ប្រៀប​ទៅ​នឹង​ស្ករ​ស​ធម្មតា តើ​ស្ករ​ត្នោតរបស់ខ្មែរយើង​មាន​អត្ថប្រយោជន៍​ដូចម្ដេច​ខ្លះ?​



ស្ករ​ត្នោត​គឺជា​ផលិតផល​របស់​ខ្មែរ​យើង ហើយ​វា​ត្រូវ​បាន​គេ​ផលិត​ចេញ​ពី​ត្នោត រួច​យក​ទឹក​វា​ទៅ​កូរ​នៅ​ក្នុង​ខ្ទះ​ក្ដៅ​រហូត​ដល់​វា​រឹង​ក្លាយ​ជា​ស្ករ​ត្នោត​ដូច​ដែល​អ្នក​បាន​ឃើញ​ដាក់​លក់​នៅ​លើ​ទីផ្សារ។ អ្វី​ដែល​សំខាន់ ស្ករ​ត្នោត​ត្រូវ​បាន​គេ​រក​ឃើញ​ពី​អត្ថប្រយោជន៍​របស់​វា​នៅ​ពេល​ប្រៀប​ទៅ​នឹង​ស្ករ​ស​ធម្មតា។ តើ​ស្ករ​ត្នោត​មាន​អត្ថប្រយោជន៍​ដូចម្ដេច​ខ្លះ ?

ដោយសារតែ​ស្ករ​ត្នោត​គឺជា​ស្ករ​ធម្មជាតិ វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ខនិជ និង​វីតាមីន​មួយ​ចំនួន។ ប្រៀប​ទៅ​នឹង​ស្ករ​ស ស្ករ​ត្នោត​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ជីវជាតិ​បំប៉ន​ជាច្រើន​យ៉ាង​ដូចជា ប៉ូតាស្យូម វីតាមីន​សេ ម៉ាញេស្យូម ផូស្វ័រ ស័ង្កសី ដែក​និង​ទង់ដែង ហើយ​វា​ក៏​មាន​វីតាមីន​បេ និង​មាន​លក្ខណៈ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ផង​ដែរ។

ទោះជាយ៉ាងណាក៏ដោយ អ្នក​ទទួល​បាន​បរិមាណ​ជីវជាតិ​បំប៉ន​ទាំងនេះ​តិចតួច​ប៉ុណ្ណោះ​ពី​ស្ករ​ត្នោត​នៅ​ពេល​អ្នក​ប្រើប្រាស់​វា​ជា​គ្រឿងផ្សំ​សម្រាប់​ចម្អិន​អាហារ។ តែ​យ៉ាងហោចណាស់​ក៏​វា​មាន​ប្រយោជន៍​ល្អ​ជាង​ស្ករ​ស​ដែល​មិន​មាន​ជីវជាតិ​បំប៉ន​អ្វី​សោះ​នោះ​ដែរ។ បន្ថែម​លើសពីនេះទៅទៀត ស្ករត្នោត​ក៏មាន​កម្រិត​ glycemic indexទាបផងដែរ។ បើ​ស្ករ​ត្នោត​មាន​កម្រិត ​glycemic index​ទាប នោះ​មានន័យ​ថា​វា​ត្រូវការ​រយៈពេល​វែង​ជាង​ដើម្បី​ឲ្យ​គ្លុយកូស​ត្រូវ​បាន​ស្រូប​យក​ចូល​ទៅ​ក្នុង​ឈាម បើ​ប្រៀប​ទៅ​នឹង​ស្ករ​ធម្មតា។

នៅ​ពេល​នោះ​អ្នក​នឹង​ទទួល​បាន​ថាមពល​សម​ល្មម​ជាប់​រហូត​ក្នុង​រយៈពេល​យូរ ជា​ជាង​ទទួល​បាន​ថាមពល​ខ្លាំង​ហើយ​ស្រាប់​តែ​អស់​ថាមពល​យ៉ាង​រហ័ស​មក​វិញ ដែល​នេះ​អាច​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាង​រហ័ស ហើយ​លំពែង​ត្រូវ​បញ្ចេញ​អាំងស៊ុយលីន​ច្រើន៕

ដោយ៖ ស្រីពៅ

X
5s