សំនួរ «៣ខ» របស់សូក្រាតសួរទៅកាន់បុរសម្នាក់ឆ្លុះបញ្ចាំងពី «អត្ថន័យនៃចំណេះដឹង»!
កាលថ្ងៃមួយ យូរលង់ណាស់មកហើយ មានបុរសម្នាក់រត់ត្រហេបត្រហបទៅកាន់សូក្រាត ហើយបានសួរសូក្រាតថា៖ សូក្រាត! តើអ្នកដឹងថាខ្ញុំបានឮគេនិយាយអ្វីពីកូនសិស្សរបស់លោកទេ?
សូក្រាត បាននិយាយតបវិញថា ៖ ចាំបន្ដិចសិន! មុននឹងនិយាយខ្ញុំសុំសួរអ្នកបីសំនួរសិន។ មុននឹងអ្នកនិយាយអំពីសិស្សរបស់ខ្ញុំបា្រប់ខ្ញុំនឹងធ្វើតេស្តនូវអ្វីដែលអ្នកនឹងនិយាយសិន។
ទី១៖ ការពិត។ តើអ្នកពិតជាប្រាកដទេថាអ្វីដែលអ្នកនឹងនិយាយប្រាប់ខ្ញុំនោះជាការពិត?។
បុរសម្នាក់នោះតបវិញថា៖ ការពិតទៅ ខ្ញុំដឹងមិនច្បាស់ទេ តែខ្ញុំបានឮអ្នកដទៃនិយាយ។
សូក្រាតបានតបថា៖ មិនអីទេ! ដូចនេះមានន័យថាអ្នកមិនដឹងរឿងនោះថាពិតឬមិនពិតនោះឡើយ។ ឥឡូវនេះចូលដល់សំនួរទី ២៖ រឿងល្អ។ តើអ្វីដែលអ្នកនឹងប្រាប់ខ្ញុំជារឿងល្អឬទេ?
បុរសនោះបានឆ្លើយថា៖ វាមិនមែនជារឿងល្អនោះទេ។
សូក្រាតបានបន្តទៀតថា៖ អ្នកចង់ប្រាប់ខ្ញុំអំពីកូនសិស្សរបស់ខ្ញុំទាំងដែលអ្នកមិនដឹងថាវាជារឿងពិតឬអត់ ល្អឬមិនល្អ។ មិនអីទេ! អ្នកនៅតែមានឱកាសក្នុងការឆ្លើយសំនួរចុងក្រោយ។ តើរឿងដែលអ្នកនឹងប្រាប់ខ្ញុំនោះជារឿងដែលមានប្រយោជន៍ដល់ខ្ញុំឬទេ?
បុរសនោះបានឆ្លើយថា៖ មិនមែនជារឿងមានប្រយោជន៍នោះទេ។ សូក្រាតបានតបវិញថា៖ អ្នកដឹងថារឿងនោះមិនមែនជាការពិត មិនមែនជារឿងល្អ ហើយមិនមែនជារឿងមានប្រយោជន៍ទៀត ហេតុអ្វីអ្នកនៅតែចង់ប្រាប់ខ្ញុំ?
បុរសម្នាក់នេះមានការខ្មាសអៀនហើយអស់ពាក្យនិយាយបន្ត។
សូក្រាត៖ «មនុស្សពូកែនិយាយពីគំនិត មនុស្សធម្មតានិយាយពីព្រឹត្តិការណ៍ ចំណែកមនុស្សចោលម្សៀតនិយាយដើមគេ»។ «ការដឹងគឺជាការដឹងថាអ្នកមិនដឹង នេះជាអត្ថន័យរបស់ចំណេះដឹង»៕
ដោយ៖ លង់ វណ្ណៈ