មូលហេតុ ៣យ៉ាងដែលអ្នកគួរទទួលទានពោតបារាំងជាប្រចាំ​



បើទោះជា​ពោត​បារាំង​មិន​សូវ​ទទួល​បាន​ការ​ពេញ​និយម​ដូចជា​បន្លែ​ដទៃ​ទៀត ក៏​ប៉ុន្តែ​វា​គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​ជា​ប្រភព​នៃ​វីតាមីន​និង​សារធាតុ​ខនិជ​សំខាន់ៗ​ដូចជា វីតាមីន​អា បេ សេ អឺ និង​កា ក៏​ដូចជា​កាល់ស្យូម ដែក ម៉ាញេស្យូម ប៉ូតាស្យូម និង​ស័ង្កសី ហើយ​ក៏​សម្បូរ​ដោយ​ជាតិ​សរសៃ​ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ​របស់​អ្នក​ទៀត​ផង។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំនួន​៣​របស់​ពោត​បារាំង​ដែល​អ្នក​មិន​គួរ​មើល​រំលង៖

១) កាត់បន្ថយ​សម្ពាធ​ឈាម

ពោត​បារាំង​គឺជា​ប្រភព​ដ៏​ល្អ​សម្រាប់​ទទួល​បាន​សារធាតុ​ខនិជ​និង​វីតាមីន ដែល​រួម​បញ្ចូល​ទាំង​ប៉ូតាស្យូម ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​សុខភាព​របស់​មនុស្ស។ ប៉ូតាស្យូម​មាន​សារសំខាន់​ក្នុង​ការ​រក្សា​តុល្យភាព​ជាតិ​ទឹក និង​ជួយ​បន្ធូរ​ស្រាល​សរសៃ​ឈាម ដែល​អាច​កាត់បន្ថយ​សម្ពាធ​ឈាម និង​កាត់បន្ថយ​សម្ពាធ​ដែល​មាន​ចំពោះ​ប្រព័ន្ធ​បេះដូង។ នេះ​មានន័យ​ថា​ឱកាស​នៃ​ការ​ត្បៀត​សរសៃឈាម​និង​ការ​ស្ទះ​សរសៃឈាម​ត្រូវ​បាន​កាត់បន្ថយ​ដោយសារ​ការ​ទទួលទាន​ពោត​បារាំង​ជា​ញឹកញាប់។

២) ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ការ​ចូល​ផ្សំ​គ្នា​រវាង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ ធ្វើឲ្យ​ពោត​បារាំង​មាន​ប្រយោជន៍​សម្រាប់​ប្រយុទ្ធ​ទប់ទល់​ជាមួយ​ពពួក​រ៉ាឌីកាល់​សេរី ហើយ​វត្តមាន​របស់​វីតាមីន​សេ​ដែល​មាន​ខ្ពស់​នៅ​ក្នុង​ពោត​បារាំង​ក៏​បាន​ធ្វើឲ្យ​វា​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ។ វីតាមីន​នេះ​អាច​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​ផលិត​កោសិកា​ឈាម​ស ដែល​អាច​ប្រយុទ្ធ​ជាមួយ​នឹង​ធាតុ​បង្ក​រោគ​ផ្សេងៗ​ដែល​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ទន់ខ្សោយ​បាន។

៣) ធ្វើឲ្យ​ការ​មើល​ឃើញ​បាន​ប្រសើរ​ឡើង

ពោត​បារាំង​សម្បូរ​ដោយ​វីតាមីន​អា និង​ជាពិសេស​គឺ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដូចជា beta-carotene, xanthein និង lutein។ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​គឺជា​សមាសធាតុ​ដ៏​ខ្លាំងក្លា​ដែល​អាច​ប្រយុទ្ធ​ជាមួយ​ពពួក​រ៉ាឌីកាល់​សេរី ដែល​បាន​ទទួលខុសត្រូវ​ចំពោះ​ការ​ចុះ​ខ្សោយ​របស់​កោសិកា ដែល​រួម​ទាំង​ចក្ខុប្រសាទ​របស់​អ្នក។ ទទួលទាន​ពោត​បារាំង​ឲ្យ​បាន​ច្រើន​ជា​ប្រចាំ អាច​ការពារ​ភ្នែក​របស់​អ្នក​ពី​ជំងឺ​ភ្នែក​ឡើង​បាយ​និង​ការ​ចុះ​ខ្សោយ​ទៅ​នៃ​ចក្ខុប្រសាទ​របស់​អ្នក​បាន៕

ដោយ៖ ស្រីពៅ

X
5s