល់​សុខភាព​ខ្លាំង​ជាង​​​អ្នក​ជក់បារី​ទៅ​ទៀត​ ឬ ​ បង្កឲ្យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង និង កើត​ជំងឺ​ទឹកនោមផ្អែម​​ជា​ដើម​​។

២.តើ​ការ​ហាត់ប្រាណ ទាមទារ​អ្នក​​អនុវត្ត​តាម​​​ក្បួន​ខ្នាត​​ឲ្យ​បាន​ល្អ​បំផុត​ឬ​យ៉ាងណា? 

ក្នុង​សៀវភៅ​មួយ​​មាន​ចំណង​ជើង​ថា Small Habits, Big Changes អ្នក​និពន្ធ Steven Handel បាន​លើក​ឡើង​ថា ការ​ហាត់ប្រាណ​ដើម្បី​សុខភាព​ មិន​ទាមទារ​ឲ្យ​អ្នក​រៀន​​អនុវត្ត​​តាម​ក្បួនខ្នាត​ហាត់ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ​​​រហូត​ដល់​ទៅ​រាប់ម៉ោង ដូច​អ្នក​ជំនាញ​នោះ​ឡើយ។ អ្នកនិពន្ធ​រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​ហាត់ប្រាណ​បន្តិចបន្តួច គឺ​ប្រសើរ​ជាង​ការ​មិន​ហាត់​ប្រាណ​ឆ្ងាយ​ច្រើន​ណាស់។ គ្រាន់តែ​អ្នក​លើកដៃ​លើក​ជើង ដើរ ឬ លេង​បាល់​​​​ ៥ ឬ ១០ នាទី​​ជា​រៀងរាល់​ថ្ងៃ​ក៏​វា​បាន​រួមចំណែក​ធ្វើ​ឲ្យ​​អ្នក​កាត់​បន្ថយ​ជំងឺ​ផ្សេងៗ​បាន​ច្រើន​ដែរ​។

៣.តើ​ការ​ហាត់​ប្រាណ​​​ត្រឹមត្រូវ​ ទទួល​បាន​ផល​ប្រយោជន៍​អ្វីខ្លះ? 

យោង​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Michigan អ្នក​ដែល​ហាត់​ប្រាណ​បាន​តិចតួច ​ប្រឈមមុខ​នឹង​ការ​​ស្លាប់​មុន​អាយុ​​ក្នុង​អត្រា ៥០% បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​បាន​​ហាត់ប្រាណ​ត្រឹមត្រូវ​ល្អ​តាម​​ការ​ណែនាំ​របស់​អ្នក​ជំនាញ​។ យ៉ាងណាមិញ នេះ​មិនមែន​មានន័យ​ថា អ្នក​ត្រូវ​ទៅ​​ជីម (Gym) ឬ ចូល​ក្លឹប​ហាត់ប្រាណ​រាល់​ថ្ងៃ​នោះ​ទេ។ គ្រាន់​តែ​អ្នក​​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដូច​ជា លើក​ទម្ងន់ អាវ៉ង់ ដើរ​​​ ឬ រត់​ឲ្យ​បាន​​​​ ២០ នាទី​ជា​រៀងរាល់​ថ្ងៃ អ្នក​នឹង​ឃើញ​រាងកាយ​អ្នក​មាន​ការ​ប្រែប្រួល​បន្តិច​នៅ​ក្នុង​រយៈពេល​៤​សប្តាហ៍​ដំបូង៕

ដោយ៖ សូរ៉ាន់ដារ

X
5s